• 2021-04-14 08:18:02
  • បាល់ទាត់

កំហឹង​អ្នក​ប្រយុទ្ធ​ រដូវកាល​ថ្មី ​នឹង​ចេញ​ឆាប់ៗនេះ​ ជាមួយ​ការ​ចាប់​ដៃ​គូ​របស់​Smart Axiata និង​ DirexPlay

  • 2021-04-14 08:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​គាំទ្រ​ដល់​ការ​រីក​ចម្រើន​វិស័យ​ហ្គេម​ទូរស័ព្ទ​នៅ​កម្ពុជា ​ក្រុមហ៊ុន ​Smart Axiata​ ដែល​ជា​ប្រតិបត្ដិ​ករ​ទូរគមនាគមន៍​ឈាន​មុនគេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​បាន​ចាប់​ដៃ​គូ​ជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ហ្គេម​ចល័ត​ក្នុង​ស្រុក​ DirexPlay ​ដើម្បី​កែ​លម្អ​ហ្គេម​ កំហឹង​អ្នក​ប្រយុទ្ធ​ (Wrath of Fighters)។

អ្នក​លេង​ហ្គេម​ទាំងអស់​នៅ​ជុំវិញ​ពិភពលោក​អាច​លេង​ហ្គេម​ Wrath of Fighters បាន​ទាំង​ភាសាខ្មែរ​និង​អង់គ្លេស ​ហើយ​ហ្គេម​នេះ​អាច​ជួយ​ឱ្យ​អ្នក​លេង​ស្វែង​យល់​ពី​សិល្បៈ​ និង​វប្បធម៌​កម្ពុជា​ទៀត​ផង​ដែរ​ក្នុង​អំឡុង​ពេល​លេង​ជាមួយ​មិត្តភក្ដិ​របស់​ពួកគេ។

លោក​ ឈួម ពិសិដ្ឋ ​អគ្គនាយក​ក្រុមហ៊ុន​ DirexPlay ​បាន​ថ្លែងថា៖​ “គំនិត​របស់​ហ្គេម​នេះ​គឺ​ដើម្បី​នាំ​យក​សិល្បៈ ​និង​វប្បធម៌​ក្នុង​ស្រុក​ទៅ​កាន់​ពិភព​កម្សាន្ត​ឌីជីថល ​ដូច្នេះ​អ្នក​ណា​ម្នាក់​នៅ​ទីណា​ដ៏​ដោយ ​មក​ពី​ប្រភព​វប្បធម៌​ណា​ក៏​ដោយ​ អាច​រីករាយ ​ភ្ជាប់​ទំនាក់ទំនង​ និង​ទទួល​បាន​បទ​ពិសោធន៍​ជាមួយ​សិល្បៈ​ និង​វប្បធម៌​ខ្មែរ​តាម​អនឡាញ​ក្នុង​អំឡុង​ពេល​ទំនេរ​ពី​ការងារ​ឬ​ការ​រៀនសូត្រ​របស់​ពួកគេ”។

អ្នក​លេង​ហ្គេម​អាច​បង្កើត​ និង​កែ​សម្រួល​អ្នក​ប្រយុទ្ធ​ផ្ទាល់​របស់​ពួកគេ​បាន​ជាមួយ​នឹង​សម្លៀក​បំពាក់​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ ដែល​បង្កើត​ឡើង​ទៅ​តាម​កំណាព្យ​វីរកថា​ដែល​មាន​មូលដ្ឋាន​លើ​រឿង​រាមាយាណៈ ​និង​មហា​ភារតៈ។ អ្នក​លេង​ហ្គេម​អាច​ជ្រើសរើស​ផែនទី​និង​បរិយាកាស​ផ្សេង​ៗ​គ្នា​ជាច្រើន​សម្រាប់​ការ​លេងហ្គេម​របស់​ពួកគេ ដែល​ផែន​ទី​និង​បរិយាកាស​ទាំង​នោះ​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា​នៅ​ប្រាសាទ​បុរាណ​កម្ពុជា ​អង្គរធំ​ រាជធានី​ភ្នំពេញ ​និង​ទី​ជនបទ​ក្នុង​ខេត្ត​សៀមរាប​ជា​ដើម។

ក្រុមហ៊ុន​ DirexPlay ​ក៏​បាន​អភិវឌ្ឍន៍​ហ្គេម​ចល័ត​និង​កម្មវិធី​ផ្សេង​ទៀត​ផង​ដែរ​ ដែល​សាច់​រឿង​របស់​ហ្គេម​យក​តាម​រឿង​ព្រេង​និង​ប្រពៃណី​របស់​កម្ពុជា​ដូចជា ​រឿង​ដំណើរ​ផ្សងព្រេង​របស់​ សុខ ​និង​សៅ ​និង​កម្មវិធី​ Khmer eCard ​ជា​ដើម។

ហ្គេម កំហឹងអ្នកប្រយុទ្ធ ​ដែល​ដាក់​ដំណើរ​ការ​ដំបូង​ក្នុង​ឆ្នាំ​២០១៦​ បច្ចុប្បន្ន​ទទួល​បាន​ការ​ទាញ​យក​​ចំនួន​ ៣៤០ ០០០​ដង ​ហើយ​បច្ចុប្បន្ន​អាច​ទាញ​យក​បាន​ក្នុង​ឧបករណ៍​ដែល​ប្រតិបត្តិ​ប្រព័ន្ធ​ Android និង ​iOS។ ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ថ្មី​បំផុត​របស់​ ហ្គេម​នេះ ​នឹង​មាន​មុខងារ​ល្អ​ជាង​មុន​ដោយ​មាន​ផែនទី​ថ្មី ​និង​សម្លៀក​បំពាក់​ថ្មី​សម្រាប់​ឱ្យ​អ្នក​លេង​ហ្គេម​ជ្រើសរើស ​ព្រម​ទាំង​ទទួល​បាន​បទ​ពិសោធន៍​លេង​ហ្គេម​កាន់​តែ​រលូន​ជាង​មុន។ ​អតិថិជន​របស់​ក្រុមហ៊ុន ​Smart ​ដែល​លេងហ្គេម​នេះ ​នឹង​ទទួល​បាន​ការ​ផ្តល់​ជូន​ពិសេស ​ដូចជា​សម្លៀក​បំពាក់​ប្លែក​ពី​គេ ​និង​ម៉ោង​រីករាយ ​Smart ដែល​អ្នក​លេង​ហ្គេម​អាច​ទទួល​បាន​កញ្ចប់​ពិន្ទុ​បន្ថែម ​ព្រម​ទាំង​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត។

​លោក​ ពិសិដ្ឋ ​បាន​ថ្លែង​ថា៖ “​យើង​មាន​ក្តី​រំភើប​ខ្លាំង​ដែល​បាន​ចាប់​ដៃ​គូ​ជាមួយ​ក្រុមហ៊ុន Smart សម្រាប់​រដូវកាល​ថ្មី​នេះ។ ​ក្រុមហ៊ុន​ Smart ​ពិត​ជា​ចាប់​អារម្មណ៍​ចំពោះ​ការ​គាំទ្រ​ និង​លើក​កម្ពស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហ្គេម​ដូចជា​ពួក​យើង។ភាពជា​ដៃគូ​នេះ​អាច​ឱ្យ​យើង​នាំ​យក​ហ្គេម​ខ្មែរ​របស់​យើង​ទៅ​កាន់​កម្រិត​បន្ទាប់​ទៀត ​ទទួល​បាន​អតិថិជន​បន្ថែម​ទៀត​ និង​ចែកចាយ​បទ​ពិសោធន៍​ដ៏​រីករាយ​បន្ថែម​ទៀត​ដល់​អ្នក​លេង​ហ្គេម​កម្ពុជា ​ជា​ពិសេស​អតិថិជន​របស់​ក្រុមហ៊ុន​ Smart”។

​លោក ​Thomas Hundt ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Smart Axiata ​បាន​មាន​ប្រសាសន៍​ថា​៖​ “យើង​មាន​ការ​កោត​សរសើរ​ដែល​ក្រុមហ៊ុន​អភិវឌ្ឍន៍​ហ្គេម​កម្ពុជា​កំពុង​បង្កើត​ហ្គេម​ទូរស័ព្ទ​ដែល​អាច​ឱ្យ​មនុស្ស​ចូល​លេង​បាន​នៅ​ទូទាំង​ប្រទេស ​ហើយ​ក៏​មាន​សក្តានុ​ពល​ទាក់ទង​អ្នក​លេង​ហ្គេម​អន្តរជាតិ​ផង​ដែរ​។ វា​បង្ហាញ​ពី​វឌ្ឍនភាព​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នៃ​វិស័យ​ហ្គេម​ទូរស័ព្ទ​របស់​កម្ពុជា ​និង​បង្ហាញ​ថា​ កម្ពុជា​អាច​ដើរ​តួនាទី​ដ៏​ធំមួយ​ក្នុង​កំណើន​កីឡា​អេឡិចត្រូនិច​ក្នុង​តំបន់ ​និង​ពិភពលោក”។

លោក​ Thomas​ បាន​បន្ថែម​ថា៖ “នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​ដែល​យើង​បាន​សហប្រតិបត្តិ​ការជា​មួយ​ក្រុមហ៊ុន ​DirexPlay។ ​កាល​ពី​ឆ្នាំ​មុន ​យើង​បាន​សហការ​គ្នា​ផលិត​ហ្គេម​មួយ​ឈ្មោះ​ថា ​Oum Tuk by Smart ​ដើម្បី​អបអរ​ដល់​ពិធី​បុណ្យ​អ៊ុំទូក​របស់​កម្ពុជា​។ តាម​រយៈ​ការ​ទាញ​យក​ទេព​កោសល្យដ៏​ស្ទាត់​ជំនាញ​ក្នុង​ស្រុក ​យើង​អាច​គ្រប់គ្រង​អំណាច​បច្ចេក​វិទ្យា​ក្នុង​ស្រុក​បាន​ដើម្បី​ប្រាប់​រឿងរ៉ាង​របស់​កម្ពុជា​ដោយ​ប្រើប្រាស់​សំឡេង​កម្ពុជា​ពិត​ប្រាកដ”។

ក្រុមហ៊ុន​ Smart Axiata បន្ត​នាំ​មុខ​គេ​ខាង​ផ្នែក​កំណើន​កីឡា​អេឡិចត្រូនិច​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈកម្មវិធី​ប្រកួត​ហ្គេម​ផ្សេង​ៗ ​និង​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុង​ស្រុក។ ​ក្នុង​ឆ្នាំ​២០២០ ក្រុមហ៊ុន​ Smart ​បាន​ចូលរួម​រៀប​ចំការ​ប្រកួត​លេង​ហ្គេម​ Kingdom of Legends ដែល​ជា​ព្រឹត្តិការណ៍​ប្រកួត​ហ្គេម​អេឡិចត្រូនិច​ធំ​បំផុត​នៅ​កម្ពុជា​ ដែល​មាន​ប្រាក់​រង្វាន់​សរុប​ចំនួន​ ៣២.០០០​ដុល្លារ​អាមេរិក​។ Leng Center ​ផ្តល់​ជូន​អ្នក​នូវ​មុខ​ងារ​ថ្មីៗ​ ជា​ច្រើន​ ដែល​ផ្តល់​ឲ្យ​អ្នក​នូវ​បទ​ពិសោធន៍​លេងហ្គេម​ដ៏​សម្បូរ​បែប៕

អត្ថបទ៖ វិធាវី

មតិយោបល់