• 2021-04-29 07:25:10
  • បាល់ទះ

ក្មេងៗឥឡូវបែបមិនស្គាល់ទេ នេះហើយឆ្វេងហ្ស៊ីន Super Star អង្គរក្សជំនាន់មុន គប់សេវារកតែទ្រូង!

  • 2021-04-29 07:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងជំនាន់លោកគ្រូ សោម ណារិទ្ធ បងប្រុសបង្កើតលោកគ្រូ សោម ចំណាប់ លោក ស៊ីន ចន្ថា ជាស្មាត់ឆ្វេងហ្ស៊ីនល្បីល្បាញលំដាប់ស្រុកខ្មែរ និង​ជា Super Star ប្រចាំក្លឹបបញ្ជាការដ្ឋានអង្គរក្ស ដែល​ឡើងខ្លាំងបំផុតអំឡុងឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣ មាន​ជំនាញគប់សេវានិងការម៉ាត់ផ្ដាច់។ ហើយ​ខាងក្រោមនេះ ជាប្រវត្តិត្រួសៗពីលោកចន្ថាក្នុងអាជីពបាល់ទះ។

ប្រវត្តិ​បាល់​ទះ​អាជីព

  • អតីត​កីឡាករ​បាល់ទះនៃ​​វិទ្យាល័យ​ស្អាង ខេត្ត​កណ្ដាល បាន​ចូលលេង​ឱ្យ​ក្រុមភូមិភាគពិសេស​ក្នុង​ឆ្នាំ១៩៩៨-១៩៩៩ និង​លើកពានជា​ក្រុម​បានពីរដងគឺ​ ពានរង្វាន់​ទូទាំងប្រទេស និងពានកងទ័ព។

  • ចូល​ដល់​ឆ្នាំ២០០០ កីឡាករ​កម្ពស់​១,៨២ម៉ែត្រ បាន​ចេញ​ពី​ភូមិភាគ​ពិសេសទៅ​កាន់​បញ្ជារដ្ឋាន​អង្គរក្ស និង​ជួយ​ក្លឹប​ខ្លាំង​មួយ​នេះ លើកពានច្រើនគួរ​សម​ដែររួមទាំងពានរង្វាន់ស្រាបៀរលីអូ។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក ស៊ីន ចន្ថា អំឡុងពេលនោះមានតែក្លឹបអង្គរក្ស និងក្រសួងមហាផ្ទៃប៉ុណ្ណោះ ដែលប្រជែងដណ្ដើម​ពានគ្នា។

  • ដោយសារ​ឈឺជង្គង់ លោកក៏​បាន​សុំ​ឈប់លេង​បាល់នៅ​​ក្លឹប​អង្គរក្សក្នុង​ឆ្នាំ ២០១៣ (បច្ចុប្បន្ន​បម្រើការ​នៅអង្គភាព​មួយ​នេះ) និងឈប់លេងជាមួយ​គីឡូធំរហូតដល់បច្ចុប្បន្ន។ បើលេងក្រៅផ្លូវការលោកទើប​តែ​ចាប់ផ្ដើមប្រឡូកវិញនៅឆ្នាំ ២០២០ ប៉ុណ្ណោះ។

  • មាន​សមត្ថភាព​ល្អ​ស្មាត់​ឆ្វេង​លំដាប់ជួរមុខ​រូប​នេះ បាន​ជាប់ជម្រើសជាតិបាល់ទះលើក្ដារក្នុង​ឆ្នាំ ២០១០ និង​ហាត់ត្រៀមលេងស៊ីហ្គេមឆ្នាំ ២០១១ នៅប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែ​មិនទទួលបាន​ផ្លែផ្កាអ្វី​នោះ​ទេ​ ព្រោះសមត្ថភាពមិនដល់គេ។ ឆ្នាំ២០១២ លោកមិនបានជាប់ទៀតឡើយ ព្រោះសហព័ន្ធបាល់ទះ​កម្ពុជា បានធ្វើការជម្រុះរកកីឡាករក្មេងៗមកជំនួស។

លោក ស៊ីន ចន្ថា ពាក់លេខ៧

ជំនាញពិសេស!

១- គប់សេវា៖ ស្មាត់​ឆ្វេង​អង្គរក្សដដែល ចាប់​ផ្ដើម​ចេះគប់សេវាឆ្នាំ ២០០៨ ហើយជំនាន់នោះមានអ្នកចេះលោត​គប់ប៉ុន្មាននាក់ប៉ុណ្ណោះ ដូចជាស្មាត់បឿន និង​ស្មាត់ឡាន់ជាដើម។ លោកលោត​គប់​សេវា​ល្អ លឿនហើយ​ហើរ ពិបាកក្នុងការចាប់ ធ្វើ​ឱ្យ​អ្នក​លេង​តាម​បណ្ដាខេត្ត​ខ្លាច​រអាសឹង​គ្រប់គ្នា។

ចំពោះ​បាល់ប្រកួត​ក្រៅផ្លូវការ ចាប់សេវាពីរឬបីនាក់​ គឺ​មិនងាយចាប់សេវា​លោត​​គប់​របស់​ស្មាត់ឆ្វេងនេះឡើយ ពោលទាល់តែចាប់បួននាក់ ទើប​ទៅ​រួច​។ ហើយបើដើរលេងតាមខេត្ត លោកមានអេគីបផ្ទាល់ខ្លួនមួយ​ ដោយមានលោកគ្រូ សាន សុក្រិត បច្ចុប្បន្នជាគ្រូបង្វឹកនៅក្លឹបបាល់ទះវិសាខា ជាអ្នកប៉ះសេ និងធ្វើរនាំង និងស្មាត់​ឆ្វេង​គាអង្គរក្ស។ ភាគច្រើនលោកចន្ថា និយម​តឱ្យ​គូភាគីពីរបី-ពីរបួន-ឬបីទល់​នឹង​ប្រាំនាក់​ជាដើម។ ជំនាន់​នោះ​ក្រៅពីលោកគ្រូ សោម ចំណាប់ គ្មានអ្នកណាហ៊ានលេងជាមួយស្មាត់​ធំ​រូប​នេះ​ទេ។

បើរំលឹកការប្រកួតក្រៅផ្លូវការនៅ​ឯ​ក្រៅប្រទេស ដូចជាវៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ីជាដើមនោះ ក្រុមលោកមិនងាយចាញ់ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ក្រុមរបស់លោក ធ្លាប់តឱ្យ​ជម្រើសជាតិម៉ាឡេស៊ី និងឥណ្ឌូណេស៊ីបួននាក់ទល់ប្រាំនាក់ទៀត​ផង​។ កាលនោះក្រុ​ម​លោកមានលោកគ្រូ សោម ចំណាប់ ភាកងពល ចក់លីប័ររ៉ូមហាផ្ទៃ ផលពិសីមហាផ្ទៃ ខននិងបឿនជាដើម។

២- ការម៉ាត់៖ លោកគ្រូក្នុងក្លឹបអង្គរក្សរូបនេះ លេងឡើងខ្លាំងបំផុតនៅឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៣ ហើយគ្មានអ្នកណាលើរូបលោកដែរនៅ​ក្នុងស្រុកខ្មែរ។ លោកម៉ាត់ច្បាស់ធ្ងន់ដាច់ល្អ បាំងធំចូលចិត្តវ៉ៃជះយកដៃ មិនសូវចូលចិត្តវ៉ៃពន្លិច ចូលចិត្តត្រាវែខ្លី បើបាំងមួយវ៉ៃលិច១ម៉ែត្រៗ ទាំងការប្រកួតអាជីព និងក្រៅផ្លូវការ។ បាំង​មួយ​បាំង​ពីរ គ្មាន​ក្នុង​កែវ​ភ្នែក​របស់​លោក​ទេ។

លោក ស៊ីន ចន្ថា ពាក់មួកត្នោត

ហេតុ​ស្រលាញ់​វិស័យ​បាល់​មួយ​នេះ​ បើ​ទោះ​សព្វថ្ងៃ​មាន​វ័យ​៤២ឆ្នាំ​ទៅ​ហើយ​ក្ដី​ លោក​ក៏នៅ​តែ​ប្រឡូក​ឡើង​វិញ និង​​បាន​ជួយបណ្ដុះ​បណ្ដាល​ក្មេង​ៗ​ជំនាន់​ក្រោយមួយ​ចំនួន​ដែររស់​នៅ​ក្នុង​ភូមិទួលក្ដី ឃុំត្រើយស្លា ស្រុក​ស្អាង ខេត្ត​កណ្ដាល​របស់​លោកទៀត​ផង​។

ជា​ចុង​ក្រោយ​ក្នុងនាមជាអតីតកីឡាករអាជីព និងស្មាត់ឆ្វេងល្អ​លំដាប់ស្រុកខ្មែរមួយរូប លោក ស៊ីន ចន្ថា សូមសំណូមពរដល់ក្មេងៗជំនាន់ក្រោយ កុំឱ្យ​លេងបាល់ទះជាប់ដៃ ព្រោះវាបង្ហាញពីភាពមិនរីកចម្រើននៃបាល់ទះខ្មែរ​ ស្រប​ពេល​វិស័យមួយនេះកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាជន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់