• 2022-05-22 03:17:17
  • បាល់ទះ

ផុល​ រតនៈ៖​ ប្រាប់​ហេតុ​ផល​ចាប់​កុក​ក្រុម​ថៃ​បាន​យក​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​

  • 2022-05-22 03:17:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្អ​បាល់​ដេញ​ ផុល​ រតនៈ​ ថា​ហេតុផល​ដែល​ក្រុម​បាល់ទះ​កម្ពុជាតស៊ូយក​ឈ្នះ​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម​ម្សិលមិញ​លើក្រុម​ថៃ​ គឺ​ដោយ​សារ​តែ​ការ​សហការ​គ្នា​បាន​ល្អ​ និង​ចាប់​បាន​ការ​លេង​របស់​ពួកគេ​។​

រូបភាពរបស់សហព័ន្ធ

ផុល​ រតនៈ​ បាន​ឲ្យ​ដឹង​ថា​ មុន​ដល់​ការ​ឈ្នះ​ក្រុម​ខ្លាំង​ថៃ​នេះ​គឺ​ខាង​កម្ពុជា​បាន​ជជែក​ពិភាក្សា​គ្នា​ច្រើន​ណាស់​ពី​ការ​លេង​របស់​ដៃគូ។​ ការ​ចាប់​កុក​ ឬ​ចាប់​ក្បាច់​លេង​របស់​ក្រុម​ថៃ​នេះ​ គឺ​គ្រូៗ​កីឡាករ​ក្រុម​ទាំង​មូល​បាន​សិក្សា​ពី​ចំណុច​ខ្លាំង​ របៀប​លេង​នៃ​ការ​បត់បែន​ស្ថានការណ៍​របស់​គេ។​

រតនៈ​ (រូបភាពរបស់សហព័ន្ធ)

មួយ​វិញ​ទៀត​ រតនៈ​ បញ្ជាក់​ថា​កម្ពុជា​គឺ​ចាប់​បាន​ថា​កីឡាករ​ថៃ​រូប​ណា​ចូល​ចិត្ត​វ៉ៃ​របៀប​យ៉ាង​ម៉េច​ បែប​ពី​លើ​ បែប​ត្រាវ៉ែ​ខ្លី​ ដូច្នេះ​ប្រាប់​គ្នា​ឲ្យ​បិទ​ត្រង់​ចំណុច​ទាំង​នោះ​។​ ម្យ៉ាង​ទៀត​កម្ពុជា​ក៏​បាន​សិក្សា​ពី​ចិត្ត​សាស្ត្រ​អ្នក​លើក​បាល់​ខាង​ថៃ​ផង​ដែរ​ ពោល​ពេល​ពិន្ទុ​ប្រកៀកប្រកិត​គ្នា​គេ​ចូល​ចិត្ត​ឲ្យ​បាល់​កីឡាករ​រូប​ណា​ច្រើន​ជាង​គេ។​ ចំពោះ​ចំណុច​ល្អ​របស់​ថៃ​វិញ​គឺ​កីឡាករ​គេ​ធំៗ​ លេង​មិន​ងាយ​បាក់​ទឹកចិត្ត​ និង​ពិបាក​ក្នុង​ការ​យក​ឈ្នះ​តែ​ម្ដង។​

រូបភាពរបស់សហព័ន្ធ

រលឹក​ដែរ​ថា​ ម្សិលមិញ​នេះ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ផ្អើល​តែ​ម្ដង​ ពោល​ទម្លាក់​ក្រុម​បាល់ទះ​ថៃ​យក​មេដាយ​សំរឹទ្ធ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម។​ ការ​ឡើង​មក​កាន់​ជុំ​ទី២​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​ក៏​ជា​រឿង​កម្រ​មួយ​សម្រាប់​ក្រុម​កម្ពុជា​ ប៉ុន្តែ​ពួកគេ​ធ្វើ​បាន​ថែម​ទាំង​ឈ្នះ​មេដាយ​ទៀត​ផង។​ លទ្ធផល​ម្សិលមិញ​គឺ​កម្ពុជា​  (២៥-២៣) (២២-២៥) (២៥-២២) (១៣-២៥) (១៥-១៣)៕​

ក្រមថៃ (ក្រហម)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់