• 2023-09-06 11:56:29
  • បាល់ទាត់

Offside ក្នុង​បាល់ទាត់ត្រូវបានបង្កើត​នៅ​ពេល​ណា?

  • 2023-09-06 11:56:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ការ​សិក្សា​ណា​មួយ​​ច្បាស់​លាស់​ដែល​អាច​បញ្ជាក់​ថា​បាល់ទាត់​ត្រូវ​បាន​កើត​ឡើង​នៅ​ពេល​ណា​មុន​ដំបូង​គេ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា សារព័ត៌មាន​ធំៗ​មួយ​ចំនួន​ថា​បាន​ប៉ាន់ស្មាន​ថា បាល់ទាត់​សម័យ​ទំនើប​ និង​ច្បាប់​ទម្លាប់​មួយ​ចំនួន​ទាក់ទង​នឹង​បាល់ទាត់​ត្រូវ​បាន​បង្កើត​ឡើង​នៅ​អង់គ្លេស​នា​សតវត្ស​ទី ១៨។

ក្នុង​ន័យ​នេះ​ដែរ នៅ​ពេល​បាល់ទាត់​ចាប់​ផ្ដើម​ទទួល​បាន​ប្រជាប្រិយភាព​នៅ​អង់គ្លេស​នា​ពេល​នោះ ក៏​កកើត​ទៅ​ជា​សហព័ន្ធ​បាល់ទាត់​អង់គ្លេស រួច​សហព័ន្ធ​នេះ​ក៏​បាន​ចេញ​ច្បាប់​ទម្លាប់​មួយ​ចំនួន​ទាក់ទិន​នឹង​បាល់ទាត់។ ច្បាប់​មួយ​ក្នុង​ចំណោម​ច្បាប់​ជា​ច្រើន​ផ្សេង​ទៀត គឺ ច្បាប់​ជំហរ​ក្រៅ​ល្បែង ឬ​ជា​ភាសា​អង់គ្លេស​ថា Offside។

យោង​តាម​សារព័ត៌មាន​អង់គ្លេស The Guardian ច្បាប់ Offside ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៨៦៣។ បើ​តាម​ប្រភព​ដដែល ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​ និង​ការ​លេង​ជា​ក្រុម​នៃ​បាល់ទាត់ ហើយ​កាត់​បន្ថយ​ចំនួន​គ្រាប់​ស៊ុត​បញ្ចូល​ទី​ច្រើន​ពេក។ ទោះ​ជា​យ៉ាង​ណា ច្បាប់ Offside នា​ពេល​នោះ មិន​មាន​សភាព​បេះ​បិទ​ដូច​ច្បាប់ Offside សព្វ​ថ្ងៃ​នេះ​ទេ​។ នា​ពេល​នោះ បើ​សិន​កីឡាករ​ក្រុម​មួយ​កំពុង​ទាត់​បាល់​ ហើយ​មាន​កីឡាករ​មក​ពី​ក្រុម​ដដែល​ឈរ​ជិត​បង្គោល​ទី​របស់​ក្រុម​គូ​ប្រកួត នោះ​គឺ​ Offside ហើយ។

ច្បាប់​ Offside ក៏​ត្រូវ​បាន​កែ​ប្រែ​ជា​បន្ត​បន្ទាប់​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល។ ទើប​តែ​ឆ្នាំ ២០០៥ ប៉ុណ្ណោះ ដែល​មាន​ការ​កែ​ប្រែ​ច្បាប់​ Offside នៅ​បាល់ទាត់​អឺរ៉ុប​ដែល​មាន​ទម្រង់​រហូត​ដល់​ពេល​បច្ចុប្បន្ន។ ច្បាប់ Offside ដែល​កែ​ពី​ឆ្នាំ ២០០៥ មក គឺ​អាច​និយាយ​យ៉ាង​សង្ខេប​ចំណុច​សំខាន់​ដូច​ត​ទៅ។

ឧទាហរណ៍​ថា ​កីឡាករ​មួយ​រូប​ក្នុង​ក្រុម​មួយ​កំពុង​ទាត់​បាល់ ហើយ​កីឡាករ​មួយ​រូប​ទៀត​ក្នុង​ក្រុម​ដដែល​ចាំ​ទទួល​បាល់។ បើ​សិន​ជា​ការ​ចាំ​ទទួល​បាល់​នោះ​នៅ​ពី​ក្រោយ​ខ្លួន​កីឡាករ​ក្រុម​គូ​ប្រកួត​ទោះ​ក្នុង​ទម្រង់​ណា គឺ​ Offside។ តែ​បើ​សិន​ជា​ការ​ចាំ​ទទួល​បាល់​នោះ​នៅ​ពី​មុខ​ខ្លួន​កីឡាករ​ក្រុម​គូ​ប្រកួត​ទោះ​ក្នុង​ទម្រង់​ណា គឺ​ មិន​ Offside ឡើយ។

ជាទូទៅ បើ​ទោះ​ជា​មាន​ច្បាប់ Offside ក៏​ដោយ ការ​អនុវត្ត​ច្បាប់ និង​សម្រេច​ថា Offside ឬ មិន​ Offside អាស្រ័យ​លើ​អាជ្ញាកណ្ដាល​ដោយ​មាន​ការ​ជួយ​ពី​អាជ្ញាកណ្ដាល​ជំនួយ។ ជា​រឿយៗ​ តែង​មាន​ការ​កាត់​សេចក្ដី​ខុស​ពី​អាជ្ញាកណ្ដាល​លើ​រឿង ​Offside ឬ​មិន Offside នេះ ហើយ​បាន​ប៉ះពាល់​លទ្ធផល​ប្រកួត​សំខាន់​ៗ​មួយ​ចំនួន។

យ៉ាង​ដូច្នេះ​ហើយ កត្តា​នេះ​អាច​ជា​កត្តា​មួយ​ក្នុង​ចំណោម​កត្តា​ច្រើន​ទៀត​ដែល​ជំរុញ​ឲ្យ​មាន​ការ​បង្កើត​ឡើង​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល​ (VAR) ហើយ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នៅ​លីគ​កំពូល​អង់គ្លេស​ ក៏​ដូច​ជា​លីគ​ធំៗ​មួយ​ចំនួន​ទៀត​នៅ​អឺរ៉ុប​នៅ​រដូវ​កាល ២០១៩/២០២០។ ទោះ​ជា​មាន VAR ក៏​ដោយ​ បញ្ហា​សម្រេច​ថា Offside ឬ​មិន Offside នៅ​តែ​មាន​បញ្ហា៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់