• 2021-03-19 06:44:21
  • ប្រដាល់

តិច​ច្រឡំ​ជា​តារា​ម៉ូដែល តាមពិត​​​​កីឡាការិនី​អូស្ត្រាលីស៊ិចស៊ី​ត្រូវ​វ៉ៃ​ថ្ងៃ​សុក្រ​នេះ

  • 2021-03-19 06:44:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​ប្រដាល់​អូស្ត្រាលី​​នាង Alma Junika ត្រូវ​ឡើង​​​សង្វៀន ONE Championship ដើម្បី​សាក​សមត្ថភាព​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក​ Janet Dodd នៅ​ព្រឹត្តិការណ៍​ ​ONE: Fists of Fury III។

មុន​ជំនួប​នារី​ស្រស់​សោភា​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​នា​ថ្ងៃ​សុក្រ ទី​១៩ ខែ​មីនា ​សប្តាហ៍​នេះ​ពី​កីឡដ្ឋាន Singapore Indoor Stadium ឈាន​ជើង​ចូល​មក យើង​ខ្ញុំ​សូម​បង្ហាញ​ប្រវត្តិ​ខ្លះ​ៗ​របស់​កីឡា​ការី​អូស្ត្រាលី។

ក្រឡេក​​មើល​រូប​ភាព​ជា​ច្រើន​នៅ​លើ​​​​គណនី Instagram របស់​នាង​បង្ហាញ​ឲ្យ​ឃើញ​ពី​រូប​ភាព​​​ស្រស់​ស្អាត និង​ស៊ិចស៊ី​គួរ​ឲ្យ​ទាក់​ទាញ​​ដែល​​ស័ក្តិសម​ជា​តារា​បង្ហាញ​ម៉ូដ​ ឬ​ក៏​តារា​សម្តែង​ជា​ដើម។

ប៉ុន្តែ​បើ​តាម​ដាន​ពី​ប្រវត្តិ​​រូប​វិញ​ទើប​ដឹង​ថា Alma Junika កីឡាការិនី​ប្រដាល់​សេរី​ដ៏​ឆ្នើម​ម្នាក់។

នាង​កើត​នៅទី​ក្រុង​ឡូហ្គេត រដ្ឋ​ប្រីសបេន ប្រទេស​អូស្ត្រាលី​។ ឪពុក​ម្តាយ​របស់​នាង​មាន​ប្រភព​ដើម​ពី​បាល់បានី និង​កូសូវ៉ូ ប៉ុន្តែ​ពួក​គាត់​អន្តោ​ប្រវេស​ទៅ​ប្រទេស​អូស្ត្រាលី​​ដើម្បី​ស្វែង​រក​ទីជម្រក​ថ្មី មុន​ពេល​នាង​បាន​កើត​មក។

ដើម​ឡើយ​នាង​ចាប់​អារម្មណ៍​នឹង​កីឡា​បាល់ទាត់​ទេ​ ប៉ុន្តែ​ក្រោយ​មក​គេ​ណែនាំ​នាង​ឲ្យ​ហាត់​ប្រដាល់​មួយ​ថៃ​នៅ​ពេល​នាង​អាយុ​ទើប​៨​ឆ្នាំ ហើយ​ក៏​ចាប់​ចិត្ត​ស្រឡាញ់​ខ្លាំង​ពី​ពេល​នោះ​តែ​ម្តង។

នៅ​ទឹក​ដី​អូស្ត្រាលី នាង​បាន​ក្លាយ​ជា​ការិនី​ប្រដាល់​មួយ​ថៃ​ឆ្នើម​ម្នាក់ និង​បាន​ឈ្នះ​ជើង​ឯក​ថ្នាក់​ជាតិ​កម្រិត​យុវជន​ជា​ច្រើន​លើក។ បន្ទាប់​មក នាង​បាន​ចាប់​​យក​ជំនាញ​ប្រដាល់​មួយ​ថៃ​ជា​អាជីព​។ នាង​បាន​ឈ្នះ​ខ្សែ​ក្រវាត់​អូស្ត្រាលី WMC និង​បន្ត​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​កម្រិត WBC និង​ IPCC ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ខែ ក្រោយ​ពេល​នាង​ឈាន​ដល់​អាយុ​១៨​ឆ្នាំ។

ក្រោយ​មក Alma Junika បាន​បោះ​ជំហាន​ចូល​ស្ថាប័ន​ពិភព​លោក ONE Championship និង​បាន​ប្រកួត​​ដំបូងជា​មួយ​​កីឡា​ការិនី Stamp Fairtex ​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ប៉ុន្តែ​​បន្ទាប់​ពី​តស៊ូ​៥​ទឹក​ពេញ នាង​បាន​ចាញ់​ពិន្ទ។

ពេល​នេះ​​កីឡាការិនី​អូស្ត្រាលី​ដ៏​ស្រស់​ស្អាត​​ទទួល​បាន​ឱកាស​សាក​សមត្ថភាព​ជា​មួយ​កីឡា​ការិនី​អាមេរិក Janet Dodd ដែល​ជា​អ្នក​ដណ្តើម​យក​ខ្សែ​ក្រវាត់​ឃីក​បុកសីង​ពិភព​លោក​បាន​សម្រេច​ពីStamp Fairtex កាល​ពី​ឆ្នាំ​​២០២០។

សម្រាប់​ការ​ប្រកួត​​នៅ​ថ្ងៃ​សុក្រ ទី​១៩​នេះ​ ទាំងនាង Alma Junika និង​ Janet Dodd ក្នុង​ជំនួប​មិត្ត​ភាព​ ប៉ុន្តែ​អ្នក​ទាំង​ពីរ​ដាក់​គោល​យក​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោកដែល Stamp Fairtex បាន​របូត​ពី​ខ្លួន​ធ្លាក់​ទៅ​​ជើង​ខ្លាំង​ប្រេស៊ីល Allycia Rodigue។ ដូច្នេះ​អ្នក​ឈ្នះ​អាច​នឹង​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ពី​កីឡាការិនី​ប្រេស៊ីល Allycia Rodigue៕

ដោយ៖ ស៊ីធី

មតិយោបល់