• 2022-09-20 03:46:39
  • បាល់ទះ

គ្រូគុយបា២រូបចុះកុងត្រាផ្លូវការជាមួយក្រុមបាល់ទះកម្ពុជាទាំងក្នុងសាលនិងឆ្នេរខ្សាច់រហូតដល់ចប់ស៊ីហ្គេម២០២៣

  • 2022-09-20 03:46:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសម្រេចចិត្តចុះកិច្ចសន្យាផ្លូវការជាមួយគ្រូបង្វឹកបាល់ទះជនជាតិគុយបា ទាំង២រូបជាផ្លូវការ ក្រោយពិនិត្យមើលឃើញពីបច្ចេកទេស និងការបង្ហាត់ដល់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទាំងក្នុងសាលនិងបាល់ទះឆ្នេរខ្សាច់ អស់មួយរយៈរួចមក។

ការចុះកិច្ចសន្យានេះធ្វើឡើងនារសៀលថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងវិមាណពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ ជាមួយគ្នានេះដែរក៏មានការចូលរួមជាសាក្សីពីពីសំណាក់មន្រ្តីរបស់សហព័ន្ធ ក្រុមគ្រូបង្វឹក និងកីឡាករជម្រើសជាតិកម្ពុជា មួយចំនួន ជាពិសេសមានការចូលរួមរបស់លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសកម្ពុជាផងដែរ។

លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas ដែលជាអ្នកគ្រប់គ្រងរបស់គ្រូបង្វឹកទាំង២ សុទ្ធតែតាំងចិត្តនឹងចូលរួមជាធ្លុងមួយជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ដើម្បីប្រជែងយកជ័យជម្នះក្នុងប្រកួតលើឆាកអន្តរជាតិនានា ជាពិសេសគឺដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។ ភាគីគុយបា បានថ្លែងអំណរគុណដល់ថ្នាល់ដឹកនាំសហព័ន្ធដែលបានជួយសម្របសម្រួលការរស់នៅ និងការធ្វើការរបស់ខ្លួននៅលើទឹកដីកម្ពុជា ជាពិសេសតាមរយៈការប្រឹងប្រែងលើឆាកអន្តរជាតិរបស់ឯកឧត្តម ជា ពៅ អគ្គលេខាធិការរងសហព័ន្ធ។

ជាមួយគ្នានេះដែរលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយបន្ថែមក្បាលម៉ាស៊ីន ក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា ថា៖«តាមរយៈការជួយជ្រោមជ្រែងពីសំណាក់ លោកជំទាវឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ពេលនេះយើងបានសម្រេចចុះកិច្ចសន្យាជាមួយនឹងលោក លោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បុរស ហើយលោក Berto Friol Barrios ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស»។

«ក្រោយយើងធ្វើតេស្តសាកល្បង ពិនិត្យលើការផ្តល់តិចនិច និងទស្សនវិស័យមួយចំនួនស្របតាមអ្វីដែលឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ និងឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធ ចង្អុលបង្ហាញ។ ក្នុងន័យតែមួយគត់ គឺយើងចង់បានមេដាយមាស ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។ ប៉ុន្តែអ្វីៗការប្រកួតលើទីលានវាមិនស្រួលយើងនិយាយនោះទេ តើជាក់ស្តែងយើងធ្វើបានកម្រិតណា? ហើយខ្ញុំជឿជាក់ថាការបន្ថែមគ្រូបង្វឹកទាំង២នាក់នេះមកជួយយើងឱ្យមានសង្ឃឹមកាន់តែធំក្នុងការប្រជែងយកមេដាយមាស»។ លោកអគ្គលេខាធិការបន្ថែម។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ
លោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បុរស
លោក Berto Friol Barrios ជាគ្រូជំនួយក្រុមបាល់ទះក្នុងសាលបុរស

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ សង្កត់ធ្ងន់ថា៖«ខ្លឹមសារនៃកិច្ចសន្យាបើកទូលាយដែរ ដោយយើងទទួលគាត់ជាគ្រូបង្វឹកទាំងបាល់ទះឆ្នេរខ្សាច់ក្តី បាល់ទះក្នុងសាលក្តី រយៈពេល១ឆ្នាំ បើងាកមើលទៅក្រោយស៊ីហ្គេមឆ្នាំ២០២៣ ចប់រយៈ៣ខែទើបផុតកិច្ចសន្យា។ តែក្នុងនោះយើងចង់បន្តកិច្ចសន្យា ត្រូវជូនដំណឹងគ្នារយៈពេល៣ខែមុន ប៉ុន្តែបន្តឬមិនបន្តគឺអាស្រ័យលើគុណផលដែលគាត់មកបង្វឹកក្រុមកីឡាកររបស់យើង ឈានទៅមុខដល់កម្រិតណា។ បើសិនសំទុះខ្ពស់ ចាំបាច់ត្រូវតែបន្ត ដើម្បីពង្រឹងឱ្យវិស័យបាល់ទះយើងកាន់តែរីកចម្រើនទៅមុខ»។

ថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា ខាងលើបន្តថា៖«បច្ចុប្បន្ននេះ ទេពកោសល្យរបស់កីឡាករយើងមានហើយ ប៉ុន្តែយើងត្រូវបន្ថែមលើបច្ចេកទេស និងរបៀបមួយចំនួន ពេលខ្លះអ្វីដែលគ្រូចិន (Li Jun) ជាគ្រូធំមាន ខាងគ្រូខ្មែរ ឬគ្រូគុយបា អត់មាន ហើយរឿងខ្លះអ្វីដែលគ្រូគុយបា មានគ្រូចិន ឬគ្រូខ្មែរអត់មាន ហើយអ្វីដែលគ្រូទាំង២អត់មាន តែគ្រូខ្មែរមាន។ ដូច្នេះហើយយើងជឿជាក់ថាសមត្ថភាពគ្រូទាំង៣ដាក់បញ្ជូលគ្នា យើងជឿជាក់ថាចន្លោះប្រហោងរបស់កីឡាករយើង មើលឃើញកាន់តែតូចៗទៅហើយ ព្រោះថាចំណុចខ្វះខាតបានបំពាក់បំប៉នបន្ថែម។ អីចឹងរយៈពេល៨ ឬ ៩ខែចុងក្រោយនេះ ខ្ញុំជឿជាក់ថាលោកគ្រូៗអាចពង្រឹកគុណផលកីឡាករបានដូចអ្វីដែលថ្នាក់ដឹកនាំសហព័ន្ធយើងចង់បាន»។

លោក Li Jun

ក្រៅពីនាំយកគ្រូបង្វឹកមកពីប្រទេសគុយបា សហព័ន្ធកីឡាបាល់ទះកម្ពុជា កំពុងតែទាក់ទង តាមរយៈលោកជំទាវឯកអគ្គរាជទូតគុយបា ឱ្យមានការរៀបចំការប្រកួតមិត្តភាពរវាងក្រុមមកពីគុយបា ជាមួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា ផងដែរ នៅអំឡុងខែតុលា ខាងមុខ ពោលគឺស្របពេលនឹងការរៀបចំពានរង្វាន់បាល់ទះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ បន្ថែមពីលើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិសិង្ហបុរី ផងដែរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់