• 2017-02-24 00:00:00
  • ប្រដាល់

Luke​ Bar​ ខ្លាំង​អ្វី​ខ្លះ​បាន​ជា​ត្រូវ​ជ្រើស​ចូល​វគ្គ​ផ្ដាច់​ព្រ័ត្រ​ខ្សែ​ក្រវាត់​មាស

  • 2017-02-24 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luke​ Bar​ ជា​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​កីឡាករ​ជំនួស Kurtis​ Staiti​ របស់​អូស្ត្រាលី​ដែល​រង​របួស​មិន​អាច​ចូល​រួប​ប្រកួត​វគ្គ​ចុង​ក្រោយ​នៃ​កម្មវិធី​ដណ្ដើម​ខ្សែ​ក្រវាត់​មាស​ នៅ​ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ចុង​សប្ដាហ៍​នេះ។​

កីឡាករ Luke​ Bar(Facbook Max Muay Thai)

បើ​តាម​ការ​ផ្សព្វផ្សាយ​លើ​គេហទំព័រ​របស់​ maxmuaythai.com​ បាន​ឲ្យ​ដឹង​ថា​ ដោយ​កីឡាករ​ជើង​ខ្លាំង​របស់​ប្រទេស​អូស្ត្រាលី​ ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់​នៅ​វគ្គ​ទី​៣​ រូប​នេះ​មាន​របួស​មិន​អាច​ចូលរួម​ប្រកួតបាន​ ទើប​ខាង​អ្នក​រៀបចំ​ការ​ប្រកួត​សម្រេច​ដាក់​បេក្ខជន​ថ្មី​មក​ជំនួស​វិញ។​

Luke​ Bar​ ជា​កីឡាករ​មក​ពី​ប្រទេស​វេល​ ជើង​ខ្លាំង​រូប​នេះ​ជាបេក្ខជន​ម្នាក់​ដែល​ចាញ់នៅ​វគ្គ​ទី៤​ នៃ​ប្រកួត​ជ្រើសរើស​ម្ចាស់​ខ្សែ​ក្រវាត់​ប្រាក់​ក្នុង​កម្មវិធី​ Max Muay Thai World Champions ២០១៦​ កាល​ពី​ថ្ងៃ​ទី៨​ ខែ​មករា​ ឆ្នាំ​ ២០១៧​ មក​ម្ល៉េះ។​ អ្នក​លេង​កណ្ដាប់​ដៃ​រូប​នេះ​ កាល​ប្រកួត​ជម្រុះ​គេ​ផ្ដួល​កីឡាករ​ថៃ​ឲ្យ​សន្លប់​នៅ​ទឹក​ទី៣​ ប៉ុន្តែ​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ថ្ងៃ​ដដែល​នោះ​ គេ​ចាញ់​ជើង​ខ្លាំង​ Fabrice Delannon​ ពិន្ទុ​ទៅ​វិញ។​

កីឡាករ Luke​ Bar ខៀវ (Facbook Max Muay Thai)

បើ​មើល​ពី​ការ​ប្រកួត​នា​ពេល​កន្លង​មក​របស់​ Luke​ Bar​ កីឡាករ​ម្នាក់​ពូកែ​ប្រើ​កណ្ដាប់​ដៃ​ គេ​ចូល​វ៉ៃ​ខាវ​ឆ្វេង​ស្ដាំ​ ហើយ​ចុង​ក្រោយ​វ៉ៃ​សើយ​ឡើង​លើ​ បើ​និយាយ​ពី​ក្បាច់​ប្រើ​កែង​វិញ​ក៏​មិន​ធម្មតា​នោះ​ដែរ។​ អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ប្រទេស​វេល​រូប​នេះ​ ចេះ​វ៉ៃកែងបាន​រហ័ស​​ណាស់ ក្នុងពេលប្រកួត​ជម្រុះ​ជា​មួយ​ថៃ​គេ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ម្ចាស់​ផ្ទះ​ បែក​ចិញ្ចើម​ទៀត​ផង​ ហើយបើដៃ​គូ​របស់​ខ្លួន​ឈរ​មិន​សូវ​ចាប់​អារម្មណ៍​ គេ​ឆ្លៀត​ប្រើ​កែង​បុក​ទៀត​ផង។​ តែ​អ្នក​ប្រដាល់​ម្នាក់​នេះក៏​មាន​ចំណុច​ខ្សោយ​ដែរ​ គឺ​ចំណុច​ខាង​ក្រោម​ ជើង​របស់​គេមិន​សូវ​ជា​រឹងមាំ​ប៉ុន្មាន​ទេ​ កាល​ពី​ប្រកួត​ជម្រុះ​ពេល​កន្លង​ទៅ​គេ​ធ្លាប់​ឈឺ​ជើង​ ស្ទើរ​បោះបង់​ការ​ប្រកួត​ពេល​ប៉ះ​កីឡាករ​ថៃ​ តែ​ដោយ​សារ​ការ​ខំប្រឹង​ និង​តស៊ូ​ប្រកួត​ទល់​ចប់ហើយឈ្នះទៀតផង។​

បេក្ខភាពទាំង៤ (Facbook Max Muay Thai)

Luke​ Bar​ បច្ចុប្បន្ន​កំពុង​ហ្វឹកហាត់​នៅ​ក្លឹប​ប្រដាល់​ Kaewphit Muay Thail​ នៅ​ខេត្តភូកេត ប្រទេស​ថៃ។​ នៅ​ថ្ងៃ​ទី២៥​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៧​ ខាង​មុខ​នេះ​គេ​ត្រូវ​ថ្លឹង​ទម្ងន់​ និង​ចាប់​ឆ្នោត​ជ្រើសរើស​ត្រូវ​ជួប​ប្រកួត​ជា​មួយ​កីឡាករ​រូប​ណា។​ បេក្ខជន​ដែល​ត្រូវ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ខ្សែ​ក្រវាត់​មាស​ Max Muay Thai World Champions 2016​ រួម​មាន​ កីឡាករ​ មឿន​ សុខហ៊ុច​(កម្ពុជា)​ Guillaume(បារាំង)​ Fabrice Delannon(ហ្គាណា​)​ និង​ Luke Bar(វេល)៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់