• 2023-01-18 11:35:08
  • ព័ត៌មាន

មហាសេដ្ឋី​អង់គ្លេស​ដាក់​ពាក្យ​ទិញ​ក្លឹប Man Utd ជា​ផ្លូវ​ការ​

  • 2023-01-18 11:35:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាសេដ្ឋី​លុយ​ប៊ីលាន​ជនជាតិ​អង់គ្លេស Sir Jim Ratcliffe បាន​ដាក់​ពាក្យ​ទិញ​ក្លឹប​បិសាច​ក្រហម​ Manchester United ជា​ផ្លូវការ​ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន​ផលិតផល​គីមីឥន្ធនៈ Ineos ដែល​ជា​ក្រុមហ៊ុន​របស់​លោក។

ក្លឹប Manchester United ត្រូវ​បាន​ដាក់​លក់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០២២ ក្រោយ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គ្រួសារ​ជនជាតិ​អាមេរិក​ត្រកូល Glazer អស់​រយៈពេល ១៧ឆ្នាំ។ បើ​តាម​ព័ត៌មាន​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា គ្រួសារ​នេះ​ចង់​លក់​ក្នុង​តម្លៃ​ប្រមាណ ៥ប៊ីលាន​ដុល្លារ​អាមេរិក។

កន្លង​មក​មាន​ភាគី​ជា​ច្រើន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការ​ទិញ​ក្លឹប Man Utd ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មាន​តែ​លោក Ratcliffe ទេ ដែល​បាន​ដាក់​ពាក្យ​ជា​ផ្លូវការ។ យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ច្បាស់​ថា លោក​ដេញ​ថ្លៃ​ទិញ​ក្លឹប​បិសាច​ក្រហម​ក្នុង​តម្លៃ​ប៉ុន្មាន​នោះ​ទេ។

លោក Ratcliffe ជា​អ្នក​គាំទ្រ​ Man Utd តាំង​ពី​តូច​។ លោក​ស្ថិត​ក្នុង​ចំណោម​អ្នក​មាន​ជាង​គេ​នៅ​ប្រទេស​អង់គ្លេស។ បន្ថែម​ពី​នេះ ទៅ​ទៀត ក្រុមហ៊ុន Ineos របស់​លោក​ក៏​បាន​កាន់កាប់​ក្លឹប​លីគ​បារាំង Nice ផង​ដែរ។

កាល​ពី​ពេល​កន្លង​ទៅ​ លោក​ក៏​ដេញ​ថ្លៃ​ទិញ​ក្លឹប Chelsea ដែរ ដោយ​កាល​នោះ​លោក​ដេញ​ក្នុង​តម្លៃ​ប្រមាណ ៥ប៊ីលាន​ដុល្លារ​អាមេរិក តែ​ការ​ដេញ​ថ្លៃ​របស់​លោក​យឺត​ជាង​គេ​បន្តិច៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់