• 2021-02-25 07:01:47
  • បាល់ទះ

មកស្គាល់កីឡាករបាល់ទះឈុត B វិសាខា២រូប ដែលលេចធ្លោខ្លាំងជាងគេ

  • 2021-02-25 07:01:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមបាល់ទះវិសាខា ត្រូវបានគេចាត់ទុកជាក្រុមអាជីពខ្លាំងជាងគេ បើធៀបនឹងក្លឹបធំៗផ្សេងទៀតនៅកម្ពុជា។ បើនិយាយ​ពី​កីឡាករ​ទាំង​ឈុត A និង B គឺមានសមត្ថភាព ​បច្ចេកទេស និង​កម្ពស់ស្តង់ដារ ចាប់ពីជាង១,៨០ម៉ែត្រឡើងទៅ។

ម៉ន សុខនាង
ផល ផានីត

ចំពោះកីឡាករឈុត A ប្រិយមិត្តភាគច្រើន​ស្គាល់ហើយដូចជា គួន ម៉ុម, ពិន សារ៉ុន, ម៉ី រស្មី, វឿន វាសនា,សឿន ហេង, សួន ចាន់ណារ៉ូ, ផុល រតនៈ, ខឹម សុវណ្ណដារ៉ា, និង អាន សុខហេងជាដើម ដែល​សុទ្ធសឹងជាកីឡាករល្អ និងជាជម្រើសជាតិបាល់ទះលើក្ដាររបស់កម្ពុជា។ ប៉ុន្តែថ្ងៃ Sabay សូមបង្ហាញពីកីឡាករឈុត B ពីររូប ដែលលេងល្អនិងលេចធ្លោជាងគេបំផុតក្នុងក្រុមគឺ ម៉ន សុខនាង និង ផល ផានីត​។

បើតាមសម្ដីរបស់យុវជនជំនាញដេញបាល់លឿន សៅ តាន ជាមិត្តរួមក្រុមសុខនាង និងផានីត ជាកីឡាករឈុត B លេចធ្លោជាងគេបំផុត។ យុវជនមកពីខេត្តកំពង់ស្ពឺ បានបង្ហើបយ៉ាងនេះថា៖«​ឈុត B​ មានតែពីររូបហ្នឹងទេ រៀងលេចធ្លោជាងគេ ពីរនាក់ហ្នឹង (អា) មួយវៃ៣ម៉ែត្រ (អា) ណាល់ Er បាល់ A (ដឺមី) ផានីត»។

តាន បន្ថែមទៀតថា យុវជនមកពីខេត្តព្រៃវែងសុខនាង ល្អបាល់៣ម៉ែត្រ ពោលគឺឡើងដាច់ឡើងដាច់ ព្រោះលោតបានខ្ពស់ និងល្អគប់សឺវីស ចំណែកផានីតល្អក្នុងការធ្វើរនាំង និងដេញបាល់លឿន។ បើទោះដេញបាល់មិនសូវជាលឿនប៉ុន្មាន ប៉ុន្តែតានថាផានីតមានភាពវ័យឆ្លាត ចេះវៃបត់ឆ្វេងស្ដាំធ្ងន់ស្រាល យកពិន្ទុបានល្អ។ ចំណែករឿងល្អមួយចំណុចទៀត គឺផានីតពូកែវៃសេវាលោតស្ទើរប្រអប់​ (សឺវីសដើរ)។

ម៉ន សុខនាង ជាយុវជនជំនាញបាល់៣ម៉ែត្រមកពីខេត្កព្រៃវែង វ័យ២២ឆ្នាំ មានកម្ពស់១,៨៨ម៉ែត្រ ចូលហ្វឹកហាត់នៅក្លឹបបាល់ទះវិសាខា នៅពាក់កណ្ដាលឆ្នាំ២០១៧។ ចំណែកផានីត ជាកីឡាករជំនាញដេញបាល់លឿន (ដឺមី) មកពីខេត្តព្រៃវែងដូចគ្នា មានវ័យ២១ឆ្នាំ កម្ពស់១,៩០ម៉ែត្រ ចូលហាត់នៅក្លឹបសំបូរធន់ធានមួយនេះនៅឆ្នាំ២០១៦៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់