• 2020-06-15 08:00:14
  • ប្រដាល់

Pacquiao ធ្លាប់​មាន​អនុស្សាវរីយ៍​ជូរចត់​​ចូល​មួយ​ដៃ​សន្លប់​ស្ដូក ប្រពន្ធ​យំ​ហ៊ូ

  • 2020-06-15 08:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នរណា​ៗ​ក៏​ស្គាល់​ពី​សមត្ថភាព​ប្រកួត​របស់​ខ្លា​កំណាច​អាស៊ី Manny Pacquiao ប៉ុន្តែ​កាល​ពី​៨​ឆ្នាំ​មុន​គេ​​សន្លប់​​មិន​ដឹង​ខ្លួន​ដោយ​សារ​ស្នាដៃ​គូ​ប្រយុទ្ធ​រយ​ឆ្នាំ Juan Manuel Marquez សញ្ជាតិ​ម៉ិកស៊ិក។

Pacquiao និង Marquez ត្រូវ​បាន​គេ​ផ្គូផ្គង​​ឲ្យ​ជួប​គ្នា​ជា​លើក​ទី​​៤ កាល​ពី​ឆ្នាំ​២០១២ ដែល​ទីតាំង​ប្រកួត​រៀបចំ​នៅ MGM Grand Garden Arena រដ្ឋ Nevada សហរដ្ឋអាមេរិក។ ក្នុង​ជំនួប​៣​លើក​កន្លង​ទៅ​អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​ឈ្នះ​២​ដង និង​ស្មើ​គ្នា​ម្ដង។

ក្នុង​ការ​ប្រកួត​ដែល​កាល​នោះ Pacquiao មាន​វ័យ​ទើប​តែ​៣៣​ឆ្នាំ​ អ្នក​ទាំង​ពីរ​បាន​​ប្រកួត​ប្ដូរ​គ្នា​មែនទែន ដោយ​មិន​ចាំ​បាច់​ស្ទាបស្ទង់​​ព្រោះ​ធ្លាប់​ជួប​គ្នា​ច្រើន​ដង​មក​ហើយ។ រឿង​ភ្ញាក់ផ្អើល​បាន​កើត​ឡើង​នៅ​ចុង​ទឹក​ទី​៦ នាទី​២:៥៩​វិនាទី Marquez បាន​ម៉ាត់​ចូល​មុខ Pacquiao មួយ​ដៃ​ពេញ សំឡេង​​ជួង​ក៏​បាន​បន្លឺ​ឡើង ស្របពេល​ដែល​ Manny សន្លប់​បាត់​មាត់​ឈឺង​​ទៅ​ហើយ។

មិន​ធ្លាប់​ឃើញ​ស្ថានភាព​ប្ដី​ពី​មុន​បែប​នេះ អ្នក​ស្រី Jinkee Pacquiao ដែល​ជា​ប្រពន្ធ​របស់ Pacquiao បាន​ស្រែក​យំ​​នៅ​ក្រោម​សង្វៀន​យ៉ាង​ខ្លាំង។ វា​ជា​ការ​សងសឹក​បាន​សម្រេច​សម្រាប់ Marquez ហើយ​ក៏​ជា​រឿង​អាម៉ាស់​ចំពោះ Pacquiao ដែល​ចាញ់់​២​ប្រកួត​ជាប់​គ្នា ពោល​ប្រកួត​មុន​គេ​ទើប​តែ​បរាជ័យ​ដោយ​សារ​តែ Timothy Bradley៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់