• 2016-08-16 21:45:51
  • បាល់ទាត់

ទៀត គីមហេង ​មិន​ចោល​ជម្រើស​ជាតិ ទោះ​គ្រួសារ​មាន​បញ្ហា​ជាមួយ​សហព័ន្ធបាល់ទាត់​

  • 2016-08-16 21:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៀត គីមហេង ​កីឡាករ​ក្រុម​ជម្រើស​ជាតិ​ក្រោម​អាយុ​១៦​ឆ្នាំ​កម្ពុជា បាន​និយាយ​ថា​ខ្លួន​មិន​បោះបង់​កីឡា​បាល់ទាត់​ចោល​ទេ បើ​ទោះ​បី​ជា​គ្រួសារ​មាន​ការ​យល់​ច្រឡំ​បន្តិចបន្តួច​ជាមួយ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ក៏​ដោយ។

 

 

​លោក ទៀត ចំរើន ​ឪពុក​របស់ ទៀត គីមហេង ​មាន​ការ​យល់​ច្រឡំ​ជាមួយ​លោក សៅ សុខា ​ប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​អំឡុង​ពេល​ពិធី​ជប់លៀង​ញ៉ាំ​អាហារ​ជុំ​គ្នា​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ ខណៈ​ដែល​ព្រឹកមិញ​នេះ ភាគី​ទាំង​សងខាង​បាន​សម្រុះសម្រួល​យល់​ពី​គ្នា​វិញ​អស់​ហើយ។

 

ចំពោះ​រឿង​នេះ​ដែរ ខ្សែ​បម្រើ U16 ​កម្ពុជា​ខាង​លើ​បាន​បញ្ជាក់​បើ​ទោះ​បី​ជា​មាន​ការ​យល់​ច្រឡំ​នេះ​មែន ប៉ុន្តែ​ខ្លួន​មិន​ចោល​ការ​លេង​បាល់​ទាត់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នោះ​ទេ។ គោល​បំណង​ធំ​របស់ ទៀត គីមហេង គឺ​ចង់​លេង​ឱ្យ​ជម្រើស​ជាតិ និង​ក្លាយ​ជា​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​មួយ​រូប។

 

 

ដូច​គ្នា​នេះ​ដែរ លោក ទៀត ចំរើន ​បាន​និយាយ​ដែរ​ថា​លោក​មិន​បង្ខំ​កូន​ប្រុស​របស់​ខ្លួន​ឡើយ រូបគេ​ជា​អ្នក​ចង់​ចូល​រួម​ជាមួយ​ជម្រើស​ជាតិ និង​ជ្រើសរើស​ការ​លេង​បាល់ទាត់​នេះ។ ចំណែក​ឯ​រឿង កូន​ប្រុស​ចង់​ឈប់​លេង​បាល់ ឬ​មិន​ឈប់​នោះ គឺ​អាស្រ័យ​ទៅ​លើ​រូបគេ​ផ្ទាល់ លោក​មិន​បង្ខំ​នោះ​ទេ។

 

ទៀត គីមហេង ​ជា​ខ្សែ​បម្រើ​ល្អ​មួយ​រូប​ដែល​បាន​ជួយ​ក្រុម​កម្ពុជា​បង្កើត​ប្រវត្តិសាស្ត្រ​ឆ្លង​ផុត​វគ្គ​ចែក​ពូល​ពាន​រង្វាន់ AFF U16 Championship ​បាន ខណៈ​ដែល​បច្ចុប្បន្ន​នេះ រូបគេ​ក៏​ជាប់​ឈ្មោះ​ជម្រុះ​បេក្ខភាព​ចូល​លេង​ឱ្យ U19 ​កម្ពុជា​ផង​ដែរ បើ​ទោះ​បី​ជា​បច្ចុប្បន្ន​មាន​អាយុ​១៦​ឆ្នាំ​ក៏​ដោយ៕

 

អត្ថបទ៖ មុន្នី រម្យ

មតិយោបល់
អត្ថបទថ្មី