• 2021-01-18 03:27:20
  • បាល់ទះ

វៃផ្ដាច់រកពិន្ទុបានច្រើន​ ប៉ុន្តែ អឹម ណារិទ្ធ ខ្សោយចំណុចមួយនេះខ្លាំង

  • 2021-01-18 03:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលប្រកួតមិត្តភាពជាមួយក្រុមបាល់ទះបញ្ជាការរដ្ឋានអង្គរក្ស អឹម ណារិទ្ធ បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលនឹងសមត្ថភាពវៃផ្ដាច់យកពិន្ទុ ប៉ុន្តែ​​ស្មាត់មកពីស្រុកអន្លង់វែង ខេត្តឧត្ដមានជ័យរូបនេះ ស្ទើរក្នុងការធ្វើរនាំងខ្លាំងដែលត្រូវពង្រឹងបន្ថែម។ នេះបើតាមការឱ្យដឹងពីលោកគ្រូ សោម ចំណាប់ គ្រូបង្វឹកក្លឹបបាល់ទះស្នងការនគរបាលរាជធានីភ្នំពេញ។

គ្រូបង្វឹកដែលជាអតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា បានប្រាប់ថា ៖«បាទ! ចំពោះណារិទ្ធហ្នឹង យើងបានឃើញហើយ ការប្រកួតកន្លងមកពីថ្ងៃទី១៥ ការប្រកួតមិត្តភាពហ្នឹង យើងឃើញសមត្ថភាពរបស់គាត់ ក្នុងចំណោមក្រុមស្នងការ គឺថ្ងៃហ្នុងគាត់ធ្វើបានល្អជាងគេ គាត់រកពិន្ទុបានច្រើន បាល់ចំគាត់គឺគាត់ផ្ដាច់បាន ទាំងការចាប់សេវ៉ា ការម៉ាត់ការផ្ដាច់គឺបានល្អ ហើយចំណុចខ្វះខាតគាត់ គឺនៅស្ទើររនាំង ព្រោះគាត់ហាត់លើឆ្នេរខ្សាច់ គឺគាត់លេងជំនាញការពារ អ៊ីចឹងទៅគាត់អត់សូវបានធ្វើរនាំងទេ ដល់ពេលមកលេងលើក្ដារ៦នាក់ហ្នឹង គាត់ស្ទើររនាំងណាស់ គាត់ស្ទើរខ្លាំង»។

លោកគ្រូ សោម ចំណាប់ បានបន្ថែមទៀតថាក្រៅពីខ្សោយក្នុងការធ្វើរនាំង កីឡាករមានឈ្មោះហៅក្រៅតាក់អន្លង់វែង​នៅស្ទើរការការពារ ដ្បិតគេមិនទាន់យល់ពីរបៀបការពារ និងមានអារម្មណ៍ភាំងៗ។ ​យ៉ាងណាក្នុងការប្រកួតមិត្តភាពលើកដំបូងរបស់តាក់ លោកគ្រូចាត់ទុកគេធ្វើបានល្អ។

បច្ចុប្បន្នកីឡាករកម្ពស់១,៨៥ម៉ែត្រ វ័យ២៤ឆ្នាំ តាក់អន្លងវែង ជាកីឡាកររបស់ក្លឹបស្នងការនគរបាល់រាជធានីភ្នំពេញ និងជាកីឡាករជម្រើសជាតិឆ្នេរខ្សាច់ ដែលកំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាម និងស៊ីហ្គេមឆ្នាំ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការប្រកួតមិត្តភាពកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅតារាងបាល់ទះបឹងកក់ ក្រុមស្នងការនគរបាលរាជធានីភ្នំពេញ បានយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្សក្នុងលទ្ធផលពិន្ទុ ៣សិតទល់នឹង២សិត៕

លោកគ្រូ សោម ចំណាប់ ពាក់ម៉ាស់

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់