• 2021-07-20 04:29:28
  • បាល់ទះ

ហេតុអ្វីឥន្ទ្រីពិឃាដ ឌូក យក ហួរ លេងបីស្មើជាមួយ យុន រាជ វ៉ា?

  • 2021-07-20 04:29:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក បានចាប់អេគីបជាមួយ​ឥន្ទ្រីស្លាបដែកក្ដូ និងហួរ លេងបីស្មើនឹង​អធិរាជប្រអប់រាជ យុន ​វ៉ា ដោយចាញ់ក្នុងលទ្ធផលពិន្ទុ ១៥ ទល់នឹង ១១ កាល​ពី​ពេល​ថ្មីៗនេះ។

ពេលឃើញឌូកចាប់ក្រុមជាមួយស្មាត់​ហួរ ​មតិជាច្រើនចោទសួរថា ហេតុអ្វីបាន​ជា​ជ្រើស​ហួរ មិនយកអ្នក​ផ្សេងជំនួស​ដូចជាម៉ាប់ឆ្វេង និងម្ជុលពេជ្រអី​ជាដើម ព្រោះបីនេះស្ទើរជាងបីយុន រាជ វ៉ា ឆ្ងាយណាស់?

ចំពោះសំណួរខាងលើ​ស្មាត់ធំមកពីខេត្តព្រៃវែង បានប្រាប់សារព័ត៌មាន Sabay ថាបើបីនេះចាញ់ហើយ គេ​មិនដឹងជ្រើសយកបីណា​លេង​ទៀតទេ ខណៈបីរូបគេ ក្ដូ និងម៉ាប់ឆ្វេងក៏ធ្លាប់ចាញ់ហើយ​​ដែរ ហើយមូលហេតុ​​ចាប់យក​បីនេះ ព្រោះពួកគេធ្លាប់លេង​ជាមួយ​គ្នា​ និងយល់ចិត្តគ្នា។ ចំណែកបីម្ជុលពេជ្រក៏គេ​អាច​លេងបានដែរ ប៉ុន្តែបច្ចុប្បន្នកីឡាករស្អិតជើងក្រោម​នេះ បាននឹងកំពុងរស់នៅ​ខេត្តសៀមរាប ជាហេតុពិបាកឡើងចុះភ្នំពេញ​។

ស្មាត់ធំមក​ពី​ខេត្ត​ដដែល​បានបញ្ជាក់ថា ៖«លេងចេះតែលេងកើតហើយ ពេជ្រគាត់នៅសៀមរាបណោះ ណាមួយគីបរបស់ខ្ញុំគឺខ្ញុំធ្លាប់លេងជាមួយគ្នារហូត​ចឹង​ណា ជាមួយក្ដូរហួរអីហ្នឹង យកហួរចំណេញច្រើន ចាប់សឺវីសបី ទី​២​គាត់សារ៉េល្អ»។

ទោះបីជាយ៉ាងណា ក្រោយ​ឆ្លងកាត់បរាជ័យថ្មីៗនេះ ឌូកមើលឃើញចំណុចខ្វះខាតរបស់ហួរត្រង់ កីឡាករមាឌស្អិតសាច់សខ្ចី​កូនចៅចិន​ ស្ទើរត្រង់ប៉ះសេ ដូច្នេះគេ​ត្រូវពង្រឹងបន្ថែមទៀត ដើម្បីឱ្យ​បីនេះលេងទៅកាន់តែស៊ីចង្វាក់ និង​ស្វិតស្វាញ។

កីឡាកររបស់ក្លឹបកងពលធំអន្តរាគមន៍លេខ៣ បានសង្កត់ធ្ងន់បែបនេះ ៖«ចំណុចខ្វះខាតរបស់គាត់គឺគាត់ប៉ះសេស្ទើរ គាត់អត់ដែលប៉ះសេ គាត់លេងតួនាទីគាត់ដូចតែខ្ញុំដែរទេគឺ ចាប់សឺវីសហើយនិងវ៉ៃសេវា ចឹងប៉ះសេរបស់គាត់ស្ទើរ តិចទៀតគាត់ហាត់ប៉ះសេយូរៗទៅ យើងលេងជាមួយគ្នា យល់ចិត្តគ្នាហើយ​»។

ចំពោះគូបីស្មើលំដាប់ស្រុកខ្មែរលេងសេរីនេះដែរ កីឡាករ​ជម្រើស​ជាតិ​បាល់ទះឆ្នេរ​ខ្សាច់​ បាន​ទម្លាយ​ថានឹង​​ប៉ះគ្នាម្ដងទៀត ប៉ុន្តែរងចាំគេមានកម្លាំងគ្រប់គ្រាន់វិញ​សិន​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់