• 2020-11-10 03:51:31
  • បាល់ទះ

ជិន សារ៉ាត ពីកីឡាករបាល់ទះស៊ីលុយ រហូតក្លាយជាកីឡាករអាជីពរបស់ស្នងការ

  • 2020-11-10 03:51:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើមឡើយយុវជន ជិន សារ៉ាត មានដើមកំណើតនៅស្រុកព្រៃឈរ ខេត្​កំពង់ចាម ត្រឹមតែជាអ្នកលេងបាល់ទះ ស៊ីលុយតាមភូមិប៉ុណ្ណោះ ប៉ុន្តបច្ចុប្បន្ន​គេជាកីឡាករបាល់ទះអាជីពមួយរូប របស់ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណែងលីប៊៍ររ៉ូ (Libero) ឬយើងនិយាយភាសាសាមញ្ញថាអ្នកសូវ៉េជើងក្រោម។

ជិន សារ៉ាត ទទួលពានលេខ១ពានរង្វាន់មហាជន

ក្នុងឆ្នាំ២០០៧ យុវជន ជិន សារ៉ាត បានចូលប្រកួតបាល់ទះឱ្យក្រុមបាល់ទះវិទ្យាល័យស្រេងគីម ក្នុងពានរង្វាន់បាល់ទះថ្នាក់ខេត្ត ដោយទទួលបានចំណាត់ថ្នាក់លេង​២ ក្រោយចាញ់ក្រោមថ្វីដៃក្រុមបាល់ទះ វិទ្យាល័យព្រះសីហនុក្រុងកំពង់​ចាម បីសិតទល់នឹងសូន្យ។ កាលនោះគេលេងក្នុងតំណេងជាអ្នក​ប៉ះ​សេ​។

ឆ្នាំក្រោយៗមកក្នុងនាមជាសិស្សថ្នាក់ទី១១ និង ១២ គេក៏បានលេងឱ្យ​វិទ្យាល័យ​ស្រេងគីមបន្តទៀត ប៉ុន្តែត្រូវធ្លាក់វគ្គជម្រុះតាមស្រុក។

ក្រោយពីចប់ថ្នាក់ទី១២ អំឡុងឆ្នាំ២០០៩ គេបានមកធ្វើនៅការនៅទីក្រុងភ្នំពេញ ហើយក៏ចាប់ផ្ដើមដើរលេងបាល់ស៊ីលុយ និងលេងញឹកញយនៅតារាងបាល់ទះមួយម្ដុំអតីតរង្វង់មូលកាំកូស៊ីធី។ ពេលនោះហើយយុវជនត្រូវបានលោកគ្រូបង្ហាត់បាល់ទះអាជីព សោម ណារិទ្ធ បងប្រុសបង្កើតលោកគ្រូ សោម ចំណាប់ មើលឃើញពីទេពកោសល្យ និងផ្ដល់ឱកាសឱ្យគេ មកហាត់សាកល្បង នៅក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប់ជាកីឡាករអាជីពពេញសិទ្ធិនៅឆ្នាំ២០១៩។

ចំពោះមូលហេតុបានចូលហ្វឹកហាត់នៅក្លឹប ស្នងការដ្ឋានរាជធានីភ្នំពេញ កីឡាករជំនាញ់ជើងក្រោមរូបនេះ បានបញ្ជាក់ថា ៖«(ខ្ញុំ)ចូលក្លឹបអាជីព ដោយសារតែលោកគ្រូរិទ្ធ គាត់ស្គាល់ខ្ញុំតាមរយៈ ខ្ញុំលេងនៅតារាងគាត់ រហូតឃើញការចាប់សេវ៉ា ឬការការពាររបស់ខ្ញុំ មានការល្អអ៊ីចឹង គាត់ក៏យកខ្ញុំមកចូលក្លឹបនៅស្នងការហ្នឹង»។

សារ៉ាត លេខ១ អាវក្រហម ខោខ្មៅ

បើទោះមានកម្ពស់ទាបប៉ុន្តែ ជិន សារ៉ាត អាចចាប់សេវ៉ាបានល្អ មានភាពរហ័សរហួន និងយកចិត្តទុកដាក់ក្នុងការសារ៉េជើងក្រោម។ ហេតុនេះហើយ ទើបគេត្រូវបានលោកគ្រូ សោម ណារិទ្ធ ជ្រើសមកចូលរួមក្រុមតែម្ដង។

ក្នុងឆ្នាំ២០២០នេះ គេបានជួយអោយក្លឹបបាល់ទះ​ ស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្នះជើងឯកពានរង្វាន់មហាជន ក្រោយយកឈ្នះក្រុមបាល់ទះវិទ្យាល័យជាស៊ីមសាមម្គី កាលពីពេលកន្លងទៅ។

ជិន សារ៉ាត មានកម្ពស់ ១,៦៦ម៉ែត្រ អាយុ៣៣ឆ្នាំ មានបងប្អូន៦នាក់ ប្រុសទាំងអស់ គេជាកូនទី៤។ ឪពុកឈ្មោះ ជិន សិដ្ឋ ធ្វើការក្រុមហ៊ុនឯកជន ម្ដាយឈ្មោះ គឹម សុខា ជាស្ត្រីមេផ្ទះ។ សារ៉ាត បានរៀបការជាមួយភរិយាឈ្មោះ មឿន ស្រីអូន នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៨ ប៉ុន្តែមិនទាន់មានបុត្រ ឡើយ៕

សារ៉ាត លេខ១ អាវក្រហម ខោខ្មៅ

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី