• 2022-04-19 02:46:03
  • បាល់ទះ

ឆ្វេង​ជប៉ុន​លោត​ល្អ​យ៉ាង​នេះ​ វ៉ៃ​​ធ្ងន់​ម្ល៉ឹង​ៗ ​តើ​យើង​ត្រូវ​ហាត់​​របៀប​ណា​ដែរ​ទើប​អាច​រីកចម្រើន​ដូច​គេ​​?

  • 2022-04-19 02:46:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​បាល់ទះ​ប្រាកដ​​ជា​ស្គាល់​ច្បាស់​ «​ឆ្វេង​ជប៉ុន​ៗ»​ ដែល​មាន​ឈ្មោះ​ថា Yuji Nishida​ ​​ជា​កីឡាករ​ដែល​គេ​ឃើញ​ថា ​សមត្ថភាព​នៃ​ការ​លោត​វ៉ៃ​ផ្ដាច់​បាល់​​៣​ម៉ែត្រ-​ឆ្វេង​ ល្អ​ខ្លាំង​​ ព្រម​ជា​មួយ​គុណភាព​​អេឡង់​លោត​ឃើញ​ហើយ​មិន​សរសើរ​មិន​បាន​។ ​បើ​ឃើញ​ល្អ​បែប​នេះ​គ្រប់​គ្នា​អ្នក​លេង​បាល់ទះ​​ ពិត​ជា​ចង់​​ដឹង​​ណាស់​មែន​ទេ​! ថា​តើ​ត្រូវ​ហាត់​បែប​ណា​ខ្លះ​​ ដើម្បី​អាច​មាន​អេឡង់​ល្អ និង​​លោត​បាន​ស្រលះ​​ទះ​បាន​ធ្ងន់​​ ​បើ​មិន​បាន​ប្រហែល សុំ​​បាន​ត្រឹម​៥០%​នៃ​កីឡាករ​​ខាង​លើ​ក៏​បាន​។

​ទាក់​ទង​នឹង​បច្ចេកទេស​ហ្វឹកហាត់​ ដើម្បី​អាច​លោត​បាន​ស្រលះ និង​អេឡង់​​​ខ្ពស់​បែប​​កីឡាករ ​Yuji Nishida មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន​ឡើយ​។ ពោល​គឺ​វា​ទាក់​ទង​ នឹង​​ទេពកោសល្យ​ពី​កំណើត​​ បូក​បញ្ចូល​ការ​​ហ្វឹកហាត់​ដ៏​ច្បាស់​លាស់​មួយ​។

​ទាក់​ទង​បច្ចេកទេស​ហ្វឹកហាត់​នេះ​លោក សាន សុក្រិត្យ​ អតីត​គ្រូ​បង្វឹក​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«​​…​​ទី​១​ទាក់​ទង​​​កាយសម្បទា​របស់​គាត់,ទី​២​ទាក់​ទង​ទេពកោសល្យ​របស់​គាត់ ហើយ​​គាត់​ហាត់​យក​កម្លាំង​កាយ​ខ្លាំង​។ ​គេ​ហាត់​បច្ចេកទេស​កម្លាំង​កាយ​សាច់ដុំ​ខ្លាំង និយាយ​រួម​គេ​មាន​​ការ​​ហ្វឹកហាត់​គេ​ច្បាស់​លាស់​ ​ទី​១​នៅ​ខាង​ជប៉ុន​នោះ​​គេ​មាន​ការ​​ហ្វឹកហាត់​គេ​​​សុទ្ធ​តែ​​ជា​មួយ​ម៉ាស៊ីន។ ចំណែក​កដៃ​វិញ ខ្ញុំ​ឃើញ​គេ​​ (Yuji ) ​​គេ​វ៉ៃ​រហ័ស​ណាស់​ អាហ្នឹង​ដោយសារ​គេ​ហាត់​រលាស់​ដៃ​ជា​មួយ​ខ្សែពួរ​ដល់​ចំណុច​ខ្ពស់​ ហើយ​គាត់​ប្រើ​ដុំ​ដែក​​ចង​ចង្កេះ​លោត​ និយាយ​រួម​ការ​ហ្វឹកហាត់​គេ​​​មាន​បច្ចេកទេស​ខ្ពស់ និង​មាន​​ឧបករណ៍​ថ្មី​ៗ​ច្រើន​​នៅ​ខាង​ជប៉ុន​នោះ​។ ​​នៅ​ជប៉ុន​រនាំង​សុទ្ធ​តែ​ប្រើ​​ម៉ាស៊ីន​នោះ​ ចឹង​កីឡាករ​​គេ​មាន​ដៃ​រហ័ស​​ណាស់​​ពេល​ប្រកួត​»។

​​​​​​​​​​​​​​​Yuji Nishida​ ​​​ជា​កីឡាករ​បាល់ទះ​​អា​ជីព​​ និង​ជម្រើស​ជាតិ​របស់​ជប៉ុន​ ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លឹប​​​ប្រទេស​អ៊ីតាលី។ កីឡាករ​​រូប​នេះ​មាន​​កម្ពស់ ១,៨៦ ម៉ែត្រ អាច​លោត​​វ៉ៃ​បាន ៣,៥០ ម៉ែត្រ​ ​ហើយ​ក៏​អាច​លោត​ធ្វើ​រនាំង​បាន​​កម្ពស់​ ៣,៣៥ ម៉ែត្រ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់