- 2020-07-30 02:54:29
- ប្រដាល់
Superbon៖ ជីវិតខ្ញុំចាប់ផ្ដើមមានពន្លឺ ដោយសារប៊ូខាវ
- 2020-07-30 02:54:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Superbon៖ ជីវិតខ្ញុំចាប់ផ្ដើមមានពន្លឺ ដោយសារប៊ូខាវ
ចន្លោះមិនឃើញ
Superbon នឹងប៉ះកីឡាកររួមជាតិ Sitthichai Sitsongpeenong នៅក្នុងកម្មវិធី ONE: NO SURRENDER នៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី៣១ ខែកក្កដា។ នេះជាលើកទី៣ ហើយ ដែលជើងខ្លាំង Kickboxing លំដាប់ពិភពលោកទាំង២ ត្រូវប៉ះគ្នា ដោយ២លើកដំបូង ឈ្នះចាញ់គ្នាម្ដងម្នាក់ ក្នុងសង្វៀន Kunlun។
Superbon កើតនៅខេត្តផាថាលុង ភាគខាងត្បូងប្រទេសថៃ ជាទីដែលរូបគេចាប់ផ្ដើមហាត់ប្រដាល់ថៃ នៅអាយុ ៥ឆ្នាំ និងចូលប្រកួតលើកដំបូងនៅអាយុ ៦ឆ្នាំ។
នៅអាយុ ១៨ឆ្នាំ Superbon បានផ្លាស់ទៅរាជធានីបាងកក ដើម្បីស្វែងរកឱកាសប្រកួតក្នុងសង្វៀនធំៗ។ "ខ្ញុំហត់ណាស់ពេលនោះ ព្រោះត្រូវហាត់ពីព្រលឹម មុនពេលទៅរៀន និងហាត់ទៀតពេលចេញពីរៀន"។ ប៉ុន្តែនៅទីបំផុត ជីវិតរបស់ Superbon បានប្រសើរឡើង ក្រោយពេលបានជួបវីរបុរសប្រដាល់ Buakaw Banchamek ក្នុងឆ្នាំ២០១៣ នៅអូស្រ្ដាលី។
"ខ្ញុំមានឱកាសបានហាត់ជាមួយគាត់ពេលនោះ។ ហើយនៅពេលយើងត្រឡប់មកថៃវិញ គាត់បានស្នើឲ្យខ្ញុំទៅហ្វឹកហាត់ជាមួយគាត់។ គាត់ថាបើខ្ញុំចូលក្លឹបរបស់គាត់ ហើយបន្ថែមឈ្មោះ Banchamek គាត់នឹងយកខ្ញុំទៅប្រកួតអន្តរជាតិច្រើន"។
ដោយសារតែពេលនោះ Superbon មិនទាន់ចុះកុងត្រានៅក្លឹបណានៅឡើយ ដូច្នេះវាជាពេលល្អបំផុត ដែល Superbon សម្រេចចិត្តចូលក្លឹប Banchamek។
"វាជាចំណុចផ្លាស់ប្ដូរដ៏ធំក្នុងជីវិតខ្ញុំ។ ខ្ញុំរកឃើញពន្លឺ ដែលនាំខ្ញុំទៅកាន់ដំណើរជីវិតថ្មី។ ខ្ញុំបានចាប់ផ្ដើមហាត់ Kickboxing ដោយសារ Buakaw។ ខ្ញុំបានបញ្ឈប់ការហ្វឹកហាត់ Muay Thai ទាំងស្រុងតែម្ដង..."។
"Buakaw បានហាត់ Kickboxing រាប់ឆ្នាំមកហើយ។ គាត់គឺដូចជាគ្រូតា Kickboxing ម្នាក់។ ខ្ញុំបានផ្លាស់ទៅកាន់ Kickboxing បានយ៉ាងល្អ ក៏ព្រោះតែបានហាត់ជាមួយ Buakaw។ ខ្ញុំហាត់ដូចអ្វីដែលគាត់បានហាត់ដែរ ទាំងបច្ចេកទេស និងរបៀបបញ្ចេញអាវុធ។ ខ្ញុំរៀនគ្រប់ក្បាច់ទាំងអស់ពីគាត់"។
នៅឆ្នាំ ២០១៥ Superbon ត្រូវបានគេទទួលស្គាល់ថាជាអ្នកប្រដាល់ Kickboxing លំដាប់អន្តរជាតិ១រូប។ នៅឆ្នាំ ២០១៦ Superbon អុកឡុកសង្វៀន Kickboxing កាន់តែខ្លាំង ដោយក្លាយជាជើងឯក Kunlun Fight World MAX ដែលរួមទាំងការសងសឹកបានសម្រេចលើ Sitthichai ផងដែរ (លើកទី១ ចាញ់ Sittichai)។
"ខ្ញុំមានអារម្មណ៍ថាសំណាងណាស់ ដែលបាននៅជិត Buakaw ហើយហាត់ក្បាច់ Kickboxing ពីគាត់។
Superbon បានឈ្នះជើងឯក Kickboxing ជាច្រើនទៀត រួមទាំងឈ្នះ IPCC Kickboxing World Title នាឆ្នាំ២០១៩ ក្រោយឈ្នះជើងខ្លាំង Singdam Kiatmoo9 និង Davit Kiria ។
ជោគជ័យទាំងអស់នោះហើយ ដែលត្រួសត្រាយផ្លូវ ឲ្យអ្នកប្រដាល់វ័យ ២៩ឆ្នាំ បានចូលសង្វៀន ONE Championship ដោយត្រូវប៉ះសត្រូវចាស់ Sittichai ថ្ងៃទី៣១ ខែកក្កដានេះ។ បើឈ្នះ នោះ Superbon នឹងកាន់តែល្បី លើវិថី Kickboxing។
ជាចុងក្រោយ Superbon បាននិយាយថា៖
"និយាយតាមត្រង់ ខ្ញុំពិតជាសរសើរ Buakaw ណាស់។ ខ្ញុំគោរពគាត់ និងចាត់ទុកគាត់ថាជា idol របស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សគ្រប់គ្នាចងចាំខ្ញុំ ដូចចងចាំBuakaw ដែរ"៕