• 2022-10-14 11:56:55
  • ព័ត៌មាន

Neymar នឹង​ឡើង​តុលាការ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​រឿង​ពុក​រលួយ

  • 2022-10-14 11:56:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​កីឡាករ Neymar នឹង​ប្រឈម​មុខ​ដើម​បណ្ដឹង​រឿង​ក្ដី​ពុករលួយ និង​ក្លែងបន្លំ​កុងត្រា នៅ​តុលាការ​ទីក្រុង​បាសេឡូណា។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Eurosport

បណ្ដឹង​នេះ​ត្រូវ​បាន​ប្ដឹង​ដោយ​ក្រុមហ៊ុន​វិនិយោគ​ប្រេស៊ីល DIS ពាក់ព័ន្ធ​នឹង​រឿង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ នៅ​ពេល​ដែល​ Neymar ផ្លាស់​ពី​ក្លឹប​ប្រេស៊ីល Santos ទៅ​កាន់​ក្លឹប Barcelona កាល​ពី​ឆ្នាំ​២០១៣។ ក្រុមហ៊ុន DIS នេះ​គ្រប់គ្រង​សិទ្ធិ​របស់ Neymar ចំនួន ៤០% ពេល​ដែល​កីឡាករ​រូប​នេះ​លេង​នៅ​ប្រេស៊ីល ដោយ ៤០% មាន​តម្លៃ​ប្រមាណ ២លាន​អឺរ៉ូ។

Neymar បាន​ផ្លាស់​ទៅ​ Barcelona កាល​ពី​ឆ្នាំ២០១៣ ក្នុង​តម្លៃ​៥៧,១លានអឺរ៉ូ ដោយ​ក្នុង​នោះ​ដែរ គ្រួសារ​ Neymar ទទួល​បាន​រហូត​ដល់​ទៅ ៤០លាន​អឺរ៉ូ ចំណែក​ឯ​ក្រុមហ៊ុន DIS ទទួល​បាន ៤០% នៃ​ ១៧លាន​អឺរ៉ូ។

ក្រុមហ៊ុន​នេះ​អះអាង​ថា កុងត្រា​ដែល​ខ្លួន​មាន​ជាមួយ​ Neymar នៅ​កាល​នោះ​បាន​ចែង​ថា Neymar ត្រូវ​តែ​លក់​ទៅ​ឱ្យ​ក្លឹប​ ដែល​ហ៊ាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់​បំផុត។ មេធាវី​របស់​ក្រុមហ៊ុន​នេះ​យល់​ឃើញ​ថា Neymar អាច​នឹង​លក់​បាន​ច្រើន​ជាង​នេះ ដោយ​អះអាង​ថា​មាន​ក្លឹប​មួយ​ចំនួន​ហ៊ាន​ឱ្យ​ថ្លៃ​ដល់ ៦០លាន​អឺរ៉ូ។

សារព័ត៌មាន​ខាង​លើ​បាន​ចុះ​ផ្សាយ​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ទៅ​ការពារ​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ តែ​គេ​មិន​ច្បាស់​ថា​កីឡាករ​រូប​នេះ​នឹង​បន្ត​នៅ​ស្ដាប់​ការ​ជជែក​វែកញែក​ក្ដីក្ដាំ​នៅ​ពេញ​មួយ​សប្ដាហ៍​ ឬ យ៉ាងណា​នោះ​ទេ។

ក្រុមហ៊ុន DIS បាន​ប្ដឹង​ទាមទារ​សំណង​ប្រមាណ ១៥០លាន​អឺរ៉ូ ហើយ​ចង់​ឱ្យ​អតីត​ប្រធាន​ក្លឹប​ Santos និង​ក្លឹប​ Barcelona ជាប់​ពន្ធនាគារ ៥ឆ្នាំ៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់