• 2022-04-25 12:54:41
  • បាល់ទាត់

Pochettinoថា​ ការ​ស្រែក​ឌឺដង​ Boo របស់​អ្នកគាំទ្រ​ PSG ទៅកាន់​ Messi ជា​រឿង​ទទួល​យក​មិន​បាន​នោះ​ទេ​

  • 2022-04-25 12:54:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​ស៊ុត​ចូល​១គ្រាប់​ ក្នុង​ប្រកួត​តទល់នឹង​ក្លឹប​ Lens ក្របខ័ណ្ឌ​ Ligue 1 កាល​ពី​ម្សិលមិញ​ក្នុង​លទ្ធផល​ស្មើ​ ១-១ ប៉ុន្តែ​ទោះ​ជា​ការ​ប្រកួត​ទទួល​លទ្ធផល​ស្មើ​ហើយ​ Messi ជា​អ្នក​ស៊ុត​ចូល​បែប​នេះ​ក៏​ដោយ​ ក៏​អ្នកគាំទ្រ​ PSG នៅ​តែ​បន្ត​ស្រែក​ឌឺ​ដង​ Boo ដាក់​គេ​ជា​ពិសេស​គឺ​ក្នុង​កំឡុង​ពេល​ក្រោយ​ចប់​ម៉ោង​ការ​ប្រកួត​។

ដោយ​សារ​តែ​បែប​នេះ​​ហើយ​ លោក​ Mauricio Pochettino គ្រូបង្គោល​ក្លឹប​ PSG បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ ESPN Argentina ថា​សកម្មភាព​របស់​អ្នកគាំទ្រ​ធ្វើ​ដាក់​ Messi បែប​នេះ​គឺ​ពិបាក​នឹង​ទទួល​យក​ណាស់​។

លោក​ Pochettino បាន​និយាយ​ថា​៖" ការ​ស្រែក​ហួច​ឌឺដង​ Boo ដាក់​ Messi? វា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ​តែ​ម្ដង​។ រឿង​ទាំង​នេះ​គឺ​ពិបាក​នឹង​ទទួល​យក​ខ្លាំង​ណាស់​។ និយាយ​ទៅ​រឿង​នេះ​ខ្ញុំ​មិន​យល់​តែ​ម្ដង​ ម៉េច​បាន​ជា​មាន​សកម្មភាព​អញ្ចឹង​កើត​ឡើង​ព្រោះ​ Messi ជា​កីឡាករ​ជួយ​ច្រើន​ដល់​វិស័យ​បាល់ទាត់​ណាស់​ ហើយ​គេ​ក៏​នៅ​តែ​បន្ត​ជួយ​អញ្ចឹង​ "។

សូម​រំលឹក​ផង​ដែរ​ថា​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ហើយ​ក៏​មិន​មែន​តែ​​ Messi ម្នាក់​នោះ​ទេ​ដែល​ត្រូវ​បាន​អ្នកគាំទ្រ​ PSG ស្រែក​ Boo ដាក់​សូម្បី​តែ​ លោក​ Pochettino និង​ Neymar ជា​ដើម​សុទ្ធ​តែ​ធ្លាប់​រង​សកម្មភាព​បែប​ចំអក​មើល​ងាយ​បែប​នេះ​កន្លង​មក​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់