• 2022-09-21 02:45:57
  • បាល់ទះ

ក្រោយ​ចែក​ផ្លូវ​ជាមួយ​សមាគមន៍បាល់ទះ​វិសាខា ភុំ ចាន់តុលា ចូលរួមក្លឹប​ធំ​មួយ​នេះ

  • 2022-09-21 02:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប៉ះសេ ភុំ ចាន់​តុលា បាន​ទៅ​ចួល​រួម​ហ្វឹកហាត់​នៅ​ក្លឹប​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​ចែក​ផ្លូវ​ជាមួយ​សមាគមន៍​បាល់ទះ​វិសាខា​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្ដដា ឆ្នាំ​២០២២​កន្លង​ទៅ។

អតីត​យុវជន​​របស់​សមាគមន៍​ខាង​លើ បាន​ចូល​ហាត់​នៅ​ក្លឹប​រដ្ឋបាល​បាន​រយៈ​ពេល​ចំនួន​មួយ​ខែ​ហើយ ខណៈ​រូប​គេ​ថា​មិន​ទាន់​យល់​ចិត្ត​ជាមួយ​មិត្ត​រួម​ក្រុម​នៅ​ឡើយ​ទេ។

អ្នកប៉ះសេមកពីខេត្តព្រៃវែង បានបង្ហើបថា ៖«សម្រាប់​ការ​ហ្វឹកហាត់​វា​​មិន​មាន​បញ្ហា​អ្វីទេ ព្រោះ​យើង​ធ្លាប់​ហាត់​ពីមុន​មក ធ្លាប់​ហាត់​ជាមួយ​គ្រូ គ្រាន់​ថា​យើង​ទើប​មកអ៊ីចឹង​អត់​ទាន់​ស៊ី​ចង្វាក់​គ្នា​ទេ ​ប្រៀប​ទៅ​ដូច​ថ្មី​ដូច​គ្នា​ យើង​មិន​ធ្លាប់​នៅ​ដូច​គ្នា​មុន មិន​ដូច​កាល​ខ្ញុំ​នៅ​ជាមួយ​ក្លឹប​ចាស់​អី​ទៅ​ យើង​នៅ​ជាមួយ​គ្នា​យូរ​ យើង​ដឹង​ចិត្ត​ដឹង​អី​គ្នា តែ​នេះ​យើង​មក​ថ្មី»។

ជាមួយ​នឹង​ក្លឹប​ថ្មី​នេះយុវជន​វ័យ​២២​ឆ្នាំថ​ានឹង​ខំប្រឹងប្រែង​ហ្វឹកហាត់​សម្រួច​សមត្ថភាព​របស់​ខ្លួន​ឱ្យ​កាន់​តែ​ល្អ​ ដើម្បី​ជួយ​ក្លឹប​ក្នុង​ការ​ប្រកួត​នានា​។

គួរ​បញ្ជាក់​ថា​ អតីតសិស្សបញ្ចប់ថ្នាក់ទី១២ នៃវិទ្យាល័យឥន្ទ្រៈទេវី បាន​រួម​រស់​ជាមួយ​ក្លឹប​បាល់ទះ​វិសាខា​ចាប់​តាំង​ពី​ឆ្នាំ​២០១៦​​ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែ​កក្ដដា ឆ្នាំ​២០២២​។ ក្រោយ​ពី​បាន​ចែក​ផ្លូវ​ជាមួយ​ក្លឹប​ធំ​មួយ​នេះ ភុំ ចាន់​តុលា បាន​បង្ហាញ​ការ​ដឹង​គុណ​ចំពោះថ្នាក់​ដឹកនាំ​​ក្លឹប​ គ្រូ​បង្វឹក ក្រុម​កីឡាករ​ដែល​បាន​ផ្ដល់​ឱកាស​ និង​បណ្ដុះបណ្ដាល​​ដល់​រូប​គេ​អស់​រយៈពេល​ជា​ច្រើន​​ឆ្នាំ​មក​​។

ភុំ ចាន់​តុលា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ខ្លួន​ថា​ ៖«ខ្ញុំ​បាទ​សូម​អរគុណ​ដល់​ ឯកឧត្តម​ ស​ សុខា​ លោក​ជំទាវ​ កែ​ សួនសុភី​ ព្រមទាំងគណៈគ្រប់គ្រងក្លឹប​ មន្ត្រី​និងគ្រូបង្វឹក​ទាំងអស់​ ខ្ញុំ​មានតែពាក្យថាអរគុណ​សម្រាប់​ការ​មេីលថែ​ និង​ផ្គត់ផ្គង់​យ៉ាងល្អក្នុងរយៈពេល៦ឆ្នាំដែល​ខ្ញុំ​បានស្នាក់នៅទីនេះ ខ្ញុំ​សូមជូនពរ​មេទាំងពីរព្រមទាំងគ្រួសារ​ គណៈគ្រប់គ្រងក្លឹប​មន្ត្រី​និង​គ្រូបង្វឹក​ ​មានសុខភាពល្អ​ សំណាងល្អ​គ្រប់​ទី​កន្លែង​ ព្រមទាំង​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​»។

ក្រៅ​ពី​ចាន់​តុលា នៅ​មាន​កីឡាករ​បី​រូប​ទៀត ត្រូវ​បាន​សមាគមន៍​បាល់ទះ​វិសាខា​ធ្វើ​ការ​ចែក​ផ្លូវ​ដូច​គ្នា ដើម្បី​រៀប​ចំ​ធ្វើ​កំណែ​ទម្រង់​ថ្មី​រួម​មាន​កីឡាករ មី សុផណ្ណា បច្ចុប្បន្ន​គេ​កំពុង​បម្រើ​ការ​​ងារ​រដ្ឋ​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​ស្វាយ​រៀង កីឡាករ​ តៅ តាន និង​ រស់ ពិសិដ្ឋ ដែល​បច្ចុប្បន្ន​អ្នក​ទាំង​ពីរ​បាន​នឹង​កំពុង​បម្រើ​ការ​ងារ​ដ៏សមស្រប​មួយ​នៅរាជធានី​​ភ្នំពេញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់