• 2018-07-14 06:45:00
  • បាល់ទាត់

កំពង់​ត្រឡាច សង្ឃឹម​លើក​ពាន Acleda cup ឆ្នាំ​នេះ​ក្រោយ​លត់ ព្រែកព្នៅ ៩-០

  • 2018-07-14 06:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សៅ វង្ស​ប្រាសាទ អ្នក​ចាត់​ការ​ក្រុម​សាខា​​កំពង់​ត្រឡាច​ ​មាន​ក្ដី​រំពឹង​យ៉ាង​ខ្លាំង​ក្នុង​ការ​គ្រង​ជើង​ឯក​ពាន​ Acleda Cup 2018 ក្រោយ​ក្រុម​របស់​​ខ្លួន​យក​ឈ្នះ សាខា​ព្រែកព្នៅ ៩-០ មុន​នេះ​​នៅ​ទីលាន​វេស្ទើន​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣​វគ្គ​សន្សំ​ពិន្ទុ​ពូល​ C។

លោក សៅ វង្ស​ប្រាសាទ

​អ្នក​ចាត់​ការ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ក្រុម​របស់​លោក​ឆ្នាំ​នេះ​មាន​កម្រិត​នៃ​ការ​លេង​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ ដោយ​សារ​កីឡាករ​ទាំង​អស់​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​រៀង​រាល់​ល្ងាច​។ ​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​តែ​ការិយាល័យ​កណ្ដាល D ប៉ុណ្ណោះ ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​ជា​ក្រុម​ខ្លាំង​ ដែល​ជា​ដៃ​គូ​ត្រូវ​ប្រកួត​ប្រជែង។

​លោក​បញ្ជាក់​ថា ទោះ​ជា​យ៉ាង​ណា​ក៏​​ក្រុម​របស់​លោក​មិន​ខ្លាច​ក្រុម​ណា​ៗ​​ដែរ ពី​ព្រោះ​ឆ្នាំ​នេះ​កំពង់ត្រឡាច​​ប្ដេជ្ញា​លើក​ពាន​នេះ​ឲ្យ​បាន។ ពីរ​ឆ្នាំ​មក​ហើយ​ ដែល​ក្រុម​នេះ​​បាន​ត្រឹម​ខក​ចិត្ត​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ពោល​គឺ​ជើង​ឯក​រង​ពីរ​ឆ្នាំ​ជាប់​ៗគ្នា​។

​៩​គ្រាប់​របស់​ក្រុម ​កំពង់​ត្រឡាច​មាន សូយ ដារិទ្ធ ១ គ្រាប់ ជូន សុមាន ២ គ្រាប់ សេង ប៊ុនណា ១ គ្រាប់ និង ស៊ុន ចាន់​វិបុល ៥ គ្រាប់។ ក្រុម​នេះ​ឈ្នះ ៣ បី​លើក​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​បី​លើក​កន្លង​​មក។ ចំណែក​គូ​លេង​​នៅ​ទីលាន​នេះ​ដែរ​ ដែល​មក​ពី​ពូល D គឺ​ សាខា​ចោម​ចៅ​ ស្មើ​ក្រុម សាខា​វិមាន​ចតុមុខ ១-១ ដែល​មួយ​គ្រាប់​របស់​ចោម​ចៅ​រក​បាន​ដោយ ផាន់ គីណា សាខា​នេះ​ឈ្នះ ១ ស្មើ ១ និង​ចាញ់ ១ ក្នុង​ការ​ប្រកួត​បី​លើក​កន្លង​មក​ ។ ស្រប​ពេល​​មួយ​គ្រាប់​របស់​សាខា​វិមាន​ចតុមុខ រក​បាន​ដោយ​កីឡាករ ថាវី សំណាង ហើយ ៣ ​ប្រកួត​របស់​ក្រុម​នេះ​ឈ្នះ ២ ​ស្មើ​១​។

ក្រុម​កំពង់​ត្រឡាច

​ទន្ទឹម​គ្នា​នោះ​​នៅ​ទីលាន ស្កាយ​សមុទ្រ​ឯ​នោះ​វិញ​ ក៏​មាន​ការ​ប្រកួត​ចំនួន ២ គូ​ផង​ដែរ ដោយ​​គូ​ទី​១​គឺ​ ក្រុម​សាខា​ស្ទឹង​មាន​ជ័យ​លត់​ក្រុម ​ស្រុក​ឧត្ដុង្គ​ ១០ ទល់ ៣ ដែល ១០ គ្រាប់​របស់​ស្ទឹង​មាន​ជ័យ​រក​បាន​ដោយ​កីឡាករ ភឿក សំបូរ ៧ គ្រាប់ ញឹម សុនី ១ គ្រាប់​ និង ម៉ុក ណា​ទ្រី ២ គ្រាប់​ ក្រុម​នេះ ៣ ប្រកួត​ឈ្នះ​ទាំង ៣ ។ ស្រប​ពេល ៣ គ្រាប់​របស់ ស្រុកឧត្ដុង្គ​ រក​​បាន​ដោយ​ ឌុល ពន្លឺ ២ គ្រាប់ និង ធឿន វីរៈ ១ គ្រាប់​ ក្រុម​នេះ​ ៣​ ប្រកួត​ចាញ់​ទាំង ៣។

គូ​ទី​២​នៅ​ទីលាន​ស្កាយ​សមុទ្រ​គឺ​ក្រុម ពាមរ​ក៏ ចាញ់​ស្រុក​បាទី ៣-១ ដោយ​ ១ គ្រាប់​របស់​ ពាម​រក៏​ រក​បាន​ដោយ​កីឡាករ ផៃ សុភាព​ បី​ប្រកួត​របស់​ ពាម​រក៏​ ចាញ់​ទាំង ៣ ខណៈ ៣ គ្រាប់​របស់​ក្រុម​​ស្រុក​​បាទី​រក​បាន​ដោយ​កីឡាករ ណៃ សំណាង ១ គ្រាប់ ណុន សុទ្រី ១ គ្រាប់ និង​ ប៉ែន លីកា ១​គ្រាប់​ ៣​ ប្រកួត​របស់​​បាទី​ឈ្នះ ២​ ​ចាញ់​១៕ ​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់