• 2021-07-21 11:52:50
  • ព័ត៌មាន

កីឡាករ​ក្លឹប​អាហ្សង់ទីន ទៅ​វាយ​ជាមួយ​កីឡាករ​ក្លឹប​ប្រេស៊ីល​ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ ក្រោយ VAR អត់​ផ្ដល់​គ្រាប់​បាល់​ឲ្យ

  • 2021-07-21 11:52:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ក្លឹប​អាហ្សង់ទីន Boca Junior ត្រូវ​បាន​វីដេអូ​ថត​ជាប់​ថា ទៅ​វាយ​គ្នា​ជាមួយ​នឹង​កីឡាករ​ក្លឹប Atletico Mineiro ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់​កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​ទៅ ក្រោយ​មាន​រឿង​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ ទាក់ទិន​នឹង​ប្រព័ន្ធ​វីដេអូ​ជំនួយ​អាជ្ញាកណ្ដាល VAR មិន​ផ្ដល់​គ្រាប់​បាល់​ឲ្យ​ទៅ​ក្លឹប Boca។

ខាង​អាហ្សង់ទីន​ក៏​រួម​មាន​ អតីត​ខ្សែ​ការពារ Manchester United កីឡាករ Marco Rojo ចូល​រួម​វាយ​គ្នា​នឹង​គេ​ផង​ដែរ។ នៅ​ពេល​ភាគី​ទាំង​សង​ខាង​ប៉ះ​គ្នា គេ​សង្កេត​ឃើញ​ប្រធាន​ក្លឹប​ប្រេស៊ីល បាន​គប់​ដប​ទឹក​សុទ្ធ​ទៅ​កាន់​កីឡាករ​អាហ្សង់ទីន ហើយ​ខាង​ប៉ូលិស​បាន​ចូល​ទៅ​សម្របសម្រួល ដោយ​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​បាញ់​ទៅ​ខាង​អាហ្សង់ទីន។ ជា​លទ្ធផល ខាង​ប្រតិភូ​របស់​ក្លឹប​អាហ្សង់ទីន​ចំនួន ៨នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ខាង​ក្លឹប​អាហ្សង់ទីន​បាន​អះអាង​ថា ខ្លួន​នឹង​មិន​ត្រលប់​ទៅ​ស្រុក​វិញ​ឡើយ បើ​សមាជិក​របស់​ខ្លួន​មិន​ត្រូវ​បាន​ដោះលែង។

ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​រវាង​ក្លឹប​ទាំង​ពីរ​នៅ​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៃ​ពាន Copa Libertadores (ពាន​ស្រដៀង​នឹង Champions League នៅ​ទ្វីប​អាមេរិក​ខាង​ត្បូង) ដែល​ខាង​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ប្រកួត​យប់​ថ្ងៃ​អង្គារ​នេះ​ជា​ប្រកួត​ជើង​ទី២ ហើយ ដោយ​ប្រកួត​ទាំង​ពីរ​ជើង​បញ្ចប់​លទ្ធផល ២-២ ហើយ​នៅ​ជើង​ទី២ បញ្ចប់​ដោយ​លទ្ធផល ០-០។ នៅ​ពេល​ស្មើ​គ្នា​នេះ ក្លឹប​ទាំង​ពីរ​បាន​ទាត់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ដោយ​ជា​លទ្ធផល ខាង​ប្រេស៊ីល​ជា​អ្នក​ឈ្នះ​ក្នុង​លទ្ធផល ៣-១។

កីឡាករ​ខាង​ក្លឹប​អាហ្សង់ទីន​បាន​សម្ដែង​ភាព​មិន​សប្បាយចិត្ត​ ដោយសារ​តែ​ខ្លួន​ជួប​រឿង​អយុត្តិធម៌​ទាំង​ពីរ​ជើង ដោយ​កាល​ពី​ជើង​ទី១ ក៏​មាន​បញ្ហា VAR មិន​ឲ្យ​មាន​គ្រាប់​បាល់ ហើយ​ជើង​ទី២ ក៏​ដូច​គ្នា​ហ្នឹង​ដែរ៕

ប្រភព៖ Goal | Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់