• 2021-01-26 03:31:15
  • បាល់ទះ

​យក្ស​មហាផ្ទៃ​ ឆ្លៀត​រត់​កង់​បី​ពេល​សម្រាក​ពី​​ហាត់​បាល់​ព្រោះ​ពឹង​ប្រាក់ខែ​ចាយ​មិន​គ្រប់

  • 2021-01-26 03:31:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ឃុន វាសនា ឬ ​ត្រូវ​បាន​​គេ​ស្គាល់​ថា ស្មាត់​ យក្ស របស់​មហាផ្ទៃ បាន​រៀបរាប់​ពី​មុខរបរ​ក្រៅ​ពី​ការ​ហាត់​បាល់ទះ​របស់​ខ្លួន​ថា ​ឆ្លៀត​រត់​កង់​បី​​ជា​រៀងរាល់​ថ្ងៃ ដើម្បី​បន្ថែម​ប្រាក់​ចំណូល​ចូល​គ្រួសារ ព្រោះ​​បើ​ពឹង​ប្រាក់​ខែ​ការងារ​ផ្គត់ផ្គង់​មិន​គ្រប់​។

​​ស្មាត់​ស្ដាំ​ដែល​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពត​រូប​នេះ​ មាន​ក្របខ័ណ្ឌ​ជា​មន្ត្រី​ប៉ូលិស​ ក្រោយ​ចូល​​ហ្វឹកហាត់​នៅ​ក្លឹប​មហាផ្ទៃ​។ យ៉ាងណា​ប្រាក់ខែ​ដែល​បាន​ពី​មន្រ្តី​ប៉ូលិស​នេះ គឺ​ជា​ថ្នូរ​ នឹង​ការ​ចូល​ហាត់​បាល់​ទះ​នេះ​ផង​ដែរ។

​ទាក់ទង​ នឹង​ជីវិត​ប្រចាំ​ថ្ងៃ​ស្មាត់​ស្ដាំ​រូប​នេះ​បាន​រៀបរាប់​ថា រូប​គេ​​ឆ្លៀត​រត់​កង់​បី​​បាន​មួយ​រយៈ​ពេល​​ហើយ។ របរ​ក្រៅ​នេះ​ គឺ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​បន្ថែម​ ពី​ព្រោះ​​បើ​ពឹង​តែ​ប្រាក់​ខែ​គឺ​ចាយ​វាយ​មិន​គ្រប់គ្រាន់​។ បច្ចុប្បន្ន​គេ​មាន​គ្រួសារ​ និង​កូន​ពីរ​នាក់​ក្នុង​បន្ទុក ហើយ​ស្នាក់​នៅផ្ទះ​ជួល​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​ដី​ហុយ​។

​​ស្មាត់​ស្ដាំ​ដែល​គេ​​តែង​​​ឃើញ​លេង​ទល់​ស្មាត់​ឌូក​រូប​នេះ ​ទើប​តែ​បាន​ចូល​លេង​​ឲ្យ​មហាផ្ទៃ​​វិញ​ ក្រោយ​ជា​ពី​របួស​បាក់ជើង​​ដោយសារ​ក្រឡាប់​កង់​បី។ បច្ចុប្បន្ន​គេ​ក៏​មិន​ទាន់​មាន​កម្លាំង​បរិបូរណ៍​ដូច​មុន​ ដើម្បី​ចូលរួម​​ប្រលូក​ក្នុង​សមរភូមិ​តារាង​នានា​វិញ​​បាន​ដែរ។

​ក្នុង​ការ​ចូលលេង​ឲ្យ​មហាផ្ទៃ​​ក្នុង​ពាន​រង្វាន់ ​មិត្តភាព​៧​មករា​ គេ​ក៏​បាន​ចូលរួម​ជួយ​ក្រុម​របស់​ខ្លួន​ឲ្យ​ទទួល​បាន​លេខ​២ ​ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ចំនួន ៤ ​រក​បាន ៧ ពិន្ទុ​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់