• 2020-11-13 09:26:06
  • បាល់ទាត់

Dzama Bata ខ្សែប្រយុទ្ធពិសេសជួយឱ្យបឹងកេតលើកពានលីគ២ឆ្នាំ

  • 2020-11-13 09:26:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Dzama Bata បានក្លាយជាកម្លាំងសំខាន់ និងពិសេសមួយរូប ជួយឱ្យបឹងកេតលើកពាន លីគកំពូលកម្ពុជា២ឆ្នាំ គឺឆ្នាំ២០១៦ និងឆ្នាំ​២០២០។

បើរំលឹកការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្មីៗនេះ Bata បានជួយឱ្យបឹងកេតលើក​ពាន ក្រោយរូបគេរកបាន១គ្រាប់នៅចុងម៉ោងបន្ថែម (៦នាទី) តាមស្មើក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន (១-១) ផ្ដាច់ក្ដីសង្ឃឹម និងសំឡេងអបអរ លើកពានរបស់ក្លឹបព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង។

ទោះបីជាយ៉ាងណា មុនលើកពានលីគកំពូលកម្ពុជា (MCL) ឆ្នាំ២០២០ អតីតកីឡាករព្រះខ័នរាជស្វាយរៀង និងជាម្ចាស់​ស្បែកជើងមាសឆ្នាំ២០១៤ រកបាន២គ្រាប់ម្នាក់ឯងនៅចុងម៉ោងដែរ ជួយឱ្យម្ចាស់ជើងឯក Hun Sen Cup ឆ្នាំ២០១៩ ឈ្នះក្រុម Tiffy Army ២-០។

ងាកទៅអតីតកាលបន្តិច ប្រិយមិត្តនៅចាំ​ទេថាក្នុងឆ្នាំ២០១៦ នៃតង់ទី​២ ខ្សែប្រយុទ្ធសញ្ជាតិ​នីហ្សេរីយ៉ា​ ក៏រកគ្រាប់បាលបាន១គ្រាប់ ជួយឱ្យបឹងកេតឈ្នះក្លឹបអគ្គស្នងការនគរបាលជាតិ ២-១ (សុខសវណ្ណ គ្រាប់ទី២) លើកពាន​លីគកំពូលកម្ពុជា​ នាអំឡុងពេលនោះ។ បើមិនមាន១គ្រាប់របស់ Bata នោះទេ ម្ល៉េះបឹងកេតអាចនឹងមិនបានលើកពានក៏ថាបាន។

គួរបញ្ជាក់ថាក្នុងឆ្នាំ២០១៥ បឹងកេត បានខ្ចីជើងកីឡាកររូបនេះពីក្លឹបព្រះខ័នរាជស្វាយរៀង ដើម្បីលេងពានរង្វាន់ 2015 Toyota Mekong Club Championship។ ប៉ុន្តែគេហាក់ធ្វើមិនល្អ និងបង្កកំហុសប៉េណាល់ទី ធ្វើឱ្យក្រុមនាគខៀវចាញ់ក្លឹបថៃបុរីរ៉ាំ ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាឆ្នាំ២០១៦ បឹងបានផ្ដល់ឱកាសដល់គេជាថ្មី ហើយក៏បានលើក​ពាន​លីគជាមួយក្លឹបនៅឆ្នាំ២០១៦តែម្ដង។

ចាំមើលថាតើក្រោយជួយអោយក្រុមលើ គឹម ភក្ដី ឈ្នះពានហើយនោះ កីឡាកររូបនេះ អាចមានឱកាសលេងនៅបឹងកេតដែរឬទេនារដូវកាលឆ្នាំ២០២១។ បច្ចុប្បន្ន Bata ជាខ្សែប្រយុទ្ធមុតស្រួចមួយរូប របស់ក្លឹបអង្គថាយហ្គឺរ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់