• 2021-08-19 08:26:28
  • ប្រដាល់

តាម​ពិត Tawanchai ចង់​ជួប Sitthichai យូរ​ណាស់​មក​ហើយ ឥលូវ​បាន​ដូច​បំណង

  • 2021-08-19 08:26:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tawanchai PK.Saenchai Muaythaigym  ដែល​បាន​តាំង​ចិត្ត​តាំង​ពី​យូរ​ណាស់​មក​ហើ​យ​ថា​ចង់​ប៉ះ​​ជើង​ Sitthichai “Killer Kid” Sitsongpeenong នោះ គឺ​បាន​មក​ដល់​ហើយ​នៅ​ថ្ងៃ​ទី ២៧ សីហា​ ខាង​មុខ​នេះ។ ពួក​គេ​ទាំង​ពីរ​​​នឹង​ឡើង​ប៉ះ​គ្នា​នៅ​​ព្រឹត្តិការណ៍ ONE: BATTLEGROUND III ​នា​កីឡដ្ឋាន Singapore Indoor Stadium ​នៃ​ប្រទេស​​សិង្ហបុរី។

Tawanchai ធ្លាប់​ផ្ដល់​សម្ភាសន៍​ក្ដែង​ៗ​​កាល​ខែ​ ឧសភា កន្លង​ទៅ​ថា ៖«​​ខ្ញុំ​​ព្យាយាម​ហក់​ចូល និង​កង​សាង​កេរ្តិ៍​ឈ្មោះ​​ជា​ជំហានៗ។ ​នៅ​ថ្ងៃ​មុខ Sittichai Sitsongpeenong ​និង Superbon Banchamek គឺ​ជា​កីឡាករ​ពីរ​នាក់​ដែល​ខ្ញុំ​ចង់​​ជួប​ប្រកួត​​ជា​មួយ​ពួក​គេ​ក្នុង​ក្បាច់​មួយ​ថៃ ឬ ឃីកបុកសីង។ ប៉ុន្តែ ខ្ញុំ​គិត​ថា​ ខ្ញុំមិន​ទាន់​ដល់​កម្រិត​ពួក​គេ​នៅ​ឡើយ​ទេ។ យ៉ាង​ណា ខ្ញុំ​ចង់​បាន​បទ​ពិសោធន៍​​​ជា​មុន​សិន។ ហើយ​បន្ទាប់​មក​​ វីរបុរស​ឃីកបុកសីង Giorgio Petrosyan គឺ​ជា​កីឡាករ​ម្នាក់​ទៀត​ដែល​ខ្ញុំ​ចង់​តតាំង​នៅ​ថ្ងៃ​ណា​មួយ​ផង​ដែរ។ ប៉ុន្តែ ខ្ញុំ​ត្រូវ​ការ​ប្រកួត​មួយ​ចំនួន​​​ជា​មុន​សិន»។

ចុង​ខែ​សីហា ខាង​មុខ​នេះ ​បំណង​របស់​ Tawanchai បាន​សម្រេច​មួយ​ហើយ​តាម​រយៈ​ការ​ផ្គូផ្គង​ខាង​លើ។ បើ​សិន​​ជា​រូប​គេ​​​ទទួល​ជ័យជម្នះ​បន្ត​បន្ទាប់ ​នោះ​​ជើង​ខ្លាំង​វ័យ ២២ ឆ្នាំ​នឹង​អាច​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ឃីកបុក​សីង ONE Featherweight ពី Petrosyan មិន​ខាន។

Tawanchai ធ្លាប់​ឈ្នះ​តារា​ជួរ​មុខ​ថៃ​មួ​យ​ចំនួន​ដូច​ជា Kulabdam (ឈ្នះ ៣ដង​ជាប់​គ្នា), និង ផ្ដួល Sangmanee ឲ្យ​សន្លប់​ជា​ដើម។

គួរ​ដឹង​ថា មុន​ចុះ​​កិច្ច​សន្យា​ប្រកួត​ឲ្យ​សង្វៀន​ ONE កូន​សិស្ស​មក​ពី​ក្លិប PK.Saenchai Muaythaigym បា​ន​ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ល្បី​ប្រចាំ​ប្រទេស​ថៃ​ Lumpinee Stadium និង​ ឈ្នះ​ពាន​ជា​កីឡាករ​ល្អ​​​បំផុត​​ប្រចាំ​សង្វៀន​​ដដែល​នេះ​នៅ​ឆ្នាំ​នោះ​ទេ​ទៀត​ផង។

នេះ​ជា​​ការ​ឡើង​សង្វៀន ONE Championship លើក​ទី២​ បន្ទាប់​ពី​ផ្ដួល​​ Sean Clancy ​នៅ​ដើម​ទឹក​ទី៣ ​ដោយ​ប្រើ​ស្នៀត​ទាត់​ចំ​ក្បាល។ តើ​លទ្ធផល​របស់ Tawanchai ទៅ​ជា​យ៉ាង​ណា​ពេល​ជួប Sitthichai?

ដោយ៖ ស៊ីធី

មតិយោបល់