• 2021-04-05 08:59:03
  • ប្រដាល់

ចាន់ រតនា និង Danny Kingad វិភាគជំនួបខ្សែក្រវាត់ Moraes និង Johnson

  • 2021-04-05 08:59:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកលេងគុនចម្រុះកម្ពុជា ចាន់ រតនា និងអ្នកលេងគុនចម្រុះហ្វីលីពីន Danny Kingad សុទ្ធតែធ្លាប់ប្រកួតជាមួយកីឡាករចិន Wei Xie ដូចគ្នា ប៉ុន្តែលទ្ធផលមិនដូចគ្នាទេ។

ថ្ងៃនេះអ្នកលេងគុនចម្រុះទាំងពីរនាំគ្នាវិភាគជំនួបសំខាន់ដែលម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Flyweight កីឡាករប្រេស៊ីល Adriano Moraes ត្រូវឡើងការពារខ្សែក្រវាត់ជាមួយជើងខ្លាំងអាមេរិក Demetrious Johnson នៅព្រឹត្តិការណ៍“ONE on TNT I” ថ្ងៃពុធ ទី៧ ខែមេសាខាងមុខនេះ។

Kingad លើកឡើងថា ៖«និយាយត្រង់ចុះ គូនេះពិតជាពិបាកស្មានថានរណានឹងឈ្នះ។ ខ្ញុំធ្លាប់ប្រកួតជាមួយអ្នកទាំងពីរ ហើយខ្ញុំអាចនិយាយបានថា អ្នកទាំងពីរខ្លាំងដូចគ្នា។ Johnson ជាជើងខ្លាំងគ្រប់សម័យកាលល។ គាត់មានបច្ចេកទេសល្អ និងលឿនណាស់។ ពិបាករកដៃគូណាបញ្ឈប់គាត់»។

កីឡាករហ្វីលីពីនបន្តថា ៖«នៅពេលខ្ញុំប្រកួតជាមួយ Moraes គឺយូរដែរហើយ ហើយឥឡូវនេះគាត់ខុសប្លែកពីមុនច្រើន។ គាត់មានក្បាច់ក្រោមល្អ។ ខ្ញុំគិតថា គាត់មានប្រៀបវ៉ៃពីចម្ងាយ ដោយសារគាត់ដៃជើងវែង។ គាត់ជាជើងឯក អីចឹងគ្មានហេតុផលណាដែលគាត់មិនល្អទេ»។

ទោះជាយ៉ាងណា នៅពេលឲ្យជ្រើសរើស Kingad និយាយថា ៖«ជ្រើសរើសយក Johnson»។ ងាក់ទៅទូតសុច្ឆន្ទៈសែលកាត ចាន់ រតនា បានឲ្យដឹងថា អ្នកទាំងពីរសុទ្ធតែមានចំណុចល្អ និងលក្ខណៈពិសេសរៀងៗខ្លួនដែលមិនងាយធ្វើឲ្យដៃគូណម្នាក់សន្លប់ស្រួលៗឡើយ។

«សម្រាប់ខ្ញុំ អ្នកទាំងពីរមានចំណុចល្អរៀងៗខ្លួន។ ម្ចាស់ខ្សែក្រវាត់មានកម្ពស់ខ្ពស់ជាង និងបទពិសោធជំនាញក្រោមជឺជីតស៊ូក៏ល្អ ពីព្រោះគាត់ជាជនជាតិប្រេស៊ីល។ គាត់មានក្បាច់វ៉ៃពីចម្ងាយល្អ ហើយកម្លាំងស៊ុហ្វក៏ល្អ»។

រតនា បន្តថា ៖« Johnson ជាកីឡាករដែលមានបទពិសោធច្រើន អាយុច្រើនបន្តិច ហើយក្បាច់MMA ដ៏ល្អ។ និយាយទៅទាំងពីរនាក់ប្រដុំប្រសងគ្នា។ សម្រាប់ខ្ញុំ ខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង»។

រតនា ពន្យល់ថា ៖«ម្ចាស់ខ្សែក្រវាត់ខានឡើងប្រកួតយូរហើយ ដូច្នេះអាចធ្វើឲ្យប៉ះពាល់ដល់កម្លាំងស៊ុហ្វរបស់គាត់ដែរ។ តែដូចខ្ញុំគិតអីចឹង សម្រាប់ពីរនាក់ ល្អដូចគ្នា មានចំណុចខ្លាំងដូចគ្នា តែខ្ញុំទុកចិត្តលើម្ចាស់ខ្សែក្រវាត់ច្រើនជាង»។

សូមបញ្ជាក់ថា អ្នកគាំទ្រកម្ពុជាប្រហែលជានៅចាំចំពោះម្ចាស់ខ្សែក្រវាត់ខ្សែក្រវាត់ពិភពលោក ONE Flyweight ពីកីឡាករ Adriano Moraes បានឈ្នះខ្សែក្រវាត់នេះលើកដំបូងនៅទឹកដីកម្ពុជាកាលពីឆ្នាំ២០១៤ ដែលពេលនោះក៏មានវត្តមានកីឡាករ ចាន់ រតនា ប្រកួតក្នុងព្រឹត្តិការណ៍ ONE: Rise of the Kingdom៕

ដោយ៖ ស៊ីធី

មតិយោបល់