• 2015-09-15 20:52:19
  • បាល់ទាត់

អ្នក​រក​គ្រាប់​បាល់​​ឲ្យU-16 កម្ពុជា​​ឈ្នះ​​ហ្វីលីពីន១-០​ គឹមហេង ​ចង់​ក្លាយ​ជា​កំពូល​ខ្សែការពារ

  • 2015-09-15 20:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៀត គឹម​ហេង ជា​កីឡាករ​​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម ១៦​ឆ្នាំ​ (U-16)​ ដែល​​រក​គ្រាប់​បាល់​បាន​ ១​គ្រាប់​​គត់​​កំឡុង​ពេល​​យក​​ឈ្នះ​ហ្វីលីពីន​១-០​​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​ការ​ប្រកួត​ពាន​​រង្វាន់ 2015 AFF U-16 Championship ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​​​ចង់​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​កំពូល​​ការពារ​​​មួយ​រូប​​​ប្រចាំ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

 

កីឡាករ ទៀត គឹម​ហេង (ពាក់លេខ​៦)

 

​​​យុវជន​ខ្សែ​បម្រើ​ប្រយុទ្ធ​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ ទៀត គឹមហេង បាន​ឲ្យ​ដឹង​ថា ទោះ​​ជា​​បច្ចុប្បន្ន​​​រូប​គេ​កំពុង​លេង​​​តួនាទី​​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​​​នៅ​ក្រុម​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​ក៏​ដោយ​​ ប៉ុន្តែ​​សម្រាប់​នា​ពេល​អនាគត ​​រូប​គេ​​​​​ចង់​ក្លាយ​​ជា​​កំពូល​ខ្សែ​ការពារ​​ស្លាប​​ស្ដាំ​​វិញ។ គឹមហេង​និយាយ​ថា ៖«ខ្ញុំ​ចង់​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ឲ្យ​លេច​ធ្លោ​ និង​ល្បីល្បាញផ្នែក​ខាង​បាល់ទាត់​នៅ​តំបន់​អាស៊ី។ ខ្ញុំ​នឹង​ខិត​ខំ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​ខ្សែ​ការពារ​ស្លាប​ដ៏​ល្បី​ល្បាញ​ម្នាក់​នា​ពេល​​អនាគត ព្រោះ​ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា អាច​​ធ្វើ​បាន»។

 

កីឡាករ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ស្ទើរ​គ្រប់​ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៦​ឆ្នាំ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ពាន​រង្វាន់​យុវជន​អាស៊ាន​ឆ្នាំ​២០១៥ AFF U-16 Championship ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​នា​ពេល​កន្លង​មក​ និង​ចូល​រួម​ប្រកួត​ជម្រុះ​ជើង​ឯកយុវជន​​ទ្វីប​អាស៊ី​នៅ​ប្រទេស​សិង្ហបុរី។

 

បើ​និយាយ​ពី​កំណើត​លេង​បាល់ទាត់​វិញ ទៀត​ គឹម​​ហេង បាន​​ចាប់​ផ្ដើម​លេង​បាល់​​​ដំបូង​តាំង​ពី​អាយុ ១០​ឆ្នាំ​ នៅ​​ក្លិប​អង្គការ​ ម្លប់តាប៉ាង នៅ​ខេត្ត​ព្រះសីហនុ។ ក្នុង​ឆ្នាំ​ ២០១០​នោះ​ រូប​គេ​​លេង​ក្នុង​តំណែង​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​រហូត​​រហូត​​ដល់​បច្ចុប្បន្ន។ ​រូប​គេ​​បាន​​ចំណាយ​ពេល​​ពីរ​លើក​ក្នុង​​ការ​ចូល​ធ្វើតេស្ត​ដើម្បី​បាន​ជាប់​​​ជា​សមាជិក​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ U-១៣ ​គឺ​ឆ្នាំ ២០១២ លើក​ទី​​​១​​ធ្វើតេស្ត​នៅ​ទីលាន​បាល់ទាត់​ចែងម៉ែង (កំបូល) ​និង​លើក​ទី២ ធ្វើតេស្ត​នៅ​ទីលាន​បាល់ទាត់​បាទី​​ខេត្ត​តាកែវ​ក្នុង​ឆ្នាំ​២០១៣។

 

​កីឡាករ​រូប​នេះ​​ប្រាប់​ទៀត​ថា មុន​ពេល​បាន​ធ្វើតេស្ត​ចូល​ជម្រើស​​ជាតិ រូប​​គេ​បាន​ប្រកួត​​ពាន​រង្វាន់ U-13 ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ​ដែល​លេង​ឲ្យ​ក្រុម​ជម្រើស​របស់​​ខេត្ត​ព្រះសីហនុ។ ​ក្នុង​ពេល​ធ្វើតេស្ត​ជាប់​នោះ​ ​​លោក​គ្រូ​​២​នាក់​​​ជា​អ្នក​បង្វឹក​​​ផ្នែក​បច្ចេកទេស​គឺ​លោក ជា សុធី និង​លោក ​នេត ស៊ីនាន។ ​គឹម​ហេង​បាន​ចំណាយ​ពេល២​ឆ្នាំ​ក្នុង​ការ​សិក្សា​ពី​បាល់​ទាត់​មុន​ពេល​បាន​ជាប់​ជា​ជម្រើស​ជាតិ​​កម្ពុជា​អាយុ​ក្រោម១៦​ឆ្នាំ​​​ក្នុង​ឆ្នាំ​ ២០១៤។  ចំណែក​ឪ​ពុក​ម្ដាយ​របស់​ គឹម​ហេង មិន​បាន​ហាមឃាត់​​​រូប​គេ​​ចំពោះ​ការ​លេង​បាល់​នេះ​ឡើយ ថែម​ទាំង​ជំរុញ​ឲ្យ​​ប្រឹងប្រែង​ហ្វឹកហាត់​ ឲ្យ​បាន​ល្អ​ទៀត​ផង។

​​

 កីឡាករ ទៀត គឹម​ហេង

  អ្នក​រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​​ឲ្យ​ក្រុម​ជម្រើស​ជាតិ​រូប​នេះ​បាន​ប្រាប់​ថា ​ក្នុង​ឆ្នាំ​ ២០១២ ប្អូន​​រៀន​​នៅ​សាលា​បឋម​សិក្សា ​​​ហ៊ុន សែន​ ខេត្ត​ព្រះសីហនុ​​ក្នុង​ថ្នាក់​ទី ៦ ​​បន្ទាប់​មក​ឡើង​ដល់​ថ្នាក់​ទី៧​សិក្សា​នៅ​អនុវិទ្យាល័យ សម្ដេចឪ ខេត្ត​ព្រះសីហនុ​។ ​បច្ចុប្បន្ន​រូប​គេ​កំពុង​សិក្សា​ថ្នាក់​ទី៩​នៅ​វិទ្យាល័យ​សុខ​អាន​​ទន្លេបាទី​ខេត្ត​តាកែវ ដែល​ត្រៀម​ចូល​​ថ្នាក់​ទី១០​ពេល​​ចូល​ឆ្នាំ​សិក្សា​ថ្មី​​ខាង​មុខ។ មុន​​ពេល​ជាប់​ជម្រើស​​ជាតិ​​U-16 ​ក្នុង​ឆ្នាំ​២០១៤​ ​រូប​​​​គេ​រៀន​នៅ​អនុវិទ្យាល័យ​សម្ដេច​ឪ​​​ខេត្ត​ព្រះសីហនុ​​ថ្នាក់​ទី៨។

 

​យុវជន​អាយុ១៥ ឆ្នាំ​រូប​នេះ​​មាន​ឪ​ពុក​ឈ្មោះ ​ទៀត ចំរើន ម្ដាយ​ឈ្មោះ​ ព្រាម​ សុផៃ ហើយ​រូប​គេ​ជា​កូន​ទី​​៣​​ក្នុង​ចំណោម​បង​ប្អូន៤​នាក់​​ដែល​មាន​បង​ស្រី​ទី​១ ឈ្មោះ​ទៀត​ សៀក​ដាលីន បង​ស្រី​ទី​២ ឈ្មោះ​ទៀត សៀក​ហង និង​ប្អូនប្រុស​ឈ្មោះ​ ទៀត សេង​លាប។ ​​ឪ​ពុក​​របស់​ គឹម​ហេង​ ជា​មន្ត្រី​រាជការ ​ម្ដាយ​លក់​ដូរ​នៅ​ផ្ទះ​។ ចំណែក​ជីវភាព​​គ្រូ​សារ​របស់​គេ​វិញ​មាន​កម្រិត​បង្គួរ​។

 

​​​ទោះ​បី​ជា​ពេល​នេះ​​រូប​គេ​កំពុង​លេង​នៅ​តំណែង​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ ប៉ុន្តែ​​សម្រាប់​នា​ពេល​អនាគត​កីឡាករ​វ័យ​ក្មេង​រូប​នេះ​​​ចង់​ក្លាយ​ជា​កំពូល​ខ្សែ​ការពារ​​ស្លាប​​ស្ដាំ​មួយ​រួប​ ​ដែល​អាច​ជួយ​ប្រទេស​កម្ពុជា​ឲ្យ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​ខាង​ផ្នែក​បាល់ទាត់​នៅ​តំបន់​អាស៊ី ពី​ព្រោះ​តំណែង​ខ្សែ​ការពារ​ស្លាប​ស្ដាំ​​រូប​គេ​មាន​ជំនឿ​ចិត្ត​​​​ខ្ពស់៕

 

  កីឡាករ​ ទៀត គឹមហេង​(កណ្ដាល)​

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

​​​​​​​​​​

មតិយោបល់
អត្ថបទថ្មី