• 2019-09-03 07:52:35
  • ប្រដាល់

ថា​ ហ៊ឹម​ គឹមរៀង​ ល្អ​ទៅ​ហើយ​ ប៉ុន្តែ​កីឡាករ​ថៃ​វិញ​ទ្រាំ​ឈឺ​មិនខ្ចីចុះចាញ់

  • 2019-09-03 07:52:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​ និង​ជា​កីឡាករ​ថ្នាល​របស់​កម្ពុជា​ ហ៊ឹម​ គឹមរៀង​ ប្រើ​ស្នៀត​ប្រយុទ្ធ​ល្អ​មែនទែន​ បុក​កីឡាករ​ថៃ​ពេញ​៥ទឹក​ ប៉ុន្តែ​នៅ​តែ​មិន​អាច​ឈ្នះ​សន្លប់​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នៅ​សង្វៀន​ TV5។​

ហ៊ឹម គឹមរៀង(ក្រហម) កីឡាករថៃ(ខៀវ)

ប្អូន​ប្រុស​របស់​ ហ៊ឹម​ សេរី​ ខាង​លើ​នេះ​បង្ហាញ​ទម្រង់​វ៉ៃ​ល្អ​ហើយ​ខ្លាំង​តែ​ម្ដង​ ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ TV5​ ជា​មួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​ពី​ប្រទេស​ថៃ។​ ចាប់​តាំង​ពី​ទឹកទី១​ទៅ​ គឹមរៀង​ មិន​បាន​បណ្ដោយ​ឲ្យ​នាទី​អស់​ទៅ​ដោយ​អត់​ប្រយោជន៍​នោះ​ឡើយ​ ពោល​ដេញ​វ៉ៃ​ថៃ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។​

ហ៊ឹម គឹមរៀង(ក្រហម) កីឡាករថៃ(ខៀវ)

កីឡាករ​ថ្នាល​ខាង​លើ​នេះ​ គឺ​ល្អ​គ្រប់​ស្នៀត​តែ​ម្ដង​ កណ្ដាប់​ដៃ​ចេញ​លឿន​ ទាត់​ក៏​ធ្ងន់​ ជង្គង់​ក៏​បាន​ ចំណែកកែង​បុក​ និង​កែង​បត់​សុទ្ធតែ​អាច​ចេញ​បាន​យ៉ាង​ស្ទាត់​ជំនាញ។​ បើ​ទោះ​ជា​អ្នក​លេង​គុន​ខ្មែរ​វ័យ​ក្មេង​រូប​នេះ​ សម្រុក​ខ្លាំង​យ៉ាង​ក៏​ដោយ​ ប៉ុន្តែ​កីឡាករ​ថៃ​ Ploy ​Deng​ នៅ​តែ​ខំប្រឹង​ទប់​ជំហរ​ហើយ​ព្យាយាម​ចេញ​ស្នៀត​តបត​វិញ​ផង​ដែរ​ ខណៈ​ជើង​ក្រោម​របស់​គេ​ចាប់​ផ្ដើម​ឈឺ​តាំង​ពី​ទឹក​ទី១​មក​ម្ល៉េះ។​ ការ​សម្រុក​របស់​ ហ៊ឹម​ គឹមរៀង​ គឺ​បាន​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​រាប់​ទៅ​លើ​កីឡាករ​ថៃ​១ដង​នៅ​ចុង​ទឹក​ទី៥​ផង​ដែរ។​

ហ៊ឹម គឹមរៀង(ក្រហម) កីឡាករថៃ(ខៀវ)

រំលឹក​ដែរ​ថា​ ការ​ប្រកួត​រវាង​ ហ៊ឹម​ គឹមរៀង​ និង​កីឡាករ​ថៃ​ Ploy Deng​ នេះ​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ TV5​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៨​ ខែ​សីហា​ ឆ្នាំ​២០១៩។​ ចំពោះ​លទ្ធផល​វិញ​នោះ​ គឺ​អ្នក​លេង​គុន​ខ្មែរ​ខាង​លើ​នេះ​ឈ្នះ​ពិន្ទុ​លើ​កីឡាករ​ថៃ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់