- 2014-09-18 14:41:21
- បាល់ទាត់
ភ្នំពេញក្រោនបើកទ្វារទទួលស្វាគមន៍ណាហ្គាខបរសៀលថ្ងៃសៅរ៍នេះ
- 2014-09-18 14:41:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្នំពេញក្រោនបើកទ្វារទទួលស្វាគមន៍ណាហ្គាខបរសៀលថ្ងៃសៅរ៍នេះ
ចន្លោះមិនឃើញ
រសៀលថ្ងៃសៅរ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះ ក្រុមម្ចាស់ជើងឯកលីកកំពូលកម្ពុជា ភ្នំពេញក្រោន នឹងបើកកីឡដ្ឋាន RSN Stadium របស់ខ្លួនស្វាគមន៍ក្រុម ណាហ្គាខប នៅវេលាម៉ោង ៣រសៀលតទៅមុនឈប់សម្រាករដូវកាលភ្ជុំបិណ្ឌ។
ក្នុងការប្រកួតនេះភ្នំពេញក្រោនអាចនឹងមានការលំបាកបន្តិច ពីព្រោះតែអវត្តមានកីឡាករសំខាន់ៗចំនួន៨រូបដែលកំពុងជាប់កាតព្វកិច្ចជួយក្រុមជម្រើសជាតិត្រៀមយុទ្ធនាការវគ្គជម្រុះ AFF Suzuki Cup 2014។ កីឡាករទាំង៨រូបនោះរួមមាន គួច សុកុម្ភៈ ងយ ស្រីន, សុះ ស៊ូហាណា, កុក បូរីស, អ៊ុក សុទ្ធី, ស៊ូ យ៉ាទី, ហុង ផេង និង ប៊ីន ធារី។
អវត្តមានកីឡាករសំខាន់ៗទាំងនេះ អាចនឹងជះឥទ្ធិពលខ្លាំងដល់ក្រុមជើងឯកលីក MCL 2014 នេះ ពីព្រោះអ្នកទាំងនោះអាចមកជួយក្រុមវិញក្នុងរយៈពេលត្រឹមតែ១០ ទៅ១១ថ្ងៃប៉ុណ្ណោះ មុនការចូលរួមប្រកួតក្នុងយុទ្ធនាការ Toyota Mekong Club Championship នៅប្រទេសវៀតណាម ហើយត្រូវប៉ះក្រុមជើងឯកលីកម្ចាស់ផ្ទះទៀតផង។
ឈុតភ្នំពេញក្រោនកាល MLC កន្លងទៅ
កាលពីពីរសប្ដាហ៍មុនភ្នំពេញក្រោនបានយកឈ្នះលើក្រុម Albirex Niigata PP ក្នុងលទ្ធផល ២‑១ ប៉ុន្តែត្រូវបាន Albirex យកឈ្នះវិញកាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះ។ ក្នុងការប្រកួតនោះភ្នំពេញក្រោនបានប្រើទាំងកីឡាករថ្មីៗ និងមានឈុតយុវជនមួយចំនួន ហើយកីឡាករទាំងនោះនឹងត្រូវបង្ហាញវត្តមានដដែលក្នុងការសាកជើងជាមួយ ណាហ្គាខប លើកនេះ។
លោក Andy Brouwer មន្ត្រីព័ត៌មានរបស់ក្លិបបានឲ្យដឹងថា លោកគ្រូបង្វឹកជនជាតិស្វីស Sam នឹងបន្តប្រើធនធានកីឡាករដែលមានបច្ចុប្បន្ន រួមទាំងកីឡាករបរទេសមួយចំនួនដែលកំពុងធ្វើតេស្តសមត្ថភាព។
ដោយឡែក ក្រុមណាហ្គាខប ឯណោះវិញមានកីឡាករតែមួយរូបប៉ុណ្ណោះដែលជាប់កាតព្វកិច្ចជួយជម្រើសជាតិគឺកីឡាករ ស៊ុន សុវណ្ណរិទ្ធី។ ប្រធានក្រុមណាហ្គាខប ទៀប វឌ្ឍនៈ បានឲ្យដឹងថា កីឡាករគ្រប់រូបនឹងមានវត្តមានទាំងអស់សម្រាប់ការប្រកួតមិត្តភាពជាមួយភ្នំពេញក្រោននេះ ហើយក្នុងនោះក៏មានកីឡាករថ្មីមួយចំនួនដែលកំពុងធ្វើតេស្តសមត្ថភាពដូចជា ប្រធានក្រុមគីរីវង់សុខសែនជ័យ ញឹម សុវណ្ណរ៉ា និងកីឡាកររបស់អាស៊ីអឺរ៉ុបបីនាក់ទៀត។
ប្រកួតមិត្តភាពជាមួយក្រុម Albirex កាលពីថ្ងៃសុក្រ សប្ដាហ៍មុន ណាហ្គាខប បានយកឈ្នះក្នុងលទ្ធផល ១‑០។ យ៉ាងណាក្ដី ក្រុមលេខបីលីក MCL 2014 នេះនឹងអវត្តមានលោកគ្រូបង្គោលប្រាក់ សុវណ្ណារ៉ា និងលោកគ្រូជំនួយ មាស ចាន់ណា ហើយកាតព្វកិច្ចដឹកនាំកូនក្រុមនឹងធ្លាក់ទៅលើលោកគ្រូ លឹម នួន ជាអ្នករ៉ាប់រង។
មិនដឹងថា ណាហ្គាខប ដែលមានវត្តមានកីឡាករទាំងអស់នោះអាចបង្កព្យុះភ្លៀងដាក់ភ្នំពេញក្រោនបានដែរឬទេ?
អត្ថបទ៖ អៀង សូទ្រី