• 2023-05-29 12:08:08
  • បាល់ទាត់

នាយក Bayern ត្រូវ​បាន​បញ្ចប់​ពី​តំណែង មួយ​ថ្ងៃ​មុន​ក្លឹប​ឈ្នះ​លីគ​កំពូល​អាល្លឺម៉ង់

  • 2023-05-29 12:08:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Oliver Kahn នាយក​ប្រតិបត្តិ​នៃ​ក្លឹប Bayern Munich ត្រូវ​បាន​បញ្ចប់​ពី​តំណែង​។ អនុ​ប្រធាន​ក្លឹប​លោក Jan-Christian Dreesen ត្រូវ​បាន​តែង​តាំង​ឡើង​ទៅ​កាន់​តំណែង​កំពូល​ប្រតិបត្តិ​នេះ​វិញ។

លោក Kahn កាន់តំណែង CEO នេះ តាំង​ពីឆ្នាំ ២០២០ មក។

លោក Kahn ត្រូវ​បាន​ក្រុមប្រឹក្សាភិបាល​ក្លឹប Bayern សម្រេច​បញ្ចប់​ពី​មុខ​តំណែង កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពោល​គឺ​មុន​មួយ​ថ្ងៃ​ ដែល​ក្លឹប​យក្ស​អាល្លឺម៉ង់​មួយ​នេះ​លើក​ពាន​លីគ​កំពូល​ Bundesliga។ បើ​តាម Kahn លោក​មិន​ត្រូវ​បាន​ក្លឹប​អនុញ្ញាត​ឲ្យ​ចូល​រួម​មើល​ Bayern លេង​ប្រកួត​ចុង​ក្រោយ​ ហើយ​ឈ្នះ​ពាន​នោះ​ឡើយ។

ក្លឹប ក៏​បាន​បញ្ឈប់​ការងារ​ផង​ដែរ ប្រធាន​នាយកដ្ឋាន​ទទួល​បន្ទុក​កីឡា លោក Hasan Salihamidzic។ លោក​បានកាន់តំណែងនេះតាំងពីឆ្នាំ ២០១៧ មក។ បច្ចុប្បន្ន​ក្លឹប​កំពុង​សម្លឹង​មក​រក​អ្នក​មក​ជំនួស​តំណែង​នេះ។

Bayern មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​សេចក្ដី​សម្រេច​នូវ​ការ​បញ្ចប់​ការងារ​ថ្នាក់​ដឹកនាំ​កំពូល​ៗ​របស់​ក្លឹប​ទាំង​ពីរ​រូប​នេះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា បើ​តាម​ការ​វិភាគ​របស់​សារព័ត៌មាន​ AS បាន​គូស​បញ្ជាក់​ថា ក្រុមប្រឹក្សាភិបាល​មិនសប្បាយ​ចិត្តនឹង​ការ​ដឹកនាំ​ការងារ​របស់ លោក Kahn និង លោក Salihamidzic ​លើបញ្ហាធំៗមួយចំនួន​ដូច​ជា ការ​ធ្លាក់​ទម្រង់​លេង​របស់​ក្រុម ក៏​ដូច​ជា​ការ​ទិញ​លក់​កីឡាករ​មិន​សូវ​ល្អ ហើយ​ការ​បញ្ចប់​តំណែង​ដ៏​តក់ក្រហល់​គ្រូ​បង្វឹក Julian Nagelsmann ហើយ​ជំនួស​មក​វិញ​ដោយ Thomas Tuchel ជា​ដើម។

Bayern ហាក់​ធ្លាក់​ទម្រង់​លេង​ក្នុង​រដូវ​កាល​នេះ។ ក្លឹប​បាន​ធ្លាក់​ចេញ​ពី​កម្មវិធី​ធំៗ​ដូច​ជា​ UCL តាំង​ពី​លោក Tuchel មក​ដឹកនាំ​កាល​ពី​ចុង​ខែ​មីនា។ បើ​ទោះ​បាន​ឈ្នះ​លីគ​កំពូល​អាល្លឺម៉ង់​ក្នុង​រដូវ​កាល​នេះ​ក្ដី ការ​ឈ្នះ​នេះ​គឺ​ទាំង​លំបាក​លំបិន ពោលគឺ​ដោយ​សារ​តែ Dortmund មិន​អាច​យក​ឈ្នះ Mainz នៅប្រកួតចុងក្រោយប៉ុណ្ណោះ មិនមែន​មកពី Bayern លេងល្អអស្ចារ្យនោះឡើយ។

ទោះ​ជា​យ៉ាង​ណា ការ​ឈ្នះ​លីគ​ឆ្នាំ​នេះ មាន​ន័យ​ថា Bayern ឈ្នះ​ពាន​ Bundesliga ១១ ឆ្នាំ​ជាប់ៗ​គ្នា ដែល​ជា​កំណត់​ត្រា​ដ៏​កម្រ​ក្នុង​លីគ​កំពូល​ទាំង ៥​នៅ​អឺរ៉ុប៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី