• 2021-09-13 07:20:28
  • ប្រដាល់

បុរសភ្នែកតឹង Capitan ឡើងការពារខ្សែក្រវាត់ដំបូងមើលឃើញដៃគូគ្មានអាវុធគ្រោះថ្នាក់

  • 2021-09-13 07:20:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើងឯកឃីកបុកសីងពិភពដែលត្រូវបានគេស្គាល់ថាជាបុរសភ្នែកតឹង Capitan មើលឃើញដៃគូគ្មានអាវុធណាមួយគ្រោះថ្នាក់ដល់រូបគេដែលត្រូវឡើងប្រកួតការពារខ្សែក្រវាត់ឃីកបុកសីង ONE Bantamweight របស់ខ្លួនទល់នឹងកីឡាករបារាំង-អាល់ហ្សេរី Mehdi Zatout នៅព្រឹត្តិការណ៍ ONE: EVELUTION នាថ្ងៃសុក្រ ទី២៤ ខែកញ្ញាខាងមុខនេះនៅប្រទេសសិង្ហបុរី។

ជើងខ្លាំងកណ្តាប់ដៃធ្ងន់របស់ថៃ Capitan ទទួលបានខ្សែក្រវាត់ខាងលើនេះមកគ្រប់គ្រង បន្ទាប់ពីដណ្តើមបានពីកីឡាករ Alaverdi Ramazanov កាលពីខែមករា ដើមឆ្នាំនេះដោយផ្តួលដៃគូឲ្យសន្លប់ក្នុងទឹកទី២។

នេះជាលើកដំបូងដែលរូបគេត្រូវឡើងប្រកួតការពារខ្សែក្រវាត់ បន្ទាប់ពីបានគ្រប់គ្រងអស់រយៈពេលជិត៩ខែ។ សម្រាប់ជំនួបនេះ Capitan អាយុ២៨ឆ្នាំមើលឃើញដៃគូ Zatout គ្មានអ្វីគួរឲ្យព្រួយបារម្ភខ្លាំងទេ។

ប៉ុន្តែបើក្រឡេកមើលប្រវត្តិរបស់ Zatout គឺជាជើងខ្លាំងលំដាប់ពិភពលោកម្នាក់ដែលធ្លាប់ឈ្នះជើងឯកមួយថៃពិភពលោក WBC និងបើកក្លឹបបង្ហាត់ប្រដាល់ផ្ទាល់ខ្លួននៅ Pattaya ប្រទេសថៃ។ រូបគេធ្លាប់ប្រកួតឈ្នះ៧៧ដង និងឈ្នះ២ប្រកួតចុងក្រោយនៅលើឆាកប្រដាល់អន្តរជាតិ ONE ក្នុងនោះការប្រកួតចុងក្រោយបំផុតឈ្នះ Leo Pinto ដែលត្រូវអ្នកគាំទ្រស្គាល់ថាជាចៅរបស់លោក លន់ ណុន ត្រូវជាប្អូនប្រុសបង្កើតរបស់លោក លន់ នល់។

មុនជំនួបដ៏សំខាន់មកដល់ Capitan បានឲ្យដឹងថា ៖« Zatout ជាកីឡាករដ៏ម្នាក់ និងមានបទពិសោធច្រើន ហើយគាត់ក៏មានបច្ចេកទេសល្អដែរ។ ខ្ញុំគិតថា គាត់មានបទពិសោធ និងបច្ចេកទេសល្អជាងដៃគូដែលខ្ញុំឈ្នះខ្សែក្រវាត់គឺ Alaverdi»។

ទោះបីជាយ៉ាងណា រូបគេបានសិក្សាយ៉ាងលំអិតពីដៃគូនិងរៀបចំផែនការប្រកួតដើម្បីការពារខ្សែក្រវាត់ឲ្យបានជោគជ័យ។ កីឡាករលើកឡើងថា ៖«Mehdi ជាកីឡាករដែលល្អវ៉ៃបកដោយកណ្តាប់ដៃល្អដូចខ្ញុំដែរ ប៉ុន្តែខ្ញុំឃើញថា ជំនាញវ៉ៃបករបស់គាត់មិនល្អជាងខ្ញុំ។ ខ្ញុំបានដឹងច្បាស់ពីចំណុចខ្សោយរបស់ខ្ញុំពេលប្រកួតចុងក្រោយ ហើយខ្ញុំបានកែលំអហើយ ដូច្នេះគ្មានបញ្ហាទេសម្រាប់ប្រកួតខាងមុខនេះ»។

និយាយពីចំណុចខ្លាំងរបស់ដៃគូ Capitan ប្រាប់ថា ដៃគូម្នាក់នេះមានការប្រុងប្រយ័ត្នខ្ពស់ និងល្អកណ្តាប់ដៃដែលទាំងលឿន និងមានទម្ងន់។ ចំណុចនេះត្រូវប្រុងប្រយ័ត្នមែនទែន។ ទោះបីជាយ៉ាងណា ដៃគូម្នាក់នេះតែងតែចុះខ្សោយ ឬមានបញ្ហានៅចុងទឹក។ «និយាយរួម ខ្ញុំមិនគិតថា គាត់គ្រោះថ្នាក់ទេ តែខ្ញុំមិនហ៊ានមើលស្រាលគាត់ទេ។ វ៉ៃជាមួយគាត់ ខ្ញុំសំខាន់បំផុតគឺប្រើខួរក្បាលជាងកម្លាំងបាយ»។ Capitan បានបញ្ជាក់ និងបន្ថែមថា «រឿងសំខាន់ ខ្ញុំត្រូវផ្តោតលំអិតលើផែនការរបស់ខ្ញុំ និងវាយបកឲ្យឆ្លាតវៃ»៕

ដោយ៖ ស៊ីធី

មតិយោបល់
អត្ថបទថ្មី