• 2021-01-18 07:02:48
  • បាល់ទះ

តោកំណាចស្មីធំល្អដូចផ្ដា ប្រកួត៥សិតខូចតែ ៥ ទៅ ៦ គ្រាប់ប៉ុណ្ណោះ

  • 2021-01-18 07:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងជំនួបមិត្តភាពដកស្រង់បច្ចេកទេស ជាមួយក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗ តោកំណាចស្មីធំ បានបង្ហាញសមត្ថភាពគួរឱ្យស្ញើចសរសើរ ដោយ៥សិតរូបគេធ្វើឱ្យខូចបាល់ចន្លោះពី៥ទៅ៦គ្រាប់ប៉ុណ្ណោះ។

រូបភាពក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស

ចាប់ពីសិតទី១ដល់សិតទី២ តោកំណាចស្មីធំ ដែលមានឈ្មោះដើម ដូច រស្មី បានបង្កព្យុះភ្លៀង និងវៃផ្ដាច់បាល់យកពិន្ទុបានរហូត ​ធ្វើឱ្យក្រុមគូរប្រកួតរងសម្ពាធខ្លាំង ហើយក្រុមបញ្ជាការដ្ឋានអង្គរក្សរបស់គេ ក៏ទទួលបានជ័យជម្នះនាំមុខពីរសិតសូន្យ។

ចូលដល់សិតទី៣ដល់ទី៥ ថ្វីបើក្រុមបញ្ជាការដ្ឋានអង្គរក្សចាញ់ ប៉ុន្តែស្មាត់ធំខេត្តតាកែវ ដូច រស្មី នៅវៃផ្ដាច់បានល្អ ​ គ្មានអ្នកការពារបាន។ ត្រង់ចំណុចនេះស្មីធំបានឱ្យ Sabay ដឹងយ៉ាងខ្លីថានេះក៏ដោយសាររបួសចង្កេះរបស់គេបានធូរស្បើយច្រើន និងមានការសហការគ្នាយ៉ាងសង់តង់ក្នុងក្រុមទាំងមូល។

តោកំណាច ស្មីធំ បានបញ្ជាក់ថា ៖«ថ្ងៃមុនបង ដោយសារចង្កេះខ្ញុំធូរស្បើយ ខ្ញុំចេះតែវៃបានហើយ។ វាផ្កួបផ្សំគ្នា​បង យើងសហការគ្នាជាមួយក្រុម អ្នកប៉ះសេ ណាមួយចង្កេះយើងបានធូរទៅ ទើបលេងបានប៉ុណ្ណឹង»។

កីឡាករដែល​ជួយឱ្យក្លឹបបាល់ទះ បញ្ជាការដ្ឋានអង្គរក្ស ឈ្នះជើងឯកពានរង្វាន់បាល់ទះ Leo Cup និងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៥ បាន​ជាប់ចង្កេះក្នុងឆ្នាំ២០១៦ ក្រោយបានត្រឹមជើងឯករង កម្មវិធីប្រកួតបាល់ទះនៅបុណ្យទន្លេក្រុងកំពង់ចាម​។

គួរបញ្ជាក់ថាទោះបីក្នុងការប្រកួតមិត្តភាព កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១កន្លងទៅ ស្មីធំ បង្ហាញសមត្ថភាពល្អមែនពិត ប៉ុន្តែគេមិនអាចជួយក្រុមបានឡើយ ដោយចាញ់ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងលទ្ធផល ៣សិតទល់នឹង ២សិត៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់