• 2022-06-08 07:22:57
  • បាល់ទះ

ពាន​បាល់ទះ​សម្ដេច​ក្រឡាហោម​ជា​ជំហាន​ថ្មី​មួយ​​ត្រូវ​​ដែល​កម្ពុជា​ចាប់​​ដើម​ត្រូវ​ដើរ​

  • 2022-06-08 07:22:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​ឱកាស​បើក​ការ​ប្រកួត​ពាន​សម្ដេច​ក្រឡាហោម​ ស ខេង កាល​ពី​ព្រឹកមិញ​នេះ​​​នៅ​ទីលាន​បាល់​ទះ​វិសាខា ​​លោក អាំង សេរី​ពិសិដ្ឋ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​​លើក​ឡើង​ថា ពាន​មួយ​នេះ​ជា​​ជំហាន​ថ្មី​មួយ​ដែល​កម្ពុជា​ត្រូវ​ចាប់​ផ្ដើម​ដើរ​ ដើម្បី​ពង្រឹង​វិស័យ​បាល់ទះ​ឲ្យ​កាន់​តែ​មាន​សក្ដានុពល​។

​អគ្គលេខាធិការ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​សហព័ន្ធ​កំពុង​តែ​ពង្រឹង​បន្ថែម​​ឲ្យ​​បាន​កាន់​ខ្លាំង​នូវ​ការ​ខិត​​ខំ​ប្រឹងប្រែង​ ដើម្បី​ធ្វើ​យ៉ាង​ណា​បង្កើត​កម្មវិធី​ប្រកួត​ឲ្យ​បាន​កាន់​តែ​ច្រើន។ ​ពាន​សម្ដេច​ក្រឡា​ហោម​នេះ​ជា​​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​​ក្នុង​ការ​បង្កើត​កម្មវិធី ក៏​ដូច​ជា​ការ​ចាប់​ផ្ដើម​ដើរ​ទៅ​រក​​ច្បាប់​ក្រម​នៃ​ការ​ចង​ក្រង​​​ឲ្យ​ត្រូវ​ទៅ​តាម​គោលការណ៍​របស់​ប្រទេស​គេ​ផ្សេង​ៗ​ ​ការ​បង្កើត​កម្មវិធី​ប្រកួត​បែបនេះ​វា​ធ្វើ​ឲ្យ​គ្រប់​ក្លឹប​នៅ​តាម​បណ្ដា​ខេត្ត​​-​រាជធានី​​​អាច​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន​ដោយ​ភាព​ត្រឹម​ត្រូវ​។

​«​​​ក្នុង​នាម​សហព័ន្ធ និង​ថ្នាក់​ដឹក​នាំ​​​បាន​គូសវាស​ផ្លូវ​​ដែល​ត្រូវ​​ដើរ​រួច​​ហើយ គឺ​ទី​១​ត្រូវ​បង្កើត​ព្រឹត្តិការណ៍​ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ ដើម្បី​អភិវឌ្ឍន៍​វិស័យ​បាល់ទះ​របស់​យើង​​។ ជា​ពិសេស​នោះ​​យើង​សម្លឹង​រក​ឈាម​ថ្មី​បន្ថែម​ទៀត​ ដើម្បី​មក​ជួយ​ដល់​ក្រុម​ជម្រើសជាតិ​របស់​យើង​។ ក្នុង​កម្មវិធី​នេះ​ក៏​យើង​មាន​គោលបំណង​ដើម្បី​សម្លឹង​រក​អ្នក​មាន​ទេពកោសល្យ​​មក​ចូល​ជំរុំ​ហ្វឹកហាត់​ជា​មួយ​ជម្រើសជាតិ​យើង​ដែរ​។ ចឹង​បើ​​ក្រុម​ការងារ​បច្ចេកទេស​យើង​ឃើញ​ហើយ​ យើង​នឹង​ទាក់​ទង​ទៅ​ដើម្បី​នាំ​ពួក​គាត់​មក​ជួយ​ជាតិ​ ព្រោះ​អី​ស៊ីហ្គេម​២០២៣​​នៅ​កម្ពុជា​ក៏​នៅ​មិន​យូរ​ទៀត​ដែរ​»។ ​នេះ​ជា​ការ​​លើក​ឡើង​របស់​​លោក អាំង សេរីពិសិដ្ឋ​។

​ពាន​រង្វាន់​បាល់ទះ​កម្រិត​​អាជីព​​​​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ​ ​មាន​២១​ក្រុម​​មក​​ពី​​តាម​បណ្ដា​ខេត្ត​​​ចំនួន​​២១​ចូល​រួម​ ហើយ​ពួកគេ​​នឹង​ត្រូវ​ប្រកួត​គ្នា​ដើម្បី​ស្វែង​រក​ជើង​ឯក​។ ជាង​នេះ​ទៅ​ទៀត​ក្រុម​ដែល​មាន​​​ចំណាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៧ នឹង​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ចូល​រួម​ប្រកួត​ពាន​រង្វាន់​សម្ដេច​អគ្គមហាសេនា​ប​តីតេជោ​ ហ៊ុន សែន ​ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត​ពាន​សម្ដេច​ក្រឡា​ហោម​​នេះ​ទៅ​។ ​ព្រឹត្តិការណ៍​ខាង​លើ​ដំណើរ​ការ​ប្រកួត​ចន្លោះ​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០២២ ។

​​​​​​​​​​​​ប្រាក់​រង្វាន់​​មាន

  • លេខ​១​ទទួល​បាន ២០​លាន​រៀល

  • លេខ​២​ទទួល​បាន​១២​លាន​រៀល

  • លេខ​៣ ​ទទួល​បាន​៨​លាន​រៀល​

  • លេខ​៤​ទទួល​បាន​៤​លាន​រៀល​

​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​គឺក្រុម​ទាំង​អស់​នៅ​រាជ​ធានី​ភ្នំពេញ​​ឬ​ក្រុម​ធំ​ចំនួន​៥​​មិន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ដោយ​យក​ក្រុម​​កម្រិត​ A ឡើយ ពោល​គឺ​​អាច​យក​ក្រុម​ឈុត​B មក​ប្រកួត​។ ​ក្រុម​ទាំង​២១​បែងចែក​ជា​៤ ពូល ដោយ​ពូល A មាន​៦​ក្រុម ហើយ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​ ក្រុម​ដែល​មាន​លេខ​រៀង​ទី​១ និង​​ទី​២ ឡើង​ទៅ​កាន់​វគ្គ​៨ ក្រុម​ចុង​ក្រោយ។ រួច​ហើយ​បន្ត​ប្រកួត​ឡើង​ទៅ​កាន់​វគ្គ​៤​ក្រុម និង​វគ្គផ្ដាច់​ព្រ័ត្រ​តែ​ម្ដ​ង​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់