• 2020-09-14 03:02:58
  • បាល់ទាត់

គ្រូ U15 វិសាខា ទម្លាយ​​កលល្បិច២​​ ដែល​​អាច​យក​ឈ្នះ U18 បឹង​កេត​​ពាន KMH Cup 2020

  • 2020-09-14 03:02:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​លោក ឡុង រិទ្ធា គ្រូ​បង្គោល U15 ​វិសាខា​បាន​ទម្លាយ​​កលល្បិច​របស់​ខ្លួន​២​ចំណុច ដែល​អាច​យក​ឈ្នះ បឹង​កេត​ U18 ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ពាន KMH Cup 2020 ដោយ​លទ្ធផល ២-០ ​នៅ​ទីលាន​ KMH Park កាល​ពី​ថ្ងៃ​១២ ខែ​សីហា ឆ្នាំ​២០២០។

គ្រូ​បង្វឹក​ខាង​​លើ​បាន​​ឲ្យ​ដឹង​ថា ក្នុង​​ការ​ប្រកួត​សន្សំ​ពិន្ទុ​កន្លង​មក​ក្រុម​របស់​លោក​មិន​អាច​យក​ឈ្នះ​យុវជន​​បឹង​កេត​បាន​ទេ ពោល​​គឺ​ចាញ់ និង​បាន​ត្រឹម​ស្មើ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ​ក្រុម​របស់​លោក​បាន​រៀប​ចំ​រឿង​ពីរ​យ៉ាង​នេះ​ ដើម្បី​​​យក​ឈ្នះ​បឹង​កេត​គឺ ប្រើ​ក្បួន ការពារ ដើម្បី​វាយ​សុទ្ធ​តែ​ម្ដង និង​ទីពីរ គឺ​លោក​បាន​យក​យុវជន U18 វិសាខា ពីរ​រូប​មក​ជួយ​ក្រុម​បន្ថែម​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ។

គ្រូ​បង្វឹក​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា លោក​ប្រាប់​កូន​ក្រុម​ឲ្យ​ការពារ​​កម្រិត​ខ្ពស់​មួយ ធ្វើ​យ៉ាង​ណា​បិទ​បឹង​កេត​មិន​ឲ្យ​ទាត់​ចូល​ទី​របស់​ខ្លួន ហើយ​រង់ចាំ​ឱកាស​​ពេល​កីឡាករ​​បឹង​កេត​ថមថយ​កម្លាំង​ វាយ​បក​។ យ៉ាង​ណា​ការ​រៀប​ចំ​នេះ​បាន​ឲ្យ​ក្រុម​របស់​លោក​បាន​ជោគជ័យ​រួច​ទៅ​ហើយ។ លោក​មើល​ឃើញ​ថា ក្រុម​ទាំង​ពីរ​មាន​ភាព​ខុស​គ្នា​បន្តិច ដោយសារ​យុវជន​របស់​បឹង​កេត​ភាគ​ច្រើន ជា​យុវជន U18 ស្រប​ពេល​ក្រុម​របស់​លោក​ភាគ​ច្រើន​ជា​យុវជន U16 និង U15 ។

​សូម​បញ្ជាក់​ថា ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​​ក្រុម​ជើង​ឯក​បាន​ទៅ​លើ​យុវជន​វិសាខា ជើង​ឯក​រង​បាន​ទៅ​លើ​ក្រុម​យុវជន បឹង​កេត​ ក្រុម​លេខ ៣ បាន​ទៅ​លើ​ក្រុម ISI Dangkor SenChey ដែល​បាន​យក​ឈ្នះ​ក្រុម​បាល់ទាត់​ ​ក្រុម​នគរបាល​​ជាតិ​ ដោយ​បាល់​កាត់​សេចក្ដី​ប៉េណាល់ទី ៥-៤ បន្ទាប់​ពី​ស្មើ​គ្នា​ ៩០​នាទី​ ២-២ ។ ​​

ប្រាក់​រង្វាន់

  • លេខ ១ ទទួល​បាន​ពាន​១ មេដាយមាស​ម្នាក់​១​គ្រឿង ថវិកា ៤ ពាន់​ដុល្លារ​អាមេរិក

  • លេខ ២ ទទួល​បាន​មេដាយ​ប្រាក់​ម្នាក់​មួយ​គ្រឿង ថវិកា ២ ពាន់​ដុល្លារ​អាមេរិក

  • លេខ ៣ ​ទទួល​បាន​ ថវិកា ១ ពាន់​ដុល្លារ​អាមេរិក

  • លេខ ៤ ទទួល​បាន ៥ រយ​ដុល្លារ​អាមេរិក

  • ក្រុម​ Fair Play ​បាន​ទៅលើ​ក្រុម នគរបាលជាតិ​ទទួល​បាន ៣០០ ដុល្លារ​អាមេរិក

  • អ្នក​ចាំ​ទី​ល្អ សឿន រិទ្ធិវិរវឌ្ឍនា ទទួល​បាន​ ២០០ ដុល្លារ​អាមេរិក

  • អ្នក​រក​គ្រាប់​បាល់​បានច្រើន​ជាង​គេ​ សារី តៃម៉ូ ទទួល​បាន ២០០ ដុល្លារ​អាមេរិក

-​ ក្រុម​អជ្ញាកណ្ដាល​ល្អ​ទទួល​បាន ២៥០ ដុល្លារ​អាមេរិក

​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់