• 2020-04-10 03:19:00
  • បាល់ទាត់

Sterling ជា​កីឡាករ PL ទី​មួយ​​នឹងធ្លាក់​​តម្លៃ​ខ្លួន​ធ្ងន់ធ្ងរ​បំផុត​រដូវ​កាល​នេះ

  • 2020-04-10 03:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Raheem Sterling នឹង​ក្លាយ​ជា​កីឡាករ​លេង​នៅ Premior League ដំបូង​គេ ដែល​មាន​​តម្លៃ​ខ្លួន​ធ្លាក់​ចុះ​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​រដូវ​កាល​នេះ ដ្បិត​​អង់គ្លេស​​គ្មាន​សកម្មភាព​បាល់​ទាត់ ព្រោះតែការ​វាយ​លុក​ពីជំងឺ Covid-19។

បច្ចុប្បន្ន​តម្លៃ​ខ្លួន​​សរុប​របស់​ខ្សែ​ប្រយុទ្ធ​ស្លាប Sterling មាន ១១៥​លាន​ផោននឹង​ធ្លាក់​ចុះ ២៩​លាន​ផោន សល់​ត្រឹម​ ៨៦​លាន​ផោន​ប៉ុណ្ណោះ។

ប្រិយមិត្ត​ដឹង​ហើយ Manchester City ​ជា​ក្រុម​មួយ​សំបូរ​កីឡាករ​ល្អៗ សូម្បី​បេក្ខភាពបម្រុង​​​ឃើញ​ហើយក៏​ញាក់​សាច់ ដូច្នេះ​ក្លឹប​មេឃ​ខៀវ​នេះនឹង​រង​គ្រោះ​ធ្ងន់ដែរ ពោល​គឺ​តម្លៃ​កីឡាករ​សរុប​ក្នុង​ឆ្នាំ​នេះ​មានចំនួន ៩១៧លានផោននឹងធ្លាក់ចុះ ២២៤លានផោន។

បើងាក​មក​មើល​ខ្សែ​បម្រើ​​ឡើង​ជើង​ខ្លាំង Kevin de Bruyne វិញ​ក៏​ដូច​គ្នា ដោយ​កីឡាករ​សញ្ជាតិ​បែលហ្សិក​សព្វថ្ងៃ​មាន​តម្លៃ​ខ្លួន​សរុប ១០៨លាន​ផោននឹង​ធ្លាក់​ចុះ​ ២៧​លាន​ផោន សល់​ត្រឹម ៨១​លាន​ផោន​ប៉ុណ្ណោះ។

ចំណាត់​ថ្នាក់​លេខ ៣ លេខ ៤ និង​លេខ ៥ បាន​លើ Harry Kane ​កីឡាករ Spurs ​កីឡាករ Mohamed Salah និង Sadio Mane របស់​ក្រុម​ហង្ស​ក្រហម Liverpool។ ខ្សែ​ប្រយុទ្ធ​​ទាំង​បី​មាន​តម្លៃ​ខ្លួន ១០៨​លាន​ផោន​ដូច Kevin de Bruyne ដែរ។

ចំណែក Trent Alexander-Arnold​ ខ្សែ​ការពារ Liperpool មាន​តម្លៃ​ខ្លួន ៨៩​​លាន​ផោននឹងធ្លាក់​ចុះ ១០​លាន​ផោន សល់​ត្រឹម​ ៧៩​លាន​។ កីឡាករ N’Golo Kante, Virgil van Dijk, Bernardo Silva, Leroy Sane និង Paul Pogba បច្ចុប្បន្ន​មាន​តម្លៃ​ខ្លួន ៧២​លាន​ផោននឹងធ្លាក់​ចុះ ១៨​លាន​ផោន សល់​ត្រឹម​តែ ៥៤​លាន​ផោន​ប៉ុណ្ណោះ។ ​​

លីគអង់គ្លេសគ្មានការប្រកួតបាល់ទាត់ ព្រោះ​តែ​វិបត្តិ Covid-19 ដូច្នេះបើ​តាម​ការ​វាយ​តម្លៃ​របស់​គេហទំព័រ Transfermarkt តម្លៃ​ខ្លួន​កីឡាករទាំង​អស់​​សរុប​នៅ Premier League នឹង​ធ្លាក់​ចុះ ១,៦​ពាន់​លាន​ផោន ហើយ​បើ​គិត​ពី​ League ទាំង​អស់​លើ​ពិភព​លោក​វិញនឹង​ធ្លាក់​ចុះ ៩​ពាន់​លាន​ផោន។

គួរ​បញ្ជាក់ផងដែរ​ថា ការ​វាយ​តម្លៃ​នៃ​ការ​ធ្លាក់​ចុះ​នេះ ត្រូវ​បាន​ Transfermarkt ធ្វើ​ឡើង​ដោយ​​គិត​លើ​កត្តា​ជា​ច្រើន​​រួម​មាន គិត​លើ​អាយុ​កីឡាករ រយៈពេល​​​កុងត្រា និង​តម្លៃ​ផ្ទេរ​កីឡាករ​កាល​​ពី​រដូវ​កាល​មុន។

បើនិយាយ​ពី​អាយុ បើកីឡាករ​ណា​កើត​មុន​ឆ្នាំ​ ១៩៩៨ នឹង​ខាត​អស់ ២០% ចំណែកកីឡាករ​កើត​ឆ្នាំ ១៩៩៨ នឹងខាតអស់ ១០%។ នេះដោយសារតែ​តម្លៃ​កីឡាករ​អាយុ ២២​ឆ្នាំឬ​ក្មេង​ជាង​នេះ មាន​ច្រើន​ជាង​កីឡាករ​ចាស់ៗ ដូច្នេះ​ហើយ​ក្រុម​ណា​មាន​កីឡាករ​ល្អ​ច្រើន អាយុ​លើស​២២​ឆ្នាំ ក្រុម​នោះ​នឹង​​ខាត​បង់​ធ្ងន់ធ្ងរ៕

ប្រភព៖ BBC ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់