• 2014-10-24 17:40:29
  • ប្រដាល់

រសៀល​នេះ​ បឹង​កេត​ ជួប​ ការពារ​ជាតិ​ ​ស្អែក​​ភ្នំពេញ​ក្រោន​ ប៉ះ​ ត្រាយ​អាស៊ី

  • 2014-10-24 17:40:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់​ទាត់​ចម្ការ​កៅស៊ូ​បឹង​កេត​ នឹង​ត្រូវ​សាក​ជើង​ជាមួយ​ម្ចាស់​ផ្ទះ​ក្រសួង​ការពារ​ជាតិ​នៅ​រសៀល​ម៉ោង​២​ថ្ងៃ​នេះ​ នៅ​កីឡដ្ឋាន​កងយោធពលខេមរភូមិន្ទ (ស្តាត​ចាស់)​ ដែល​នេះ​ជា​ការ​ប្រកួត​មិត្តភាព​កម្ដៅ​សាច់​ដុំ​ និង​ស្វែងរក​ចំណុច​ខ្វះ​ខាត​របស់​ក្រុម​មុន​ពេល​ដែល​ពាន​រង្វាន់​សម្ដេច​ ហ៊ុន​ សែន​ និង​លីក​ MCL 2015​ ចូល​មក​ដល់។

 

ប្រកួត​មិត្តភាព​​ពីរ​ប្រកួត​កន្លង​មក​​ បឹង​កេត​ ធ្វើ​មិន​បាន​ល្អ​នោះ​ទេ​ ស្មើ​១ និង​ចាញ់​១​ បន្ទាប់​ពី​ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹក​ថ្មី ពីព្រោះ​តែ​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយ​ចំនួន​ដែល​ជាប់​កាតព្វកិច្ច​ជួយ​ជម្រើស​ជាតិ​ក្នុង​វគ្គ​ជម្រុះ​ AFF Suzuki Cup​ ប៉ុន្តែ​នៅ​សប្ដាហ៍​នេះ​ បឹង​កេត​ ជុំ​ជើង​គ្នា​វិញ​អស់​ហើយ​ ដូច្នេះ​អ្វីៗ​អាច​នឹង​ប្រែ​ប្រួល។

 

 

ក្រុម​ក្រសួង​ការពារ​ជាតិ​ វិញ​ក៏​កំពុង​ញាប់​ដៃ​ញាប់​ជើង​ដែរ​ សម្រាប់​រដូវ​កាល​ខាង​មុខ​នេះ​ ដោយ​បច្ចុប្បន្ន​ក្លិប​ដែល​ធ្លាប់​តែ​ប្រើ​កីឡាករ​ក្នុង​ស្រុក​មួយ​នេះ​ កំពុង​ធ្វើ​តេស្ត​សមត្ថភាព​កីឡាករ​បរទេស​មួយ​ចំនួន​​ដើម្បី​ជួយ​ក្រុម​នា​ពេល​ខាង​មុខ។

 

 

សម្រាប់​ថ្ងៃ​សៅរ៍​ ទី​២៥​ ខែ​តុលា​ ស្អែក​នេះ​វិញ​ ភ្នំពេញ​ក្រោន​ នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ ស្វាគមន៍​ក្រុម​ ដែល​ដឹកនាំ​ដោយ​ជន​ជាតិ​ជប៉ុន​ ត្រាយ​អាស៊ី។ ភ្នំពេញ​ក្រោន​ ក៏​ធ្វើ​មិន​បាន​ល្អ​ប៉ុន្មាន​ដែរ​នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​កន្លង​មក​ ដោយសារ​តែ​អវត្តមាន​កីឡាករ​នាំ​លេង​របស់​ខ្លួន​ដូច​ បឹង​កេត​ ដែរ។ កីឡាករ​សំខាន់ៗ​របស់​ខ្លួន​នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​នេះ​ ដើម្បី​សម​ជើង​​ជុំ​គ្នា​ត្រៀម​ខ្លួន​ចូល​រួម​យុទ្ធនាការ​ Toyota Mekong Club Championship នៅ​ប្រទេស​វៀតណាម​​នៅ​សប្ដាហ៍​ក្រោយ។

 

 

ងាក​ទៅ​មើល​ ត្រាយ​អាស៊ី​ វិញ​ ហាក់​មាន​សភាព​ស្ងប់​ស្ងាត់​បន្តិច​ ប៉ុន្តែ​ក្រុម​មួយ​នេះ​បាន​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ហ្វឹក​ហាត់​ជា​ប្រចាំ​ ហើយ​ខ្សែ​ប្រយុទ្ធ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​៤​គ្រាប់​ឲ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​វគ្គ​ជម្រុះ​ AFF Suzuki Cup សុខ​ ចាន់​រស្មី​ ទំនង​អាច​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​ការ​ប្រកួត​ស្អែក​នេះ។

 

 

ចុង​សប្ដាហ៍​នេះ​ក្រុម​នីមួយៗ​សុទ្ធ​តែ​មាន​កីឡាករ​គ្រប់​ជើង​ទាំង​អស់​ ដូច្នេះ​ចាំ​មើល​ថា​តើ​លទ្ធផល​ចាញ់​‑ឈ្នះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ទៀត?

 

អត្ថបទ៖ អៀង សូទ្រី

មតិយោបល់