• 2020-08-11 06:19:03
  • ប្រដាល់

ចាន់ រតនា ​បង្ហាញ​ចំណាប់អារម្មណ៍​ពេល ONE Championship និង​សែលកាត​ចាប់​ដៃគូ​គ្នា​

  • 2020-08-11 06:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ទូរគមនាគមន៍​សែលកាត​នឹង​បង្កើន​ការ​ចែកចាយ​មាតិកា​ព័ត៌មាន​ក្នុងស្រុក ​របស់ ONE Championship ដែល​បង្កើត​ឡើង​នៅ​ជុំវិញ​អត្តពលិក​ខ្មែរ ​និង​ផ្សព្វផ្សាយ​ផលិតផល​និង​ការ​ផ្ដល់​ជូន​ផ្តាច់​មុខ​ដល់​អតិថិជន​សែលកាត​និង​អ្នក​គាំទ្រ​សិល្បៈ​គុន​ទូទាំង​ប្រទេស​កម្ពុជា។

ONE Championship™ (ONE) ដែល​ជា​ស្ថាប័ន​សារព័ត៌មាន​កីឡា​អន្តរជាតិ​ធំជាងគេ​បំផុត​នៅ​ក្នុង​ទ្វីប​អាស៊ី​ បាន​ប្រកាស​នូវ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ សែលកាត ​ដែល​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​កិច្ចព្រមព្រៀង​នេះ​ គឺ​ជា​កិច្ច​សហការ​ដំបូង​គេ​បង្អស់​របស់​ ONE នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​ភាគី​ទាំងពីរ​នឹង​ធ្វើការ​រួមគ្នា ​ដើម្បី​ចែក​រំលែក​នូ​វសិល្បៈ​ក្បាច់​គុន​ចម្រុះ​ និង​ព័ត៌មាន​កីឡា​ដ៏​សម្បូរ​បែប​ជាច្រើន​ទៀត​របស់​ ONE Championship ជូន​ដល់​អ្នក​គាំទ្រ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

​អតិថិជន​សែលកាត​និ​ងអ្នកគាំទ្រ​សិល្បៈក្បាច់គុន​ចំរុះ​របស់ ONE​ នឹង​ត្រូវ​បាន​កំសាន្ត​ជាមួយ​នឹង​មាតិកា​ព័ត៌មាន​ក្នុងស្រុក ​ព័ត៌មានវីដេអូខ្លីៗ ​ព័ត៌មាន​ទូទៅ ​និង​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ​ ក៏​ដូចជា​បទ​អត្ថាធិប្បាយ​ជុំវិញ​ព្រឹត្តិការណ៍​កីឡាផ្សេងៗ​ជាច្រើនទៀតផងដែរ​ តាម​រយៈការ​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​មាន​ល្បឿនលឿន​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា។ លើស​ពីនេះ​ក្រុមហ៊ុន​សែល​កាត​នឹង​ផ្តល់​ជូន​អតិថិជន​របស់​ខ្លួន​នូវ​កញ្ចប់​ទិន្នន័យ​ផ្តាច់​មុខ​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​និង​មានតំលៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការ​ទទួល​បាន​នូវ​មាតិកា​ឌីជីថល​របស់​ ONE គ្រប់​ពេល និង​គ្រប់​ទីកន្លែង។

​ក្នុង​នាម​ជា​ដៃគូ​ផ្លូវការ​របស់ ​ONE ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រុមហ៊ុន​សែលកាត​នឹង​នាំ​យក​ស៊េរី​ខ្នាតតូច​របស់ ​ONE Warrior Series ​ទៅ​កាន់​អតិថិជន​របស់ខ្លួន ​និង​វិនិ​យោគកម្ម​វិធី​ទូត​សុឆន្ទៈ​អត្តពលកម្ម (Athlete Ambassador Programme) តាមរយៈ​ការ​អភិវឌ្ឍ​មូលដ្ឋាន​និង​ភាព​ជា​ដៃគូ​ជាមួយ​មូលដ្ឋាន​សិល្បៈ​ក្បាច់​គុន​នៅ​ក្នុង​ប្រទេស។

​លោក Hua Fung Teh ​នាយក​ប្រធាន​ក្រុម ​ONE Championship ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​៖ “ខ្ញុំ​មាន​សេចក្តី​សោ​មនស្ស ​និង​សូម​ជម្រាប​ជូន​ថា​ យើង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សហការជា​ដៃគូ​យូរ​អង្វែង​ជាមួយ​ សែលកាត ​ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ONE Championship និងសែលកាត​ នឹង​ធ្វើការចែក​រំលែក​នូវប្រវត្តិ ក៏​ដូចជា​រឿងរ៉ាវ​ជុំវិញ​សិល្បៈក្បាច់​គុន របស់​វីរ​បុរសខ្មែរ ជូនដល់បងប្អូននៅទូទាំងប្រទេសឱ្យបានស្គាល់កាន់តែស៊ីជម្រៅ ក៏ដូចជា​ចូលរួម​ជួយ​ជម្រុញ​ទឹកចិត្តបងប្អូនខ្មែរឱ្យបន្តក្តីស្រមៃ សម្រេច​បាននូវគោលដៅ​ និង​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ជីវិត។ ​ជាងនេះ​ទៀត ​អ្នកគាំទ្រខ្មែរ ​គឺ​ជា​អ្នកគាំទ្រ​ដ៏អស្ចារ្យ​និង​មាន​ទឹកចិត្ត​មុះមុត​បំផុត​ ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​រំភើប​ក្រៃលែង​ជា​ខ្លាំង​ផង​ដែរ​ ដែល​មាន​ឱកាស​អាច​នាំ​ពួកគាត់​ឱ្យ​បាន​ជួប​ស្គាល់​ជាមួយ​ជើងឯក​ល្បី​ៗ​របស់ ​ONE Championship។

​លោក​ អៀន វ៉ាតសុន (Ian Watson) ​នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត​ បានមាន​ប្រសាសន៍​ឱ្យ​ដឹង​ថា​៖ “សែលកាត​ តែងតែរិះរកនូវគំនិតច្នៃប្រឌិតថ្មីៗ​ ដើម្បី​ចងភ្ជាប់​និង​បង្កើន​ទំនាក់ទំនងជិត​ស្និទ្ធ​ជាមួយ​អតិថិជន​ និង​បង្កើត​អតិថិជន​ប្រមូល​ផ្តុំ​នៅ​តាម​បណ្តា​គ្រប់ខេត្ត​ក្រុង​ទាំងអស់។ កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​និយម​វិស័យ​កីឡាបំផុត​ ហើយជាពិសេសនោះ គឺកីឡាបែបចំបាប់តែម្តង។ ក្នុង​នោះ​ យើង​ក៏​ឃើញ​មាន​កីឡាករ​ក្នុង​ស្រុក​ដែល​មាន​ថ្វីដៃ​ល្អៗ​ជាច្រើនរូប​ ដែល​មាន​សមត្ថភាព​ទាក់ទាញ​អ្នកគាំទ្រ​បាន​យ៉ាងច្រើន​លើស​លប់​ផង​ដែរ។ តាមរយៈ​កិច្ចសហការ​ជាដៃគូ​របស់​យើង​ជាមួយ​ ONE Championship​ យើងនឹងអាចជួយលើកស្ទួយក្រុមកីឡាករខ្មែរយើង ក៏ដូច​ជាចែក​រំលែក​នូវ​រឿងរ៉ាវ​របស់​ពួកគាត់ ​ដើម្បីជម្រុញទឹកចិត្តដល់អ្នកចង់ហាត់រៀនក្បាច់គុនដទៃទៀត។ ក្នុង​នាមជា​ប្រតិបត្តិករ​ដែល​ជា​មោទន​ភាព​របស់ជាតិខ្មែរ ​យើង​ប្តេជ្ញា​នឹងពាំ​នាំនូវព័ត៌មាន​ដែលមាន​ខ្លឹមសារល្អៗ​ជូន​ដល់​បងប្អូនពលរដ្ឋខ្មែរ​ និង​បង្កើត​ថ្នាលឌីជីថល​ដើម្បីចែករំលែកព័ត៌មានល្អៗទាំងនេះ​ នៅទូទាំង​ប្រទេស​កម្ពុជា​ ក្នុងតំបន់ និងនៅជុំវិញពិភពលោក។

​យើង​ពិត​ជា​រីករាយ​ឥត​ឧបមា​ដែល​បាន​ចូលរួម​សហការជាមួយ ​ONE Championship ដើម្បី​សម្រេច​កិច្ចការ​នេះឡើង​ ក៏​ដូច​ជា​ពាំ​នាំ​នូវ​កម្មវិធីធំ​ៗ​បន្ថែម​ទៀត​ នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ។

មួយភាគ​ធំនៃប្រវត្ដិសាស្ដ្រខ្មែរ ​គឺ​ផ្សាភ្ជាប់យ៉ាង​ស៊ីជម្រៅ​ជាមួយ​នឹងក្បាច់គុនល្បុក្កតោ​ ដែល​ជាក្បាច់​គុន​បុរាណ​ខ្មែរ​ ​មានវ័យ​ចំណាស់​ជាងគេ​បំផុតមួយនៅ​លើពិភពលោក។ ​ក្រុមកីឡាករខ្មែរឆ្នើមៗរបស់ ONE Championship ក៏នឹងចូលរួម​ជួយផ្សព្វផ្សាយ​កីឡាបុរាណនេះ​ឱ្យបាន​កាន់តែ​ទូលំទូលាយ​ផងដែរ​។ លោក​ ចាន់ រតនា ដែល​ជា​កីឡាករ​ឆ្នើម​របស់​កម្ពុជា​ និង​ជា​ទូត​សុឆន្ទៈ​ថ្មីរបស់​ក្រុមហ៊ុន​សែលកាត​ផង​នោះ​ នឹង​អញ្ជើញ​មក​ចែករំលែក​នូវដំណើរជីវិត ​និង​ប្រវត្តិ​នៃការហាត់រៀនគុនខ្មែររបស់គាត់ ដើម្បី​ជួយជម្រុញទឹក​ចិត្តយុវជនខ្មែរ ​ឱ្យមានកម្លាំងចិត្ត​ឈោងចាប់ក្តីសុបិន្តរបស់ពួកគេ​ ក៏ដូចជា​ផ្តល់ការ​ណែនាំ​ឱ្យ​ពួកគេ​ទទួលបាននូវប្រភពព័ត៌មានល្អៗ។ ទន្ទឹមនឹងនោះ សែលកាត ក៏នឹង​សហការ​ជាមួយលោក​ រតនា ដើម្បីជួយគាំទ្រដល់ពលរដ្ឋនៅក្នុងសហគមន៍ ឱ្យ​ទទួល​បាននូវការ​បណ្តុះ​បណ្តាល​វិធី​ការពារ​ខ្លួន ​និង​ការហាត់រៀនក្បាច់គុនដោយឥតគិតថ្លៃ នៅ​តាម​បណ្តា​ក្លឹបហាត់​ប្រាណ​ដែល​ជា​ដៃ​គូ​របស់​ក្រុមហ៊ុន​សែលកាត ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ផងដែរ។

លោក ចាន់ រតនា ដែលជាកីឡាករឆ្នើមម្នាក់របស់ ONE បានមានប្រសាសន៍ឱ្យដឹងថា៖ “ខ្ញុំពិតជា មាន​កិត្តិយស​ខ្លាំង​ណាស់ ​ដែល​មាន​ឱកាស​បាន​ចូលរួម នៅ​ក្នុង​យុទ្ធនាការ​នាំ​យក​ក្បាច់គុន​ចម្រុះ មក​បង្ហាត់​បង្ហាញនៅក្នុងប្រទេស​កម្ពុជា។ ក្នុងនាមជាកីឡាករជើងឯកម្នាក់របស់ ONE Championship ខ្ញុំ​មាន​កាតព្វកិច្ចក្នុងការបង្ហាញជូនអ្នកគាំទ្រទាំងអស់ នៅក្នុង​ប្រទេស​ដែលជា​ទឹកដីកំ​ណើត​របស់​ខ្ញុំ​មួយ​នេះ នូវគុណ​តម្លៃ​ពិតប្រាកដ​នៃ​ការ​ហាត់​ក្បាច់​គុន​ និង​អំពី​វិធី​ដែល​យើង​អាច​កែប្រែ​ជីវិត​របស់​យើង​ឱ្យ​កាន់តែប្រសើរ តាមរយៈការអនុវត្តទៅតាមគោលការណ៍នៃការហាត់ក្បាច់គុននេះ។ ការទទួល​បាន​ងារជាទូតសុឆន្ទៈផ្លូវការរបស់សែលកាត គឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់រូបខ្ញុំ ហើយ​ខ្ញុំពិត​ជាមាន​ក្តីរំភើបជាខ្លាំង​ ដែលទទួល​ បាន​ឱកាស​ដើម្បីចែក​រំលែកនូវ​ដំណើរជីវិត​នៃ​ការ​ហាត់​រៀនក្បាច់គុន និងវិធីការពារខ្លួនជូន​ដល់អ្នកគាំទ្រ​ទាំងអស់នៅទូទាំងប្រទេសកម្ពុជា។

អត្ថបទ៖ វ៉ាន់ សក្ដិ

មតិយោបល់