• 2020-08-13 04:40:52
  • បាល់ទាត់

ម៉ាត់ យ៉ាមីន៖ ខ្ញុំ​អាច​សម្រប​ខ្លួន​​តាមអ្វី​ដែល​ក្លឹប​ចង់​បាន និង​គ្រូ​ឱ្យ​ធ្វើ

  • 2020-08-13 04:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ការ​ឱ្យ​ដឹង​ពី ម៉ាត់ យ៉ាមីន គឺ​គេ​អាច​សម្រប​ខ្លួន​​​ទៅ​តាម​អ្វី​ដែល​ក្លឹប​ចង់​បាន និង​គ្រូ​បង្វឹក​ឱ្យ​ធ្វើ ក្រោយ​បង្ហាញ​​វត្តមាន​ក្នុង​ជំនួប​ក្លឹប​នគរបាល​ជាតិ​ស្មើ ០-០ ជាមួយ​គិរីវង់សុខសែនជ័យ ក្នុង​ពាន​រង្វាន់​សម្ដេច ហ៊ុន សែន លើក​ទី​១៤​ថ្នាក់​ជាតិ​ជើង​ទី​១ កាល​ពី​ម្សិលមិញ។

ទោះ​ទើប​លេង​បាន​តែ​មួយ​ប្រកួត​ក្ដី ខ្សែ​បម្រើ​រូប​នេះបង្ហើប​ថា ​គេ​ពិត​ជា​សប្បាយ​ចិត្តដែល​បាន​លេង​នៅ​ក្លឹប​អាជីព​ជា​ថ្មី​វិញ ហើយ​​គេ​និង​ក្រុម​លេង​​​យល់​ចិត្ត​គ្នា​បាន​​ច្រើន និង​ប្ដេជ្ញា​ខិត​ខំ​ប្រឹង​ឱ្យ​បាន​ល្អ និង​ខ្លាំង​ជាង​មុន។

អតីត​កីឡាករ​បឹង​កេត បញ្ជាក់​ថា ៖«អត់​មាន​បញ្ហា​អី​ទេ​បង ខ្ញុំ​អាច​សម្រប​ខ្លួន​តាម​នឹង​បាន តាម​អ្វី​ដែល​ក្លឹប​ចង់​បាន និង​គ្រូ​ឱ្យ​ធ្វើ...ពួកយើង​យល់​ចិត្ត​គ្នា​បាន​ច្រើន​បង...ខ្ញុំ​សប្បាយ​ចិត្ត​ពេល​បាន​ចូល​លេង​ម្ដង​ទៀត»។

​ជើង​ទី១ យ៉ាមីន លេង​៩០​នាទី​ពេញ ហើយ​គេ​សង្ឃឹម​​ឈ្នះ​ច្រើននៅ​ជើង​ទី​២ ខណៈ​ការប្រកួត​នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០២០ នៅ​ផ្ទះ​ក្លឹប​នគរបាល​ជាតិ។

ខ្សែ​បម្រើ​​​មិន​អាច​មើលស្រាល​បាន បន្ថែម​យ៉ាង​ដូច្នេះ ៖«លេងម្សិលមិញ​បង​ ឌុប​សង់​គាត់​ឈឺ​ ពេល​ឈឺ​អត់​មាន​អ្នកណា​លេង​ការពារ​​កណ្ដាល ក៏​យក​​ខ្ញុំ​ទៅលេង ពេល​ចឹង​វា​​ខាត​មនុស្ស​ម្នាក់​។ តែ​ជើង​ទី​២​សង្ឃឹម​ច្រើន​បង ព្រោះ​គិត​ថា​បង​ទីន​អាច​ជា​វិញ គាត់​ចូល​លេង​កន្លែង​គាត់​វិញ ខ្ញុំ​ចូល​លេង​កន្លែង​ខ្ញុំ​វិញ...ជើង​ទី​២​ប៉ូលិស​នឹង​មាន​កីឡាករ​គ្រប់​គ្រាន់​វិញ គិត​ថា​​ជើង​ទី​២​ពួកយើង​​នឹង​ទទួល​បាន​ជោគជ័យ»។

សម្រាប់​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​វិញ យ៉ាមីន ទាល់​តែ​ជើង​ទី​២​ទើប​អាច​លេង ដ្បិត​រូប​គេ​ទើប​មក​​រួមរស់​ជាមួយ​ក្លឹប​នគរបាល​ជាតិ ក្រោយ​ក្លឹប​ចាស់​បឹង​កេត​បញ្ចប់​កុងត្រា​​ ពាក់ព័ន្ធ​​រូបគេ​មាន​រឿង​អាស្រូវ​ប្រើប្រាស់​គ្រឿង​ញៀន​ កាល​ពី​ដើម​ឆ្នាំ​២០២០​ នៅ​​ក្លឹប​កម្សាន្ត​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​៕​

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់