• 2023-01-02 11:39:49
  • ព័ត៌មាន

គ្រូ Al-Nassr កំប្លែង​លេង​ថា លោក​ចង់​បាន Messi មុន​នឹង​យក​ Ronaldo

  • 2023-01-02 11:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rudi Garcia គ្រូ​បង្គោល​ក្លឹប​អារ៉ាប៊ីសាអ៊ូឌីត Al-Nassr បាន​កំប្លែង​លេង​នៅ​ក្នុង​សន្និសីទ​កាសែត​នៃ​ការ​ចុះ​កុងត្រា​ជាមួយ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo ថា លោក​ចង់​ចុះ​កុងត្រា​យក​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន Lionel Messi ភ្លាម​ៗ ក្រោយ​អាហ្សង់ទីន​ឈ្នះ​ពាន​ World Cup នៅ​ប្រទេស​កាតា។

ក្រោយ​ពេល​ដែល​អ្នក​កាសែត​សួរ​សំណួរ​ពាក់ព័ន្ធ​នឹង​ការ​ចុះ​កុងត្រា​យក​ Ronaldo បុរស​ជនជាតិ​បារាំង​រូប​នេះ​បាន​លើកឡើង​ថា៖ «ដំបូង​ខ្ញុំ​ព្យាយាម​យក​ Messi ពី​ទីក្រុង​ដូហា​តែ​ម្ដង»។ និយាយ​បាន​មួយ​ឃ្លា លោក​ក៏​ផ្ទុះ​សំណើច​នៅ​ក្នុង​វេទិកា​តែ​ម្ដង។

លោក Garcia បាន​ទម្លាយ​ថា លោក​ជា​អ្នក​គាំទ្រ​មួយ​រូប​របស់​ Messi។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Marca។ ទោះ​ជា​បែប​នេះ​ក្ដី​ លោក​ក៏​ធ្លាប់​និយាយ​ប្រាប់​សារព័ត៌មាន AS ថា លោក​នឹង​សប្បាយ​ចិត្ត​ក្នុង​ការ​បង្វឹក​កីឡាករ​ល្អៗ​ដូច​ជា Ronaldo។

គ្រូ​បង្វឹក​ជនជាតិ​បារាំង​រូប​នេះ​ទើប​តែ​មក​ដល់ Al-Nassr កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន​នេះ​ទេ។ លោក​ធ្លាប់​មាន​ប្រវត្តិ​ដឹកនាំ​ក្លឹប​អ៊ីតាលី Roma និង​ក្លឹប​បារាំង Marseille និង Lyon។ លោក​អះអាង​ថា លោក​ក៏​ប៊ិះ​ទៅ​ដឹកនាំ​ក្លឹប Manchester United ផង​ដែរ មុន​ពេល​ដែល​បិសាច​ក្រហម​រើស​យក​លោក Ralf Ragnick កាល​ពី​ឆ្នាំ២០២១៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់