• 2021-02-02 08:53:03
  • ប្រដាល់

នារីខ្មែរ-អាមេរិក សុវណ្ណារី ចង់ក្លាយជាជើងឯកពិភពលោកទម្ងន់ Flyweight ទី១របស់ ONE

  • 2021-02-02 08:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានសាង កំណត់ត្រាឈ្នះលើទី២នៅស្ថាប័នប្រដាល់កំពូលប្រចាំអាស៊ី ONE Championship បន្ទាប់ពីបញ្ឈប់កីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun ក្នុងទឹកទី២ នៅព្រឹត្តិការណ៍ប្រកួត ONE: UNBREAKABLE II នារាត្រីថ្ងៃសុក្រ ទី២៩ ខែមករា នៅកីឡដ្ឋាន Singapore Indoor Stadium ប្រទេសសិង្ហបុរីនេះ។

លទ្ធផលនេះបានក្លាយជាជ័យជម្នះលើកទី២ក្នុងប្រវត្តិអាជីពរបស់ខ្លួនក្នុងការផ្តួលដៃគូក្នុងទឹកទី២ ខណៈជ័យជម្នះ៣លើកផ្សេងទៀតគឺយកឈ្នះដៃគូក្នុងទឹកទី១ទាំងអស់។

ការប្រកួតលើកទី១ក្នុងឆ្នាំ២០១៦ នៅសង្វៀនអាមេរិក Gladiator Challenge អែម សុវណ្ណារី បានផ្តួលកីឡាការិនី Lanikqua Robins ក្នុងទឹកទី១ និងការប្រកួតលើកទី២ក្នុងឆ្នាំ២០២១៧ នៅសង្វៀនដដែល កីឡាការិនីខ្មែរ-អាមេរិកបានផ្តួល Evelyn Nieve ក្នុងទឹកទី១ដែរ។

នៅឆ្នាំ២០១៨ សុវណ្ណារី បានបោះជំហានចូលសង្វៀនអន្តរជាតិ ONE Championship ដោយប្រកួតលើកទី១ បានផ្តួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova នៅព្រឹត្តិការណ៍ ONE: Mark of Greatness ដោយផ្តួលឲ្យសន្លប់ក្នុងទឹកទី១។ សម្រាប់ជ័យជម្នះលើកទី២ នាងធ្វើបានសម្រេចនៅទឹកទី២លើChoi Jeong Yun។

ចោទសួរថា តើជ័យជម្នះចុងក្រោយនេះមានន័យយ៉ាងណា? សុវណ្ណារីបានឆ្លើយថា សម្រាប់ជ័យជម្នះចុងក្រោយនេះ អែម សុវណ្ណារី ចាត់ទុកថា ជាផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែងរយៈពេលមួយឆ្នាំពេញគឺនៅឆ្នាំ២០២០ដែលនាងមិនបាន​ឡើង​ប្រកួត​ដោយសារ​ខូវិត-១៩​។ ជាពិសេសសម្រាប់គុនខ្មែរដែលជាក្បាច់គុនបុរាណខ្មែរ។

«ជ័យជម្នះនេះពិតជាមានមោទកភាពសម្រាប់គុនខ្មែរ»។ សុវណ្ណារី បានបញ្ជាក់ជាពិសេសសម្រាប់គុនខ្មែរដែលជាក្បាច់គុនបុរាណខ្មែរ។

នៅពេលសួរថា យល់យ៉ាងណាដែរអំពីជើងឯកពិភពលោក? កីឡាការិនីខ្មែរ-អាមេរិកបានឲ្យដឹងថា គ្រប់អត្តពលិកគឺមានគោលដៅខ្សែក្រវាត់ពិភពលោកដូចគ្នា។ ចំពោះនាងក៏មិនខុសពីអត្តពលិកដទៃដែរ។

សុវណ្ណារី បានបញ្ជក់ថា ៖«ខ្ញុំចង់ក្លាយជាជើងឯកពិភពលោកទម្ងន់ flyweight ទី១ប្រចាំស្ថាប័នប្រដាល់ ONE Championship»។

បើគិតចាប់តាំងពីចូលប្រឡូកក្នុងអាជីពប្រដាល់គុនចម្រុះតាំងពីឆ្នាំ២០១៦មក អែម សុវណ្ណារី បានឡើងសង្វៀនប្រកួតក្នុងមួយឆ្នាំបានតែ១ដងប៉ុណ្ណោះ ហើយនៅឆ្នាំ២០២០អត់បានប្រកួតថែមទៀត។

ដូច្នេះនាងសង្ឃឹមថា ឆ្នាំ២០២១នេះនឹងរវល់ច្រើនជាងឆ្នាំមុនៗពោលគឺទទួលបានឱកាសឡើងហោចណាស់ក៏ពីរដង ខណៈដើមឆ្នាំនាងប្រកួតបាន១លើកហើយ។ កើតនៅអាមេរិកមានឪពុកម្តាយជាខ្មែរ អែម សុវណ្ណារី មានប្រវត្តិប្រកួត៥លើកហើយគឺឈ្នះ៤ និងចាញ់១៕

អត្ថបទ៖ ស៊ីធី

មតិយោបល់