• 2021-04-14 08:05:56
  • បាល់ទាត់

១៣ ប្រកួត​ជាប់​គ្នា​ Real មិន​ចាញ់​សោះ ​តើ​យប់​នេះ​ Liverpool ​អាច​បញ្ចប់​បានទេ​?

  • 2021-04-14 08:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អធិរាជ​ស​ Real Madrid ​មិន​ទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ឡើយ​​ក្នុង​ចំណោម ១៣ ប្រកួត​ចុង​ក្រោយ​គិត​គ្រ​ប់​ពាន​រង្វាន់។ ​ខណៈ​យប់​នេះ​​ពួក​គេ​ត្រូវ​​​ទៅ​លេង​​ទឹក​ដី​ហង្សក្រហម​​ Liverpool ​ក្នុង​ជំនួប​ជើង​ទី​២​ពាន​រង្វាន់ Uefa Championleague វគ្គ​៨​ក្រុម​ចុង​ក្រោយ​​វេលា​ម៉ោង​២​យប់​រំលង​អាធ្រាត្រ​។ តើ​ការ​ប្រកួត​នេះ​ហង្ស​អាច​បញ្ឈប់​ការ​មិន​ចាញ់​សោះ​របស់​ស្ដេច​ស​នេះ​បាន​ដែរ​ឬទេ​?

​​​ប្រិយមិត្ត​ពិត​ជា​បាន​ដឹង​ហើយ​ថា កាល​ពី​ជើង​ទី​១​ក្រុម​ទាំង​ពីរ​ប៉ះ​គ្នា​ពិត​ជា​ជក់​ចិត្ត​​ខ្លាំង​ណាស់​​ ហើយ​ក្រុម​ហង្ស​​ក្រហម​​មិន​អាច​រក​បាន​លទ្ធផល​ល្អ​ឡើយ​ដើម្បី​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ​ពោល​គឺ​ចាញ់​៣-១ នៅ​ទឹក​ដី​អេស្ប៉ាញ​។ ប៉ុន្តែ​ចំណុច​ដែល​គួរឲ្យ​ចាប់​អារម្មណ៍​ក្រោយ​ចប់​ការ​ប្រកួត​លោក Jurgen Klopp អ្នក​ចាត់​ការ​ក្រុម​ហង្ស​ក្រហម​បាន​ពោល​ថា បរាជ័យ​​នោះ​អាច​បណ្ដាល​មក​​ពី​កីឡាករ​របស់​លោក​មិន​សម​ជា​មួយ​​ទីលាន។

​បើ​និយាយ​ពី​ទម្រង់​លេង​បច្ចុប្បន្ន​របស់​ហង្ស​ដែល​ជា​ម្ចាស់ផ្ទះ​ ​ពួក​គេ​ទំនង​ជា​ត្រូវ​ការ​គ្រាប់​បាល់ ហើយ​ច្បាស់​ណាស់​ពូក​គេ​នឹង​ប្រឹងប្រយុទ្ធ​ស្វែង​រក​គ្រាប់​​បាល់​​​ឲ្យ​បាន ​ដើម្បី​អាច​​បន្ត​ដំណើរ​ទៅ​វគ្គ​បន្ទាប់​។ ប៉ុន្តែកីឡាករ​របស់​ Liverpool ​មាន​អ្នក​របួស​ជា​ច្រើន​តួយ៉ាង​ដូច​ជា​ Joe Gomez, Virgil van Dijk ​និង Joel Matip ​ដែល​សុទ្ធសឹងតែ​ជា​ខ្សែ​ការពារ​សំខាន់​ ដែល​កង្វះ​​ខ្សែការពារ​នេះ​ក៏​​អាច​ជា​ដើម​ហេតុ​នៃ​ការ​ពិបាក​​ក្នុង​លេង​យប់នេះ​​ផង​ដែរ​ ជាង​នេះ​​ទៅ​ទៀត ប្រធាន​ក្រុម Jordan Henderson ​ក៏​ស្ថិត​ក្នុង​​ស្ថាន​ភាព​ដែល​មិន​អាច​ជួយ​ក្រុម​បាន ដោយសារ​​​មិន​ទាន់​បាន​ហាត់​គ្រប់គ្រាន់​។

​​​​​​ចំណែក​ក្រុម​ Real Madrid វិញ​ក៏​មិន​មែន​គ្មាន​កីឡាករ​របួស​ដែរ​ថ្បិត​ថា ពួក​គេ​លេង​បាន​ល្អ​ប៉ុន្តែ​​​គេ​ក៏​មាន​កីឡាករ​របួស​ច្រើន​ដែរ​ដូច​ជា ប្រធាន​​ក្រុម​ Ramos, Dani Carvajal , Varane ខណៈ​ដែល Lucas Vazquez ក៏ទំនង​ជា​មិន​អាច​ជួយ​ក្រុម​បាន​ទៀត ដោយសារ​​ប៉ះ​ទង្គិត​កាល​ជំនួបEl Clasico ​​កាល​ពី​ចុង​សប្ដាហ៍​មុន។ ស​ម្រាប់​ Eden Hazard វិញ​ក៏​មិន​រំពឹង​អាច​ជួយ​ក្រុម​បាន​សម្រាប់​យប់​នេះ បើ​ទោះ​ជា​គេ​​​ត្រូវ​បាន​​គេ​ដឹង​ថា នឹង​អាច​វិល​មក​កាន់​ទីលាន​វិញ​ឆាប់​ៗ​ក៏​ដោយ​។

​ដូច្នេះ​ជម្រើស​១១​នាក់​សម្រាប់​ក្រុម​ទាំង​ពីរ​អាច​ជា៖

Liverpool៖ Alisson; Alexander-Arnold, Phillips, Kabak, Robertson; Fabinho, Wijnaldum, Milner; Salah, Firmino, Mane ។

Real Madrid ៖ Courtois; Odriozola, Nacho, Militao, Mendy; Casemiro, Kroos, Modric; Asensio, Benzema, Vinicius Jr ។

រំលឹក​ថា ១៣ ប្រកួត​​ចុង​ក្រោយ​របស់​ Real គឺ​ឈ្នះ ១១ និង​ស្មើ​២​លើក ខណៈ​ដែល​ Liverpool ​វិញ​៥​ប្រកួត​​ចុង​ក្រោយ​ចាញ់​តែ Real នេះ​ប៉ុណ្ណោះ​ពោល​គឺ​ឈ្នះ​៤ ៕ ​​​

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់