• 2020-02-25 03:56:33
  • បាល់ទាត់

Bali United ថា​នេះ​ជា​ចំណុច​​ខ្លាំង​ របស់​ព្រះខ័នរាជ​ស្វាយរៀង

  • 2020-02-25 03:56:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះខ័នរាជ​ស្វាយរៀង ជា​ក្រុម​ល្អ​មួយ​នៅ​លីគ​កំពូល​កម្ពុជា ហើយ​ចំណុច​ខ្លាំង​របស់​​​ជា​ក្លឹប​​មួយនេះ គឺ​សំបូរ​ធនធាន​កីឡាករ​បរទេស​ល្អៗ​​មក​ពី​អាហ្វ្រិក និង​ជប៉ុន។ នេះ​បើ​​តាម​ការ​ឱ្យ​ដឹង​​របស់​គ្រូ​បង្វឹក Bali United លោក Eko Purjianto ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​។

លោក Eko Purjianto គ្រូ​បង្វឹក Bali United (ឆ្វេង) និងគ្រូព្រះខ័នរាជស្វាយរៀង (ស្ដាំ)

លោក Eko Purjianto បាន​បន្ត​ថា ៖«ខ្ញុំ​បាន​មើល​ការប្រកួត​លីគ​កម្ពុជា​របស់​ស្វាយរៀង កាល​ពី​សប្ដាហ៍​មុន​១​ទៀត ស្វាយ​រៀង​ឈ្នះ​គូប្រកួត ៥-១។ ស្វាយ​រៀង​សំបូរ​កីឡាករ​ល្អ​ៗ ដូចជា​កីឡាករ​អាហ្រ្វិក Privat និង​កីឡាករ​ជប៉ុន តែ​អ្វី​ដែល​ខ្ញុំ​ធ្វើ​បាន​គឺ​​រៀប​ចំ​ឱ្យ​បាន​ល្អ និង​ខំប្រឹង​លេង​នៅ​ថ្ងៃ​ស្អែក​នេះ»។

កីឡាករ​បរទេស​មក​ពី​អាហ្វ្រិក​ដែល​ Eko Purjianto ​ចង់​សំដៅ​លើ​​នោះ​គឺ Befolo Privat Mbarga និង​កីឡាករ​ជប៉ុន Daisuke Kobayashi​។ Daisuke និង Privat រួម​ចំណែក​​ជួយ​ឲ្យ​​ក្លឹបព្រះខ័នរាជស្វាយរៀង ឈ្នះ​ជើង​ឯក​លី​គ​កំពូល​កម្ពុជា​ឆ្នាំ ២០១៩។

ក្រៅពីនេះអ្វី​ធ្វើ​ឱ្យ​លោក Eko Purjianto រួមទាំងកីឡាករ​ប្លែក​អារម្មណ៍ ​និងជាក្ដី​កង្វល់​ គឺ​ទីលាន​ប្រកួត​ ដ្បិត​ពហុកីឡាដ្ឋាន​ជាតិ​ប្រើ​ស្មៅ​សិប្បនិម្មិត ខណៈ​ក្រុម Bali United លេង​តែ​លើ​ស្មៅ​ធម្មជាតិ​។ ប៉ុន្តែ​នៅ​កោះ Bali ក្រុម​របស់​លោក​ ក៏​បាន​ហ្វឹងហាត់​លើ​ស្មៅសិប្បនិម្មិតបាន២ថ្ងៃ​ដែរ ​មុន​ហោះ​មក​ប្រទេស​កម្ពុជា។

ទោះបីជា​យ៉ាងណា​គ្រូ​បង្វឹក​ក្លឹប Bali United នៅ​តែ​មាន​ទំនុក​ចិត្ត​​ខ្ពស់ យក​ឈ្នះ​ជើងឯក​រង Hun Sen Cup ឆ្នាំ២០១៩ ដើម្បី​ទទួល​បាន​៣​ពិន្ទុ​ឡើង​ទៅ​វគ្គ​បន្ត ព្រោះ​អី​កីឡាករ​ទាំង​២០​នាក់​របស់​លោក សុទ្ធ​តែ​មាន​លក្ខខណ្ឌ​ល្អ ពុំ​មាន​របួស​ឡើយ។ ​

ចំណែក​​លោក Conor Nestor គ្រូបង្វឹក​ក្លឹប​បាល់​ទាត់​ព្រះខ័នរាជស្វាយរៀង ក៏បាន​បង្ហាញ​អារម្មណ៍រីករាយ ក្នុង​ការ​ប្រកួត​ជម្រុះ AFC Cup ជាមួយ Bali នៅ​ពហុកីឡដ្ឋាន​ជាតិ វេលាម៉ោង៦ល្ងាចថ្ងៃនេះ។ លោក Conor និងកូនក្រុម បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ និង​ប្ដេជ្ញាធ្វើ​ឱ្យ​បាន​ល្អ​ជាង​ការ​ប្រកួត​ដំបូង។

ក្នុង​ការ​ប្រកួត​​សន្សំពិន្ទុក្នុងពូល ពានរង្វាន់ AFC Cup 2020 ក្រុម Bali United របស់​ឥណ្ឌូណេស៊ី បាន​​យក​ឈ្នះ​ក្រុម​លីគ​កំពូល​វៀតណាម Than Quang Ninh ៤-១ មាន​៣​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​២ ប្រចាំ​ពូល G ខណៈ​ក្រុម​តំណាង​កម្ពុជា​ព្រះខ័នរាជស្វាយរៀង នៅ​បាត​តារាង​មាន​ ០​ពិន្ទុ ក្រោយ​ចាញ់ក្រោមថ្វីជើង​ក្លឹប​កំពូល​តារាងហ្វីលីពីន Ceres-Negros FC ៤-០៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់