• 2022-11-22 04:58:14
  • ព័ត៌មាន

សម្ដេច​តេជោ ហ៊ុន សែន ​សាទរ​ចំពោះ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ ​រៀប​ចំ​បាន​ល្អ​

  • 2022-11-22 04:58:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សម្តេច​អគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​សាទរ​ចំពោះ​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​៣ ដែល​បាន​បើក​ជា​ផ្លូវការ​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​នៅ​កីឡដ្ឋាន​មរតក​តេជោ។

​ក្នុង​ឱកាស​ចូល​រួម​ពិធី​ខាង​លើ ​សម្ដេច​តេជោ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា​៖ ក្នុង​២០២៣​ខាងមុខ​នេះ ​ដោយ​ទទួល​បាននូវការគាំទ្រប្រតិភូកីឡាអាស៊ីអាគ្នេយ៍ កម្ពុជា​នឹងធ្វើជាម្ចាស់​ផ្ទះការប្រកួត​កីឡា​ស៊ីហ្គេម ​និងអាស៊ានប៉ារ៉ាហ្គេម។ ​ឆ្លៀតក្នុងឱកាស​ ខ្ញុំថ្លែងការកោតសរសើរចំពោះក្រសួងអប់រំ យុវជន​ និងកីឡា ​និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រម​ទាំងស្ថាប័នពាក់ព័ន្ធ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិការ​ល្អ ​និង​ការរួមសាមគ្គីគ្នា​រៀបចំព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិលើក​ទី​៣ និង​កីឡាជន​ពិការ​ជាតិ​លើក​ទី១ នេះ ដែលជាការប្រកួតចាប់ផ្ដើមពីថ្ងៃទី១៩ និងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​ នេះ។

ការ​ប្រកួត​កីឡា​ជាតិ​នេះ​ មិន​ត្រឹម​តែជា​ព្រឹត្តិការណ៍​កីឡាជាតិ​មួយយ៉ាង​សំខាន់​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែជា​ការ​បន្ត​កសាង ​សមត្ថភាព ​ទេព្យកោសល្យ ​និងជំនាញវិជ្ជាជីវៈរបស់កីឡាករ-កីឡា​ការិនីកម្ពុជា ដើម្បីត្រៀមខ្លួនជាស្រេច សម្រាប់ការប្រកួតស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ​២០២៣ ​ខាងមុខនេះ​។ វិស័យកីឡា ​បានដើរតួនាទីសំខាន់ក្នុងការកសាងទំនាក់ទំនង​ ការ​ពង្រឹង​សាមគ្គីភាព ​និងមិត្តភាព​ ដែលរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការ​សម្រេច​បាន​នូវសុខ​ដុមនីយកម្ម​នៅក្នុងសង្គមជាតិ។

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ មានប្រភេទកីឡាចំនួន ៣៨ និងកីឡា ជាតិ ប៉ារ៉ាហ្គេម មានចំនួន ៧ប្រភេទ ដែលសរុបមាន៤០៥វិញ្ញាសា។ ការប្រកួតតាមប្រភេទកីឡា និងវិញ្ញាសសានឹងធ្វើឡើងនៅរាជធានីភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប៕

ប្រភពរូបភាព៖ AKP

មតិយោបល់