• 2022-04-21 13:48:35
  • បាល់ទាត់

អ្នកគាំទ្រ​ជា​ច្រើន​ជឿជាក់​ Ten Hag នឹង​អាច​ស្រោចស្រង់​ Man Utd ឡើង​វិញ​

  • 2022-04-21 13:48:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ក្លឹប​ Manchester Uited ជា​ច្រើន​នៅ​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​បញ្ចេញ​មតិ​បែប​ជឿជាក់​ថា​ លោក​ Erik Ten Hag អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម​ថ្មី​ចាប់​ពី​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ នឹង​ជួយ​ស្រោច​ស្រង់​ក្រុម​នេះ​ឡើង​វិញ​បាន​។

លោក​ Ten Hag មាន​ប្រវត្តិ​ដឹកនាំ​ជោគជ័យ​នៅ​ Ajax ដោយ​តាំង​ពី​ដឹកនាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០១៧មក ដឹកនាំ​សរុប​២១០ប្រកួត​ ឈ្នះ​១៥៦ប្រកួត​ ស្មើ​២៥ប្រកួត​ និង​ចាញ់​២៩ប្រកួត​។ លោក​ធ្លាប់​ជួយ​ក្លឹប​ឈ្នះ​លីគ​កំពូល​ហុល្លង់​ ២ដង​ Dutch Cup ២ដង​ និង​ Dutch Super Cup ១ដង​ ដោយ​ច្រើនតែប្រើ​ទម្រង់​លេង​ឲ្យ​​ ៤-៣-៣ ។

បន្ទាប់​ពី​ត្រូវ​បាន​តែង​តាំង​ពី​ Man Utd ចាប់​ពី​រដូវកាល​ថ្មី​ខាង​មុខ​ លោក​ Ten Hag ក៏​បាន​ប្ដេជ្ញា​នឹង​ជួយ​អភិវឌ្ឍ​កែទម្រង់​ក្រុម​នេះ​ឲ្យ​ស័ក្ដិសម​នឹង​កេរ្តិ៍ឈ្មោះ​​ផង​ដែរ​។

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Sky Sports បាន​ឲ្យ​ដឹង​ Man Utd បាន​ត្រៀម​លុយ​ប្រមាណ​ ២៦០លាន​ដុល្លារ​ដើម្បី​ឲ្យ​ Ten Hag ធ្វើ​ការ​ទិញ​ដូរ​កីឡាករសម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​។ សម្រាប់​ការ​មក​ដល់​គ្រូ​បង្គោល​ Ajax នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​នេះ​ Man Utd នឹង​មាន​ការ​រើរុះ​ច្រើន​ដោយ​កីឡាករ​រហូត​ទៅ​ដល់​ ១២នាក់​ឯណោះ​នឹង​អាច​ចាកចេញ​ពី​ក្លឹប​នេះ​តាមរយៈ​ផុត​កុងត្រា​ និង​លក់​ចេញ​។

ដោយ​សារ​តែ​ប្រវត្តិ​ដឹកនាំ​របស់​ Ten Hag ល្អ​ក៏​ដូច​ជា​ Man Utd ផ្ទាល់​ត្រៀម​ឲ្យ​អ្នកចាត់ការ​ថ្មី​កំណែទម្រង់​ក្រុម​បែប​នេះ​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ជឿជាក់​លោក​នឹង​អាច​ស្រោចស្រង់​ក្រុម​នេះ​ឲ្យ​ប្រសើរ​ឡើង​៕

ប្រភព៖ Dailymail | Sky Sports | Bleacherreport | manutd ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់