• 2021-07-29 12:12:35
  • បាល់ទាត់

Rafael ទម្លាយ​ថា​គេ​ត្រូវ​ចាក​ចេញ​ពី​ Man Utd កាល​ពី​ឆ្នាំ​២០១៥ ដោយ​សារ​តែ​ Van Gaal ស្អប់​កីឡាករ​ប្រេស៊ីល​

  • 2021-07-29 12:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ដើម​កំណើត​ប្រេស៊ីល​ Rafael បាន​និយាយ​ទម្លាយ​ពី​មូលហេតុ​ដែល​គេ​ត្រូវ​ចាកចេញ​ពី​ក្លឹប​ Manchester United កាល​ពី​ឆ្នាំ​២០១៥ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ គឺ​ដោយ​សារ​តែ​លោក​ Louis van Gaal ដែល​ជា​អ្នក​ចាត់ការ​ក្លឹប​នេះ​កាលពីកំឡុងឆ្នាំ២០១៤-២០១៦​ ស្អប់​មិន​ពេញ​ចិត្ត​នឹង​កីឡាករ​ប្រេស៊ីល​។

Rafael បាន​និយាយថា​៖" ខ្ញុំ​មិន​ដែល​ទទួល​បាន​ការ​បក​ស្រាយ​ណា​មួយ​ទេ​តាំង​ពី​ពេល​ចាក​ចេញ​ពី​ Man Utd ហ្នឹង​តាំង​ពី​ឆ្នាំ​២០១៥មក ។ និយាយ​ទៅ​ពេល​ Van Gaal គាត់​មក​ដឹក​នាំ​ក្លឹប​ហ្នឹង​ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ឲ្យ​ចេញ​ពី​ក្លឹប​មួយ​ហ្នឹង​។ គាត់​ហ្នឹង​ជា​មនុស្ស​ដែល​គិត​យក​តែកីឡាករ​ណា​ដែល​គាត់​ចង់​បាន​ បើ​គាត់​អត់​ចង់​បាន​ គាត់​ដូរ​ គាត់​លក់​ចេញ​ភ្លាមៗ​តែ​ម្ដង​។ គាត់​អត់​ដែល​ប្រាប់​ខ្ញុំ​ពី​មូលហេតុ​សោះ​តែ​ម្ដង​ ម៉េច​បាន​លក់​ខ្ញុំ​ចេញ​ "។

កីឡាករ​នេះ​បាន​បន្ត​ថា​៖" ប៉ុន្តែ​បើ​តាម​អ្នក​ផ្សេង​ដែល​គេ​ធ្លាប់​ប្រាប់​ តាំង​ពី​គាត់​មិន​ទាន់​មក​ដឹក​នាំ​ក្លឹប​ហ្នឹង​ម្ល៉េះ​ថា​ Van Gaal ហ្នឹង​គាត់​ស្អប់​កីឡាករ​ប្រេស៊ីល​។ ខ្ញុំ​មិន​ដឹង​រឿង​ហ្នឹង​ពិត​មិន​ពិត​ទេ​ តែ​ខ្ញុំ​ឮ​តាម​គេ​ប្រាប់​គឺ​ថា​រឿង​ហេតុ​ទាំង​អស់​នេះ​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ពេល​គាត់​ធ្វើ​ជា​គ្រូ​បង្គោល​នៅ​ Barca ចន្លោះ​ឆ្នាំ​១៩៩៧-២០០០ ហើយ​ពេល​ហ្នឹង​គាត់​បាន​ឲ្យ​ខ្សែ​បម្រើ​ប្រេស៊ីល​ Rivaldo អង្គុយ​តែ​លើ​បង់​ចោល​ ហើយ​អញ្ចឹង​ទៅ​កីឡាករ​នេះ​ក៏​ចាប់​ផ្ដើម​និយាយ​អាក្រក់​ពី​គាត់​ ចង់​បណ្ដេញ​គាត់​ចេញ​ពី​តំណែង​។ ហើយ​ចាប់​តាំង​ពី​ពេល​ហ្នឹង​មក​ គាត់​ចាប់​ផ្ដើម​ស្អប់​កីឡាករ​ប្រេស៊ីល​ដោយ​បាន​និយាយ​ថា​ ពួក​កីឡាករ​ប្រេស៊ីល​ហ្នឹង​ចូល​ចិត្ត​ដេញ​គ្រូ​បង្គោល​ចេញ​ពី​តំណែង​ណាស់​ គាត់​និយាយ​ន័យ​បែប​អញ្ចឹង​ៗ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​ Rafael ចេញ​ពី​ Man Utd នៅ​ឆ្នាំ​២០១៥ កីឡាករ​នេះ​ក៏​បាន​បន្ត​ទៅ​លេង​ឲ្យ​ Lyon បន្ត​ ហើយ​នៅ​ក្នុង​ពេល​នេះ​ខ្សែ​បម្រើ​រូប​នេះ​កំពុង​លេង​ឲ្យ​ក្លឹប ​İstanbul Başakşehir ដែល​ជា​ក្លឹប​មួយ​ក្នុង​ប្រទេស​ទួរគី​។​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់