• 2020-06-30 07:30:50
  • ប្រដាល់

ក្បាច់គុនជួយឲ្យ អែម សុវណ្ណារី បាត់ភាពអៀនខ្មាស និងភ័យខ្លាច

  • 2020-06-30 07:30:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនីកូនខ្មែរនៅអាមេរិក អែម សុវណ្ណារី បានឈានជើងចូលសង្វៀនលំដាប់ពិភពលោក ONE Championship បានពីរលើករួចមកហើយគិតត្រឹមពេលនេះក្រោយមានបទពិសោធន៍នៅអាមេរិក។ សុវណ្ណារី ផ្ដួលកីឡាការិនីអ៊ុយក្រែន Iryna Kyselova ឲ្យសន្លប់ដោយកណ្ដាប់ដៃត្រឹម ៦១ វិនាទី កាលខែ ធ្នូ ឆ្នាំ ២០១៨ នៅប្រទេសម៉ាឡេស៊ី មុនពេលចាញ់ដោយក្បាច់ឃ្លេរបស់ កីឡាការិនីប្រេស៊ីល Rayane Marques Bastos ត្រឹមទឹកទី ១ វិញក្នុងរយៈពេលមួយឆ្នាំបន្ទាប់នៅសង្វៀនដដែលប្រទេសដដែល។

បែបណាក្ដី រឿងហាត់ក្បាច់គុននេះបានធ្វើឲ្យរូបគេមានភាពខុសប្លែក និងតស៊ូខ្លាំងក្លារួមទាំងទំនុកចិត្តដើម្បីលុបបំបាត់ភាពភ័យខ្លាច និង ភាពខ្មាសអៀន។ ក្នុងនោះមានរឿងរ៉ាវជាច្រើនមុនពេលរូបគេទទួលបានកិច្ចសន្យាប្រកួតនៅសង្វៀនអន្តរជាតិ ONE Championship។ សុវណ្ណារី បានរៀបរាប់យ៉ាងដូច្នេះ៖«[ក្បាច់គុន] គឺជាផ្នែកសំខាន់ណាស់សម្រាប់ខ្ញុំព្រោះពីមុនខ្ញុំអៀនច្រើន និង មិនចូលចិត្តរករឿងរ៉ាវឈ្លោះគ្នាទេ។ ប៉ុន្តែពេលអ្នកនៅក្នុងទ្រុង ឬ លើសង្វៀន អ្នកត្រូវតែប្រឈមមុខដាក់គ្នាដោយប្រើក្បាច់បច្ចេកទេសវ៉ៃ»។

ការប្រកួតបានធ្វើឲ្យ សុវណ្ណារី ក្លាយជាស្ត្រីដ៏រឹងមាំម្នាក់, មានទំនុកចិត្ត, និង ស្ដែងចេញនូវទេពកោសល្យក្នុងក្បាច់គុនចម្រុះ។

គេជាកីឡាការិនីជាប់កិច្ចសន្យានៅ ONE ដូចកីឡាករ ខុន ស៊ីចាន់ និង ចាន់ រតនា របស់កម្ពុជាដែរនាពេលបច្ចុប្បន្ន។ កីឡាការិនីរហស្សនាម «THE SWEET SAVAGE» តែងតែមានមោទនភាពប្រកួតតំណាងឲ្យកម្ពុជា ហើយរូបគេគ្រោងនិយាយភាសាខ្មែរមកកាន់ប្រជាជនកម្ពុជាពេលមានឱកាសឡើងប្រកួតលើកក្រោយបន្ទាប់ពីចាប់ផ្ដើមរៀនភាសាខ្មែរតាំងពីដើមឆ្នាំ២០២០ នេះ។

កាលដំបូងឡើយ សុវណ្ណារី មិនសូវមានភាពក្លាហាន និង ទំនុកចិត្តទេ ហើយឥឡូវនេះខុសពីមុនឆ្ងាយណាស់។ កីឡាការិនីកូនខ្មែរនៅអាមេរិកសារភាពទៀតថាបច្ចុប្បន្នមិនមានភាពភ័យខ្លាច និង តែងតែគិតអំពីការអភិវឌ្ឍខ្លួនលៃលកយ៉ាងណាឲ្យជីវិតកាន់ប្រសើរខុសកាលពីមុនទាំងអារម្មណ៍ និង ក្បាច់គុន។

សុវណ្ណារី ក៏ធ្លាប់នឹកភ្នកអំពីចាប់ដៃគូជាមួយអតីតកីឡាករគុនចម្រុះ Yves Edwards ដើម្បីចងក្រងសៀវភៅរឿងរ៉ាវកាលនៅក្មេងដែលជួយជែករំលែកនូវជំនាញបានមកពីការផ្ដល់ឲ្យរបស់ក្បាច់គុនផងដែរ។

សុវណ្ណារី គូសបញ្ជាក់ថា៖«សៀវភៅនោះគឺរៀបរាប់អំពីតម្លៃជីវិតកាលនៅកុមារតាមរយៈក្បាច់គុន។ ពេលខ្លះ ក្បាច់គុនមានផលអាក្រក់។ ពេលខ្លះ ម៉ាក់ប៉ាបានគិតថា វាជាអំពើហិង្សា ឬ វាជាការសម្លុតនិង គំរាមកំហែង [ប៉ុន្តែតាមពិតវាផ្ទុយពីមតិនេះទេ]»។

សុវណ្ណារី តែងតែគិតអំពីកាយវិការ និងផលប៉ះពាល់ជាវិជ្ជមានពីក្បាច់គុន។ កីឡាការិនីកូនខ្មែរនៅអាមេរិករូបនេះមានភាពដាក់ខ្លួន និង តម្រង់គោលដៅដើម្បីប្រកួត និងស្វែងរកជ័យជម្នះនៅកម្រិតខ្ពស់មួយ។ ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship។

អត្ថបទ៖ ស៊ីធី

មតិយោបល់