• 2020-11-17 08:52:20
  • បាល់ទះ

Pacquiao ធ្លាប់​ត​ឲ្យ​ "Golden Boy” របស់​អាមេរិក​២​គីឡូ លទ្ធផល​ហួស​ការ​ស្មាន

  • 2020-11-17 08:52:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​របស់​ហ្វីលីពីន Manny Pacquiao ធ្លាប់​ប្រកួត​​​ត​ដល់​ទៅ​២​គីឡូក្រាម​ជាមួយ​កីឡាករ​អាមេរិក Oscar De La Hoya ដែល​មាន​រហស្សនាម​ថា "The Golden Boy” កាល​ពី​ឆ្នាំ​២០០៨។

ជំនាន់​នោះ De La Hoya ជា​កីឡាករ​លំដាប់​ខ្ពស់​បំផុត​ប្រចាំ​នៅ​អាមេរិក ដែល​ជា​ទូទៅ​គេ​ប្រកួត​​ក្នុង​ប្រភេទ​​គីឡូ​ធំ​៧០​គីឡូក្រាម។ ឯ Pacquiao លេង​​ក្នុង​ប្រភេទ​គីឡូ​តូច​៦១​គីឡូក្រាម​ប៉ុណ្ណោះ។ ប៉ុន្តែ​តាម​រយៈ​ការ​ផ្គូផ្គង​ព្រោះ​តែ​ចង់​ឲ្យ​កីឡាករ​ទាំង​ពីរ​ជួប​គ្នា គេ​បាន​សម្រេច​ឲ្យ De La Hoya បញ្ចុះ​គីឡូ​ ឯ Pacquiao តំឡើង​គីឡូ។

គ្រា​នោះ​គេ​បាន​កំណត់​យក​ត្រឹម​១៤៧​ផោន (៦៦,៦​គីឡូក្រាម) ដើម្បី​ប្រកួត ។ De La Hoya បាន​ធ្វើ​គីឡូ​សល់​៦៦​គីឡូក្រាម ឯ Pacquiao ខំ​តំឡើង​ដែរ តែ​បាន​ត្រឹម​​៦៤​គីឡូក្រាម​ប៉ុណ្ណោះ។ បើ​ប្រៀបធៀប​មាឌ​របស់​ពួក​គេ​ពេល​នោះ ឃើញ​ថា De La Hoya ធំ​ជាង​ឆ្ងាយ​ណាស់។

កីឡាករ​ល្បី​ៗ​ជា​ច្រើន​​ក្នុង​ពិភពលោក​បាន​ធ្វើ​ការ​ព្យាករណ៍​យក​ខាង De La Hoya ទាំងអស់​ពេល​នោះ ដោយ​សំអាង​លើ​បទពិសោធន៍ មាឌ​និង​ចម្ងាយ​ដៃ​វាយ​ចេញ។ ប៉ុន្តែ​អ្វី​ៗ​ខុស​ពី​ការ​រំពឹង​ទុក Pacquiao បាន​គ្របដណ្ដប់​​ការ​ប្រកួត​ទាំង​ស្រុង បន្ទាប់​ពី​៨​ទឹក។ ស្ថានភាព De La Hoya ហើម​មុខ​ជា​ដំណំ​ ធ្វើ​ឲ្យ​អ្នក​ឲ្យ​ទឹក​សម្រេច​បោះ​កន្សែង​​សុំ​ចុះចាញ់​ មុន​ឈាន​ចូល​ទឹក​ទី​៩។

ជា​លទ្ធផល Pacquiao បាន​យក​ឈ្នះ De La Hoya យ៉ាង​អស្ចារ្យ ជាមួយ​ទឹក​ប្រាក់​ដែល​គេ​ទទួល​បាន​រង្វង់​១៥​ទៅ​៣០​លាន​ដុល្លារ។ ឈាន​ដល់​ឆ្នាំ​២០០៩ De La Hoya បាន​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ប្រដាល់​តែម្ដង៕ ​​​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់