• 2020-11-16 03:59:34
  • បាល់ទះ

ស្រលាញ់បាល់ទះពេក លុច គឹមសៀន លាក់បាំងឪពុកម្ដាយជិត១ឆ្នាំ

  • 2020-11-16 03:59:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចប់បាក់ឌុកឆ្នាំ២០១៣ លុច គឹមសៀន ឬតាក់មហាផ្ទៃ បានប្រាប់ឪពុកម្ដាយ មកធ្វើការយកប្រាក់រៀនមហាវិទ្យាល័យ ប៉ុន្តែធាតុពិតគេមិនបានធ្វើការដូចលោកទាំងពីរគិតឡើយ គឺគេមកសម្ងំហាត់បាល់ទះនៅក្លឹបក្រសួងមហាផ្ទៃ។ ​រយៈពេលជិត១ឆ្នាំ ទើបយុវជនបង្ហើបឱ្យដឹង។ នៅពេលដឹងថាគឹមសៀនមកហ្វឹកហាត់បាល់ទះដូច្នេះ តើលោកទាំងពីរមានប្រតិកម្មដូចម្ដេច?

ស្មាត់ធំមហាផ្ទៃ លុច គឹមសៀន បានបញ្ជាក់ថា ៖«ការពិតទៅគេហៅខ្ញុំ (ហាត់) តាំងពីខ្ញុំរៀនថ្នាក់ទី១១ ប៉ុន្តែខ្ញុំសុំថាចាំប្រឡងជាប់សិន។ ដល់ពេលខ្ញុំប្រឡងជាប់ទៅ…ក៏បានមកហ្វឹកហាត់ម៉ោ។ ឪពុកម្ដាយវិញ….ដំបូងម៉ោគាត់អត់ដឹង ខ្ញុំអត់ប្រាប់គាត់ ព្រោះអីគាត់ចង់ឱ្យយើងរៀនតែមួយមុខទេ។ ដល់ពេលអ៊ីចឹងហើយ ក៏យើងមកលេង...ក៏គាត់ឃើញយើង…គាត់សួរយើង​ថា​​បានរៀនអត់? យើងថាបានរៀន ពុងរៀន...យើងបានចូលលេងអ៊ីចឹងទៅ គាត់ឃើញយើងលេងតាមទូរទស្សន៍…(ខ្ញុំ)ក៏ប្រាប់គាត់តាមដំណើរ ក៏គាត់ពេញចិត្តឱ្យយើងហាត់ទៅ»។

អំឡុងពេលហាត់ យុវជនមកពីខេត្តកំពង់ស្ពឺ ទទួលបានប្រាក់ខែពីក្លឹបមហាផ្ទៃ និងអាហាររូបករណ៍ជំនាញព័ត៌មានវិទ្យា ពីសាកលវិទ្យាល័យបៀលប្រាយ។

បើតាមសម្ដីរបស់យុវជនវ័យ២៦ឆ្នាំ ដោយសារមានកម្ពស់ខ្ពស់ ១,៨៧ម៉ែត្រ និង​ដុងពីកំណើត គេលេងបាល់ល្អតាំងពីរៀននៅអនុវិទ្យាល័យ។ ត្រឹមថ្នាក់ទី​៩ និងទី១០ គេបានយកឈ្នះស្មាត់គ្រាក់ៗក្នុងខេត្តកំពង់ស្ពឺ រួចបន្តដើរលេងតាមខេត្តផ្សេងៗទៀត។ គេឡើងខ្លាំងបំផុតនៅឆ្នាំ២០១៣។

ឱកាសក្លាយជាកីឡាករនៅមហាផ្ទៃ

ក្រោយចប់ថ្នា់ទី១២ ឆ្នាំ២០១៣ គេបានឡើងមកលេងនៅភ្នំពេញ និងបាន​យក​ឈ្នះក្មេងៗហ្វឹកហាត់នៅមហាផ្ទៃ ដែលមានអាយុស្របាលគ្នា។ ពេលនោះហើយ គេមានឱកាសចូលក្លឹបបាល់ទះដ៏ធំមួយនេះ។

ដឹងក្បួនច្បាប់នៃការហ្វឹកហាត់ និងរបៀបលេងស្តង់ដារ គឹមសៀន ឡើងខ្លាំងបំផុតនៅចន្លោះឆ្នាំ ២០១៦ ដល់ ២០១៧។ ចំណុចល្អរបស់គេគឺ ឡើងម៉ាត់ខាងស្ដាំដាច់ ចាប់សេវ៉ារឹង និងមានរនាំងធំ។ មានការខិតខំប្រឹងប្រែង គេបានជាប់ជម្រើសជាតិបាល់ទះលើក្ដារឆ្នាំ២០១៧ លេងនៅប្រទេសម៉ាឡេស៊ី និងធ្លាប់ជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់នៅឆ្នាំ២០១៩។ ដោយមានបញ្ហាសុខភាព គឹមសៀន បានសុំឈប់វិញ ក្រោយហាត់បានរយៈពេល៦ខែ។

លុច គឹមសៀន ប្រកួតជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី
ក្រុមជម្រើសជាតិបាល់ទះលើក្ដារកម្ពុជាឆ្នាំ២០១៧
លុច គឹមសៀន អំឡុងជាប់ជម្រើសជាតិឆ្នេរខ្សាច់

ពានរង្វាន់អំឡុងលេងនៅមហាផ្ទៃ

នៅមហាផ្ទៃធំរូបនេះ តែងជាប់ជម្រើស១១នាក់ដំបូង។ គេជួយឱ្យក្លឹបឈ្នះ​ពាន​​រង្វាន់បាល់ទះ Leo Cup ឆ្នាំ២០១៦ និងពានក្នុងស្រុកផ្សេង​ៗទៀត។

ស្ថានភាពគ្រួសារ និងកម្រិតវប្បធម៌

លុច គឹមសៀន កើតនៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺក្នុងគ្រួសារកសិករ។ ​ឪពុកឈ្មោះ ដួង ចន្ថា និងម្ដាយ វ៉ា សារ៉េត។ មានបងប្អូន៥នាកក់ ស្រី២ ប្រុស៣ គេជាកូនទី​៣។ គឹមសៀន រៀនចប់វិទ្យាល័យ ហ៊ុន សែន ចំបក់ និងជាអតីតនិស្សិតព័ត៌មានវិទ្យាឆ្នាំទី៤ នៃសាកលវិទ្យាល័យបៀលប្រាយ។

បច្ចុប្បន្ន គឹមសៀន គ្មានឈ្មោះក្នុងបញ្ជីកីឡាករបាល់ទះរបស់ក្លឹបក្រសួងមហាផ្ទៃ​ទៀតឡើយ ដោយគេកំពុងបម្រើការងារជាមន្ត្រី នៅអគ្គនាយកដ្ឋានអត្តសណ្ណាណកម្ម។

កាលពីពេលថ្មីៗនេះ លុច គឹមសៀន បានចូលរួមប្រកួតបាល់ទះដណ្ដើមប្រាក់លានក្រៅផ្លូវការមួយនៅក្រុងតាខ្មៅ ដោយទម្រង់លេងរបស់គេហាក់ធ្លាក់ខ្លាំង។ នេះក៏ដោយសាររូបគេ ជាប់រវល់ធ្វើការ មិនបានហ្វឹកហាត់ជាងកន្លះឆ្នាំមកហើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់