• 2021-01-26 04:43:58
  • បាល់ទះ

ឆ្លងកាត់ប៉ុន្មានប្រកួតមកនេះ តោកំណាចស្មីធំ នៅមិនទាន់ពេញចិត្តសមត្ថភាពរបស់ខ្លួន

  • 2021-01-26 04:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់ការប្រកួតបាល់ទះដណ្ដើមពានពានមិត្តភាពអបអរ «ទីវាជ័យជម្នះ៧មករា» បួនប្រកួតកន្លងមកនេះ កីឡាករ​ឆ្នើមរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្ស ដូច រស្មី ​មិនទាន់ពេញចិត្តនឹងសមត្ថភាពខ្លួននៅឡើយទេ បើទោះបីទស្សនិកជនយល់ថា គេលេងបានល្អវៃផ្ដាច់យកពិន្ទុបានច្រើនក្ដី។ នេះក៏ដោយសារគេមានវ័យជ្រេរ លេងឆាប់ហត់ ដ្បិតកម្លាំងថមថយមិនដូចមុន។

កីឡាករសំបូរពុកមាត់ និងចង្ការរហស្សនាម តោកំណាចស្មីធំ បានពន្យល់ថា ៖«នៅទេបងអត់ទាន់ពេញចិត្តសមត្ថភាពខ្លួនឯង ព្រោះអីឥឡូវលេងអត់បានច្រើនសិត លេងទៅបានតែពីរសិតអស់ហើយ ដូចអត់មានសុះហ្មង លេងទៅឆាប់ហត់ពេក ហាត់ដែរតែធ្វើម៉េចនៅតែឆាប់ហត់ ខ្សោយកម្លាំងធ្លាក់កម្លាំងណាស់ឥឡូវ»។

បើតាមការឱ្យដឹងពីតផកំណាចស្មីធំ រូបគេខិតខំប្រឹងណាស់ដែរ តែដោយសារកត្តាវ័យ និងបញ្ហាចង្កេះមិនទាន់ជាសះស្បើយ១០០% ទើបធ្វើឱ្យគេធ្លាក់ទម្រង់និងកម្លាំងជាងមុន។

កីឡាករជំនាញ់វៃស្ដាំរបស់ក្លឹបបញ្ជាការដ្ឋានអង្គរក្សតាំងពីឆ្នាំ២០១៥ បានរៀបរាប់ទៀតថា ៖«(ខ្ញុំ) ប្រឹងប្រែងហ្វឹកហាត់រាល់ថ្ងៃតើ តែគ្រាន់ថាយើងវាវ័យយើង​ជ្រេរដែរ អត់ដូចមុនទេបង វាបានតែ៧០% ៨០% ពីពីមុន មិនដូចមុនទេ»។

ដូច រស្មី លេងបាល់ទះឡើងខ្លាំងបំផុតនៅអំឡុងឆ្នាំ ២០១៣ ដល់ ២០១៤ ហើយការលេងរបស់កីឡាករមកពីខេត្តតាកែវ កាន់តែល្អថែមទៀត ក្រោយចូលហ្វឹកហាត់នៅក្លឹប​បញ្ជាការដ្ឋានអង្គរក្សឆ្នាំ២០១៥។ គេធ្លាប់ជួយឱ្យក្លឹបនេះ ឈ្នះជើងឯកពានរង្វាន់បាល់ទះ Leo Cup (៣ពាន់ដុល្លារ) និងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៥ (១ម៉ឺនដុល្លារ) និងជើងឯករងកម្មវិធីប្រកួតបាល់ទះ នៅបុណ្យទន្លេក្រុងកំពង់ចាមឆ្នាំ២០១៦ (ក្រសួងមហាផ្ទៃលើកពាន)៕

តោកំណាចស្មីធំ រូបភាពបញ្ជាការដ្ឋានអង្គរក្ស

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់