• 2020-05-12 14:25:39
  • ប្រវត្តិ​​

Man City ធ្លាប់​មាន​កីឡាករ ដែល​ជា​អតីត​​យោធា​ Nazi អាល្លឺម៉ង់

  • 2020-05-12 14:25:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Manchester City ក៏​មាន​ប្រវត្តិ​យូរ​ក្រាស់ក្រែល​ដែរ​ក្នុង​បាល់ទាត់​អង់គ្លេស។ ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​ទាំង​នោះ ក្លឹប​ក៏​ធ្លាប់​នាំ​ចូល​កីឡាករ​ ដែល​ជា​អតីត​យុទ្ធជន​របស់​កង​ឆត្រយោង​របស់​ Nazi អាល្លឺម៉ង់​ទៀត​ផង។ កីឡាករ​នោះ​គឺ អ្នក​ចាំ​ទី Bert Trautmann។

កើត​នៅ​ឆ្នាំ១៩២៣ លោក Trautmann ធ្លាប់​ជា​យុវជន​អ៊ីទ្លែរ មុន​នឹង​បម្រើ​ការ​ក្នុង​កង​ឆត្រយោង​ Nazi។ លោក​បាន​ប្រឡូក​ក្នុង​សមរភូមិ​ដំបូង​នៅ​ឆ្នាំ១៩៤១ ដោយ​បាន​ចូល​ក្នុង​សមរភូមិ​ប៉ូឡូញ លុះ​ក្រោយ​មក​ចូល​រួម​ក្នុង​សមរភូមិ​សូវៀត​។ នៅ​ពេល​ដែល​ក្រុម​ Nazi ជិត​ចាញ់ Trautmann ត្រូវ​បាន​ទាហាន​បរទេស​ចាប់​បាន​ជា​ច្រើន​ដង ហើយ​ចុង​ក្រោយ​ទាហាន​អង់គ្លេស​ចាប់​លោក ហើយ​បញ្ជូន​ទៅ​ជំរំ​អ្នក​ទោស​សង្គ្រាម។

លោក​ Trautmann បាន​លេង​បាល់ទាត់​ជា​ច្រើន​ប្រកួត​ក្នុង​ជំរំ​អ្នក​ទោស​សង្គ្រាម។ តាម​ពិត​ដំបូង​លោក​មិនមែន​ជា​អ្នក​ចាំ​ទី​ទេ តែ​ពេល​លោក​របួស​ លោក​ក៏​ចាំ​ទី​ជំនួស ក៏​ធ្វើ​ឲ្យ​លោក​ល្បី​ខាង​ចាំ​ទី​តែ​ម្ដង។

លោក​លេង​ក្នុង​លីគ​មិន​អាជីព​នៅ​ពេល​ដំបូង​ៗ លុះ​នៅ​ឆ្នាំ១៩៤៩ Manchester City បាន​នាំ​លោក​ចូល។ កាល​នៅ​ក្លឹប​អង់គ្លេស​នេះ លោក​ត្រូវ​បាន​ជនជាតិ​អង់គ្លេស​ប្រតិកម្ម​ណាស់​ដែរ តែ​លោក​នៅ​តែ​ស៊ូ​ទ្រាំ​បាន។ ​លោក​​លេង​បាន ៥៤៥ប្រកួត​ក្នុង​រយៈពេល​ជាង ១៥ឆ្នាំ នៅ​ City ដោយ​លោក​បាន​ចេញ​ពី​ក្លឹប​នៅ​ឆ្នាំ១៩៦៣។ លោក​បាន​លេង​បន្តិច​បន្តួច​ក្រោយ​ចេញ​ពី Man City។

ដោយសារ​តែ​បញ្ហា​នយោបាយ លោក​មិន​អាច​លេង​តំណាង​អាល្លឺម៉ង់​បាន​ទេ។ លោក​បាន​ចេញ​ទៅ​ដឹកនាំ​ក្លឹប​ដែរ តែ​របៀប​ថា​ជា​បង្ហាត់​បង្រៀន​ក្បួន​បច្ចេកទេស​ច្រើន​ជាង។

ទោះ​ជា​លោក​មិន​អាច​លេង​តំណាង​អាល្លឺម៉ង់ លោក​ទទួល​បាន​មេដាយ​អាល្លឺម៉ង់​ថ្នាក់​សហព័ន្ធ និង​មេដាយ​ចក្រភពអង់គ្លេស​ថ្នាក់​ទី ៤ ចំពោះ​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​អង់គ្លេស​ និង​អាល្លឺម៉ង់​តាម​រយៈ​វិស័យ​បាល់ទាត់​។

លោក Trautmann និង​ម្ចាស់​ក្សត្រី Elizabeth II

លោក​បាន​ទទួល​មរណភាព​កាល​ពី​ឆ្នាំ២០១៣ ដោយសារ​តែ​បញ្ហា​បេះដូង។ ខ្សែ​ជីវិត​របស់​លោក​មួយ​ចំនួន​ ត្រូវ​បាន​គេ​យក​ថត​កុន​ក្នុង​រឿង The Keeper ២០១៨៕

ប្រភព៖ 90min ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់