• 2020-06-21 04:08:11
  • ប្រដាល់

អ្នកប្រដាល់ថៃទាំង ៥រូប ដែលកំពុង​កាន់កាប់​ខ្សែក្រវាត់​ពិភពលោក នៅសង្វៀន ONE

  • 2020-06-21 04:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​បានដឹងហើយថា ថៃ មានកីឡាករ​ប្រដាល់ខ្លាំងៗ ល្បីៗជាច្រើន ដែល​កំពុង​អុកឡុក​ក្នុង​សង្វៀន​ប្រដាល់ធំៗក្នុងលោក មិនថា​ប្រដាល់សេរី ឬប្រដាល់ Kickboxing នោះទេ។

ជាក់ស្ដែង នៅសង្វៀនធំជាងគេ​ក្នុងតំបន់អាស៊ី ONE Championship ​មានអ្នកប្រដាល់ថៃ ដល់ទៅ ៥រូប កំពុង​កាន់កាប់​ខ្សែក្រវាត់​ពិភពលោក តាមប្រភេទទម្ងន់ផ្សេងៗគ្នា ទាំង​ក្នុងប្រភេទ​កីឡា​​ប្រដាល់ Muay Thai ទាំង​ប្រដាល់ Kickboxing។

អ្នកប្រដាល់ថៃ ទាំង ៥រូប​នោះ មានដូចខាងក្រោម៖

១. ពេជ្រមរកត (Petchmorakot Petchyindee Academy)៖ ម្ចាស់​ខ្សែក្រវាត់ Featherweight Muay Thai World Champion (៧០,៣គីឡូក្រាម)។ អ្នកប្រដាល់ថៃ វ័យ២៦ឆ្នាំ បានឈ្នះខ្សែក្រវាត់​នេះ កាលពីខែកុម្ភៈ ក្រោយ​ឈ្នះកីឡាករ​រួមជាតិ Pongsiri PK.Saenchaimuaythaigym។ គិតមកទល់ពេលនេះ ពេជ្រមរកត មិនទាន់ប្រកួតការពារ​ខ្សែក្រវាត់​របស់ខ្លួននៅឡើយទេ ដោយសារ​កម្មវិធីប្រកួតទាំងអស់របស់ ONE ត្រូវផ្អាក​បណ្ដោះអាសន្ន ក្នុង​អំឡុង​ការ​វាយលុយនៃជំងឺកូវីដ១៩។ ក្រៅពី Muay Thai ពេជ្រមរកត ក៏អាច​វ៉ៃ Kickboxing បានយ៉ាងល្អ​ផងដែរ។

២. ណុង-អូ (Nong-o Gaiyanghadao)៖ ម្ចាស់ខ្សែក្រវាត់ Bantamweight Muay Thai World Champion ៦៥,៨គីឡូក្រាម។ អ្នកប្រដាល់ថៃ វ័យ ៣៣ឆ្នាំរូបនេះ បានកាន់កាប់ខ្សែក្រវាត់នេះ តាំងពី​ដើមឆ្នាំ ២០១៩ មកម្ល៉េះ។ គិត​មកទល់ពេលនេះ មានកីឡាករ ៣រូបហើយ ដែលបានឡើងវ៉ៃ​ដណ្ដើម​ខ្សែក្រវាត់នេះពីណុង-អូ ប៉ុន្តែ​សុទ្ធ​តែទទួលបរាជ័យ ដែលរួមមានអ្នកប្រដាល់ជប៉ុន Hiroaki Suzuki, អ្នកប្រដាល់បារាំង Brice Deval និងអ្នកប្រដាល់ថៃ​ Saemapetch Fairtex។ នាពេលខាងមុខ ណុង-អូ នឹងវ៉ៃ​កីឡា Kickboxing ១ទៀត ដើម្បីសម្រេច​ក្ដីស្រមៃ កាន់កាប់ខ្សែក្រវាត់ ២ក្នុងដៃ។

៣. រ៉តថាំង (Rodtang Jitmuangnon)៖ ម្ចាស់ខ្សែក្រវាត់ Flyweight Muay Thai World Champion (៦១,២គីឡូក្រាម)។ អ្នកប្រដាល់ថៃ វ័យ ២២ឆ្នាំរូបនេះ បានកាន់កាប់​ខ្សែក្រវាត់​នេះ កាលពីខែសីហា ឆ្នាំ២០១៩ ក្រោយដណ្ដើមបានពីអ្នកប្រដាល់អង់គ្លេស Jonathan Haggerty។ គិតមកទល់ពេលនេះ រ៉តថាំង បានប្រកួត​ការពារ​ខ្សែក្រវាត់បាន​សម្រេច​ ២ដងហើយ គឺឈ្នះ​អ្នកប្រដាល់​ប្រេស៊ីល Walter Goncalves និង​បន្តឈ្នះ​អ្នកប្រដាល់អង់គ្លេស Jonathan Haggerty។ ក្រៅពី​ Muay Thai រ៉តថាំង កំពុង​ហាត់ MMA ដើម្បី​វ៉ៃ​ទាំង Kickboxing (មានជំនាញស្រាប់) និង MMA ទៀត ក្នុង​គោល​បំណង ខ្សែក្រវាត់ ៣ ម្នាក់ឯង។

៤. សាម-អេ (Sam-A Gaiyanghadao)៖ កំពុង​កាន់កាប់​​​ខ្សែក្រវាត់ ២ម្នាក់ឯង គឺ Strawweight Kickboxing World Champion និង Strawweight Muay Thai World Champion (៥៦,៧គីឡូក្រាម)។ អ្នកប្រដាល់មកពីខេត្ត​បុរីរម្យ​ វ័យ ៣៦ឆ្នាំរូបនេះ ឈ្នះ​ខ្សែក្រវាត់ Kickboxing កាលពីខែធ្នូ ឆ្នាំ២០១៩ ក្រោយឈ្នះ​អ្នកប្រដាល់​ចិន Wang Junguang។ ចំណែក​ខ្សែក្រវាត់ Muay Thai គឺបាន​កាលពីខែកុម្ភៈ ក្រោយឈ្នះអ្នកប្រដាល់អូស្រ្ដាលី Rocky Ogden។ មកទល់ពេលនេះ សាម-អេ មិនទាន់បានប្រកួត​ការពារ​ខ្សែក្រវា់តទាំង២ នេះទេ។ គួររំលឹកផងដែរថា សាម-អេ បានទម្លាក់ទម្ងន់​របស់ខ្លួនពី Flyweight (៦១,២គីឡូក្រាម) មក​ Strawweight (៥៦,៧គីឡូក្រាម) ក្រោយ​ចាញ់​អ្នកប្រដាល់អង់គ្លេស Jonathan Gaggerty ក្នុង​ការ​ប្រកួត​ការពារ​ខ្សែក្រវាត់ Flyweight Muay Thai World Champion។

៥. Stamp Fairtex កំពុង​កាន់កាប់​ខ្សែក្រវាត់ Atomweight Muay Thai (៥២,២គីឡូក្រាម)។ អ្នកប្រដាល់​ស្រីថៃ វ័យ ២២ឆ្នាំ បានឈ្នះខ្សែក្រវា់ត​នេះ កាលពីខែកុម្ភៈ ឆ្នាំ២០១៩។ មកទល់ពេលនេះ Stamp បានប្រកួត​ការពារ​ខ្សែក្រវាត់​បានម្ដង ដោយឈ្នះ​កីឡា​ការិនីអូស្រ្ដាលី Alma Juniku។ គួរបញ្ជាក់ថា ដើមឡើយ Stamp កាន់កាប់ខ្សែក្រវាត់ ២ម្នាក់ឯង ប៉ុន្តែ​បាន​របូត​ខ្សែក្រវាត់ Kickboxing វិញ ក្រោយ​ចាញ់​អ្នកប្រដាល់អាមេរិក Janet Todd កាលពីខែកុម្ភៈ ឆ្នាំ២០២០៕

រូបភាព៖ ONE Championship

ចុចអាន៖

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់